ក្រោយអង្វរតាមហ្វេសប៊ុកឱ្យគេជួយ ឥឡូវប៉ូលិសជប៉ុនសង្គ្រោះស្ត្រីកម្ពុជាច្រើននាក់ដែលពួកជួញដូរមនុស្សល្បួងឱ្យធ្វើស្រីខូច

យោងតាម​ប្រភព Daily Mail បានឱ្យ​ថា ប៉ូលិស​ជប៉ុន​និយាយ​នៅ​ថ្ងៃ​ចន្ទ​​នេះ​ថា ពួកគេ​បាន​ចាប់ខ្លួន​មនុស្ស​បីនាក់​ក្នុងករណី​ជួញដូរ​ផ្លូវភេទ ដែល​ពាក់ព័ន្ធ​ស្ត្រី​កម្ពុជា និងរកឃើញ​ស្ត្រី​ថៃ ១០នាក់​ទៀត ដែល​អាចជា​ជនរងគ្រោះ​នៃអំពើ​ជួញដូរ​ផ្លូវភេទ​នានេះដែរ​។​

បុរស​ជប៉ុន​ពីរ​នាក់ និង​ស្ត្រី​ថៃ​ម្នាក់​ត្រូវបាន​ឃុំខ្លួន បន្ទាប់ពី​រង​ការចោទប្រកាន់​ដោយបាន​បង្ខំ​ស្ត្រី​កម្ពុជា ៧នាក់ អាយុ​ខ្ទង់ ២០ ទៅ ៣៦ឆ្នាំ ចូលទៅក្នុងអំពើពេស្យាចារ​នេះ។

ស្ត្រី​ទាំងនេះ​ត្រូវបាន​សង្គ្រោះ​ពី​ភោជនីយដ្ឋាន​មួយ ​ក្នុង​ខេត្ត​គុន​ម៉ា ភាគ​ពាយ័ព្យ​ទីក្រុង​តូ​ក្យូ​កាលពី​ខែ​មុន បន្ទាប់ពី​ជនរងគ្រោះ​ម្នាក់​បាន​អង្វរ​សុំឱ្យ​ជួយ​តាម​ហ្វេ​ស​ប៊ុ​ក​ទាំងអស់​សង្ឃឹម​។​

​ប៉ូលិស​បាន​ឆ្មក់​ចូល​ភោជនីយដ្ឋាន និង​ផ្ទះ​របស់​ជនសង្ស័យ កន្លែង​ដែល​ពួកគេ​រកឃើញ​ស្ត្រី ១០នាក់​ទៀត​មកពី​ថៃ អាយុ​ចន្លោះ ២១ ទៅ ៣៤ឆ្នាំ​។​

ស្ត្រី​ថៃ​ជាច្រើន​ត្រូវបាន​ឃុំខ្លួន​ដោយសារ ការរំលោភ​ទិដ្ឋាការ​។ នេះ​បើតាម​សម្តី​អ្នកនាំពាក្យ​ប៉ូលិស ដែល​និយាយ​ក្នុង​សេចក្តីប្រកាស​លើកទីមួយ​អំពី​ការចាប់ខ្លួន​មនុស្ស​ទាំងបី​នាក់​។

​​អ្នកនាំពាក្យ​នោះបាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន​បារាំង​ថា “​ប៉ុន្តែ​នៅពេលណា​ដែល​ពួកគេ​ត្រូវបាន​កំណត់ថា​ជា​ជនរងគ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស ពួកគេ​នឹងត្រូវ​ដោះលែង​ភ្លាម​”​។

​ជប៉ុន​ជា​គោលដៅ​ទាក់ទាញ​ជា​យូរ​មកហើយ​សម្រាប់​ស្ត្រី​អាស៊ីអាគ្នេយ ដែល​ស្វែងរក​ប្រាក់​ឈ្នួល​ខ្ពស់ តែ​បានឃើញ​ខ្លួនឯង​ត្រូវគេ​បង្ខំ​រកស៊ី​ផ្លូវភេទ ឬ ធ្វើ​ការប្រើ​កម្លាំង​ជាប់កិច្ចសន្យា ដោយ​គ្មាន​ប្រាក់ខែ​។​

​ស្ត្រី​កម្ពុជា​ទាំង ៧ នាក់​ត្រូវបាន​អូសទាញ​ឱ្យមក​ធ្វើការ​នៅ​ភោជនីយដ្ឋាន​ជប៉ុន​កាលពី​ខែវិច្ឆិកា ជាមួយ​ការសន្យា​ផ្តល់ប្រាក់​បៀរ​វត្សរ៍​ខ្ពស់​ដោយ​ម្ចាស់​ជនជាតិ​ជប៉ុន ដែ​ល​រៀបចំ​ទិដ្ឋាការ និង ថ្លៃ​ហោះហើរ​សម្រាប់​ពួកគេ​។ នេះ​បើ​យោងតាម​ក្រសួងការបរទេស​កម្ពុជា​។

​ជនរងគ្រោះ​បាន​ប្រាប់​ប៉ូលិស​ថា ពួកគេ​ត្រូវបាន​សន្យា​ផ្តល់ប្រាក់​បៀរ​វត្សរ៍ ៣.០០០ ក្នុង​មួយខែ ប៉ុន្តែ​ក្រោយមក​ត្រូវបាន​បង្ខំ​ឱ្យ​បម្រើការ​ខាង​ផ្លូវភេទ​៕

ប្រភព៖ បរទេស


រូបភាព


ប៉ូលីសបានជួយសង្គ្រោះជនរងគ្រោះ 49នាក់ ពីការជួញដូរមនុស្សនៅឆ្នាំ 2015 ក្នុងប្រទេសជប៉ុន
នេះបើយោងតាមតួលេខដែលអាចរកបានថ្មីបំផុត© TOSHIFUMI KITAMURA (AFP / ឯកសារ)

Loading...