ធ្វើ​ដូច​ម្ដេច​ទើប​អាច​បំភ្លេច​មនុស្ស​ម្នាក់ ដែល​អ្នក​ធ្លាប់​ស្រឡាញ់​អស់​ពី​បេះដូង?

សេចក្ដី​ស្នេហា គឺ​កើត​ឡើង​រវាង​ចិត្ត និង​ចិត្ត ហើយក៏មិនមែនមានចំពោះតែយុវវ័យដែរ។ វា​អាច​នឹង​រង​គ្រោះ​គ្រប់​ពេល និង​គ្រប់​ភាគី ដែល​បាន​សាង​វា​ឡើង។ បើ​សិន​ជា​យើងបាន​បែក​បាក់​ពី បុរស ឬ​នារី​ម្នាក់ ដែល​យើង​ធ្លាប់​ស្រឡាញ់ យើង​ច្បាស់​ជា​ចង់​លុប​រូប​គេ​ចេញ​ពី​បេះ​ដូង​មិន​ខាន។ តើ​វា​ជា​ការ​ងាយ​ស្រួល​មែន​ទេ ដែល​បំភ្លេច​មនុស្ស​ម្នាក់ ដែល​យើង​ធ្លាប់​ស្រឡាញ់​អស់​ពី​បេះ​ដូង?

មិន​មែន​ជា​ការ​ងាយ​ស្រួល​ឡើយ។ គ្រប់​ពេល​យើង​តែង​តែ​រំលឹក​ខ្លួន​ឯង​ថា បំភ្លេច!!… បំភ្លេច!!!… តែ​ពាក្យ​បំភ្លេច​នេះ គ្រាន់​តែ​ចេញ​ពី​មាត់​ខាង​ក្រៅ​ប៉ុណ្ណោះ។ ពេល​ដែល​អ្នក​និយាយ​ពាក្យ​បំភ្លេច​គេ វា​ប្រៀប​ដូច​ជា​ការ​ហៅ​ឈ្មោះ​គេ ឲ្យ​កាន់​តែ​ចង​ចាំ​អញ្ចឹង។ តើ​មាន​វិធី​បែប​ណា ទើប​អាច​បំភ្លេច​គេ​បាន​ដូច​បំណង?

ថ្ងៃ​នេះយើងសូម​ធ្វើ​ការ​បង្ហាញ​ជូន​មិត្ត​អ្នក​អាន​ដែល​មាន​វិបត្តិ ចង់​បំភ្លេច​មនុស្ស​ម្នាក់ ដែល​បាន​ឆ្លាក់​ឈ្មោះ​របស់​គេ នៅ​លើ​បេះ​ដូង​របស់​យើង នូវ​វិធី​ងាយៗ​​មួយ​ចំនួន​ដូច​ខាង​ក្រោម​នេះ ហើយ​ក៏​សង្ឃឹម​ថា​នឹង​អាច​ជួយ​ដល់​អ្នក​បាន​មួយ​កម្រិត​ផង​ដែរ។

– បន្ទាប់​ពី​អ្នក​បាន​បែក​បាក់​ពី​មនុស្ស​ម្នាក់ នោះ​អ្នក​នឹង​មាន​ពេល​វេលា​ទំនេរ​ច្រើន​ជា​មិន​ខាន។ ពេល​វេលា​ទាំង​អស់​នេះ អាច​ផ្ដល់​ទាំង​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ផង​ដែរ។ វា​អាច​ផ្ដល់​គុណ​សម្បត្តិ​ដល់​អ្នក​ ប្រសិន​បើ​អ្នក​ចេះ​ប្រើប្រាស់​ពេល​វេលា​ទាំង​នោះ។ តែ​ផ្ទុយ​មក​វិញ បើ​សិន​ជា​អ្នក​មិន​ចេះ​ប្រើ​ប្រាស់​វា​ទេ​ វា​នឹង​ក្លាយ​ទៅ​ជា​គុណ​វិបត្តិ​ដ៏​ធ្ងន់​ធ្ងរ​ទៅ​វិញ។ បើ​អ្នក​យក​ពេល​វេលា​ទាំង​នោះ​ទៅ​សម្រក់​ទឹក​ភ្នែក ឬ​ដេក​យំ​សោក​ស្ដាយ​នោះ វា​រឹត​តែ​ធ្វើ​ឲ្យ​អ្នក​កាន់​តែ​ណែន​ដើម​ទ្រូង​ទៅ​វិញ​ទេ។ អ្នក​ត្រូវ​តែ​ក្រោក​ឈរ ហើយ​យក​ពេល​វេលា​ទាំង​នោះ​ទៅ​ធ្វើ​កិច្ច​ការ​ដែល​មាន​ប្រយោជន៍ មិន​ថា​ជា​ប្រយោជន៍​សម្រាប់​ការ​សិក្សា ឬ​សម្រាប់​សង្គម​គ្រួសារ​ទេ។ ធ្វើ​បែប​នេះ នឹង​ជួយ​ឲ្យ​អ្នក​កាន់​តែ​ក្លាយ​ជា​មនុស្ស​រឹង​មាំ។ ចំណែក​ឯការ​មមាញឹក (រវល់) នឹង​ធ្វើ​ឲ្យ​យើង​លែង​គិត​ដល់​រឿង​ខូច​ចិត្ត​ទាំង​ឡាយ​ផង​ដែរ។

– បើក​ចិត្ត​ឲ្យ​ទូលាយ ដើម្បី​ទទួល​មនុស្ស​ថ្មី។ មនុស្ស​ល្អ​នៅ​លើ​លោក​នេះ​មាន​មិន​ខ្វះ​ឡើយ។ អ្នក​មិន​ត្រូវ​ប្រកាន់​នូវ​ទស្សនៈ​មួយ​ថា “ខ្ញុំ​មិន​អាច​គ្មាន​មនុស្ស​ម្នាក់​នោះ​ទេ ក្នុង​មួយ​ជីវិត​នេះ”។ បើ​អ្នក​អាច​លះ​បង់​ចោល​នូវ​ទស្សនៈ​នេះ​បាន ហើយ​ធ្វើ​ការ​កសាង​ស្នេហា​របស់​អ្នក​ជា​ថ្មី អ្នក​នឹង​អាច​បំភ្លេច​មនុស្ស​ម្នាក់​មុន​បាន​យ៉ាង​ឆាប់​រហ័ស​ជា​មិន​ខាន។

– ធ្វើ​ការ​សមាធិ និង​ពិចារណា​ក្នុង​ពេល​វេលា​ណា​មួយ​ដែល​អំណោយ​ផល។ ការ​ធ្វើ​បែប​នេះ នឹង​អាច​ជួយ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ដំណើរ​ការ​កាន់​តែ​ល្អ។ មាន​វិធី​សមាធិ​ជា​ច្រើន​ដែល​អ្នក​អាច​យក​មក​អនុវត្ត​បាន។ ជា​មូល​ដ្ឋាន អ្នក​អាច អង្គុយ និង​ដក​ដង្ហើម​ដោយ​រាប​ស្មើ ហើយ​ធ្វើ​ការ​ផ្ដោត​អារម្មណ៍​ទៅ​លើ រាង​កាយ​ផ្ទាល់​ខ្លួន​របស់​អ្នក។

– អ្នក​អាច​ធ្វើ​ការ​ផ្លាស់​ប្ដូរ​នូវ​អនុស្សាវរីយ៍​ចាស់ៗ​របស់​អ្នក។ អ្នក​មិន​អាច​ទៅ​រក​កន្លែង​ចាស់ៗ​ដែល​អ្នក​ធ្លាប់​សាង​ស្នេហ៍ ឬ​ក៏​ជា​កន្លែង​ណា​មួយ​ដែល​ធ្វើ​ឲ្យ​អ្នក​ឈឺ​ចាប់​នោះ​ឡើយ។ ការ​ផ្លាស់​ប្ដូរ​ទាំង​អស់​នោះ​មាន​ដូច​ជា​ ទេសភាព​ថ្មី, ការ​ស្ដាប់​សម្លេង ឬ​ចម្រៀង​ថ្មី និង​អ្វី​ផ្សេងៗ​ទៀត​ជា​ច្រើន ដែល​មិន​ជម្រុញ​ដល់​ការ​ឈឺ​ចាប់ ឬ​ការ​ក្រោក​ឡើង​នៃ​អារម្មណ៍​នឹក​មនុស្ស​ម្នាក់​នោះ។

វិធី​​ខាង​លើ​នេះ​នឹង​អាច​ជួយ​អ្នក​បាន​ខ្លះៗ​ជា​មិន​ខាន​ឡើយ។ សូម​អនុវត្ត​វា បើ​សិន​ជា​លោក​អ្នក​បាន​សម្រេច​ចិត្ត​ថា នឹង​លុប​នរណា​ម្នាក់​ចេញ​ពី​បេះ​ដូង៕


ធ្វើ​ដូច​ម្ដេច​ទើប​អាច​បំភ្លេច​មនុស្ស​ម្នាក់ ដែល​អ្នក​ធ្លាប់​ស្រឡាញ់​អស់​ពី​បេះដូង?


ធ្វើ​ដូច​ម្ដេច​ទើប​អាច​បំភ្លេច​មនុស្ស​ម្នាក់ ដែល​អ្នក​ធ្លាប់​ស្រឡាញ់​អស់​ពី​បេះដូង?


ធ្វើ​ដូច​ម្ដេច​ទើប​អាច​បំភ្លេច​មនុស្ស​ម្នាក់ ដែល​អ្នក​ធ្លាប់​ស្រឡាញ់​អស់​ពី​បេះដូង?


ធ្វើ​ដូច​ម្ដេច​ទើប​អាច​បំភ្លេច​មនុស្ស​ម្នាក់ ដែល​អ្នក​ធ្លាប់​ស្រឡាញ់​អស់​ពី​បេះដូង?

Comments
Loading...