ផ្ទុះការតវ៉ានៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទាមទារអោយមានយុត្តិធម៌ចំពោះលោក ឌិន ពុទ្ធី ដែលត្រូវតុលាការឃុំខ្លួន រឿងបើករថយន្តបុកមន្ត្រីអន្តរប្រវេសន៍ច្រកទ្វារប៉ោយប៉ែត (មានវីដេអូ)

ក្រុងប៉ោយប៉ែត ៖ នៅវេលាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦នេះ ក្រុមប្រជាពលរដ្ឋ ភាគច្រើនជាកម្មករអូសរទេះ បានប្រមូលផ្តុំគ្នាធ្វើការតវ៉ានៅចំណុចច្រកទ្វារអន្តរជាតិប៉ោយប៉ែត ទាមទារអោយតុលាការធ្វើយ៉ាងណាត្រូវអនុវត្តច្បាប់ដោយយុត្តិធម៌ ចំពោះលោកឌិន ពុទ្ធី ពាក់ព័ន្ធនឹងករណីបើករថយន្តបុក លោកនាយរងប៉ុស្តិ៍ច្រកទ្វារ ឈាង ពិសិដ្ឋ អោយរងរបួសធ្ងន់ ។

ការតវ៉ាទាមទារអោយមានយុត្តិធម៌នេះ ធ្វើឡើងបន្ទាប់ពីតុលាការសាលាដំបូងខេត្តបន្ទាយមានជ័យ សម្រេចចេញដីការឃុំខ្លួនលោកឌិន ពុទ្ធី ដាក់ពន្ធនាគារបណ្តោះអាសន្ន រងចាំបើកការស៊ើបអង្គេតបន្ថែមនៅពេលក្រោយ ក្រោមបទចោទប្រកាន់ ” ហិង្សារដោយចេតនា ” មានស្ថានទម្ងន់ទោស ” តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌមពាក់ព័ន្ធករណីបើលរថយន្តបុក បុកលោកឈាង ពិសិដ្ឋ ជានាយរងប៉ុស្តិ៍ច្រកទ្វារប៉ោយប៉ែត បណ្តាលអោយរងរបួសធ្ងន់ ហើយបច្ចុប្បន្ននាយរងប៉ុស្តិ៍ច្រកទ្វាររូបនេះកំពុងសម្រាកព្យាលបាលជម្ងឺនៅប្រទេសថៃ ។

សូមបញ្ជាក់ថា នៅក្នុងការតវ៉ាទាមទាររកយុត្តិធម៌ជូនលោកឌិន ពុទ្ធី ពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅពេលនេះ គេសង្គេយឃើញមានកម្លាំងសមត្ថកិច្ចចម្រុះជាច្រើននាក់ មានអាវុធហត្ថ និងនគរបាលឈរជាក្បួន រារាំងក្រុមអ្នកតវ៉ាផងដែរ ប៉ុន្តែក្នុងនោះពុំមានការប៉ះទង្គិត បង្កជាហិង្សារវាងគ្នានឹងគ្នាឡើយ ។ គិតមកត្រឹមវេលាម៉ោង១១ ព្រឹកថ្ងៃខែដដែលនេះ ការតវ៉ាពុំត្រូវទាន់បានបញ្ចប់នៅឡើយទេ៕ ប្រភព៖ សម្លេងសហគមន៍ខ្មែរ


សូមទស្សនាវីដេអូ នៃការតវ៉ានៅមុខច្រកទ្វារអន្តរជាតិប៉ោយប៉ែត

ព័ត៌មានពាក់ព័ន្ធ៖ «តុលាការ​ចោទ​ប្រកាន់​ ម្ចាស់​ឡាន​ក្នុង​​រឿង​​ដែល​គេ​អះអាង​ថា​ មន្ត្រី​ប៉ូលិស​ម្នាក់​បាន​ធ្វើ​ពុត​ជា​ដួល​​សន្លប់​មុខ​ឡាន»

នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​លោក ឈាន ពិសិដ្ឋ ដែល​ត្រូវ​គេ​អះអាង​ថា​បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់​នៅ​មុខ​ឡាន​លោក ម៉ង់ ពុទ្ធិ។ រូបថត ហ្វេសប៊ុក
បន្ទាយមានជ័យៈ នៅ​​ទីបំផុត​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​បាន​​សម្រេច​ធ្វើការ​ចោទប្រកាន់​ និង​បញ្ជូន​​ប្រធាន​សមាគម​​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​លោក​ ម៉ង់ ពុទ្ធិ ដែល​​ក៏​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ផង​នោះ​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​ក្រោម​ការ​ចោទ​ប្រកាន់​ពី​បទ​ប៉ុនប៉ង​មនុស្ស​​ឃាត​ដោយ​ចេតនា​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បើ​ទោះពី​ជា​​មាន​វីដេអូឃ្លីប និង​សាក្សី​​ឃើញ​ផ្ទាល់​ភ្នែក​អះអាង​​ថា ​មន្ត្រី​ប៉ូលិស​ម្នាក់​ដែល​​ជា​ជនរងគ្រោះ​បាន​ធ្វើ​ពុត​ជា​ដួល​សន្លប់​​នៅ​​ពី​​មុខ​ឡាន​របស់​សកម្មជន​ដែល​​តែងតែ​សកម្ម​ក្នុង​ការ​ចេញ​មុខ​ជួយ​​ការពារ​កម្មករ​អូស​​រទេះ ​និង​អ្នក​រត់​ម៉ូតូឌុប​ដែល​តែង​ទទួល​​រង​ការ​រំលោភ​​បំពាន​​នៅ​​ក្រុង​ប៉ោយប៉ែត​ក៏ដោយ​។

មិន​​អាច​ទំនាក់ទំនង​​អ្នក​​នាំពាក្យ​​សាលា​ដំបូង​ខេត្ត​បន្ទាយមានជ័យ​ដើម្បី​សុំ​បញ្ជាក់​ពី​ព័ត៌មាន​នេះ​បាន​ទេ​កាលពី​ម្សិលមិញ​។​

ប៉ុន្តែ​ តាម​​​ប្រព័ន្ធ​ផ្សព្វផ្សាយ​​ក្នុង​ស្រុក​បាន​​ឲ្យ​ដឹង​ថា​លោក ម៉ង់ ពុទ្ធិ ត្រូវ​បាន​​តុលាការ​ធ្វើការ​ចោទប្រកាន់​ពី​បទ​​ប៉ុនប៉ង​មនុស្ស​ឃាត​ដោយ​ចេតនា និង​​​ត្រូវ​បាន​បញ្ជូន​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​ខេត្ត​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​ ខណៈ​ដែល​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​មាន​អ្នក​រត់​ម៉ូតូ​ឌុប​​ប្រមាណ​ ១០០ ​នាក់​បាន​នាំ​គ្នា​តវ៉ា​​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​រូប​នេះ​។

លោក​ ស៊ុំ ចាន់គា អ្នក​សម្របសម្រួល​សមាគម​អាដហុក​បាន​ឲ្យ​ដឹង​ថា​លោក ម៉ង ពុទ្ធិ​ ត្រូវ​បាន​​បញ្ចូន​​ទៅ​​កាន់​ពន្ធនាគារ​ក្រោយ​​ពី​ការ​ចោទប្រកាន់​ថា​បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​​ធ្វើ​​ឲ្យ​ប៉ូលិស​ម្នាក់​ដួល​សន្លប់​។

ក្នុង​​រយៈពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​មក​នេះ​អ្នក​ប្រើប្រាស់​បណ្តាញ​សង្គម​ Facebook បាន​បង្ហោះ​ និង​ចែកចាយ​​វិដេអូ​​ដែល​បង្ហាញ​ពី​ប៉ូលិស​ដែល​ធ្វើ​ពុធ​ជា​ដួល​សន្លប់​ដោយ​ខ្លួនឯង​នៅ​ពី​មុខ​​រថយន្ត​​ដែល​បើក​ក្នុង​ល្បឿន​យឺតៗ​ហើយ​​គេ​មើល​ពុំ​ឃើញ​​រថយន្ត​បើក​បំបុក​​ប៉ូលិស​រូប​នោះ​​ឡើយ។

អ្នក​បើក​​រថយន្ត​​ និង​​នៅ​ក្នុង​រថយន្ត​​នោះ​គឺ​លោក​ ម៉ង់ ពុទ្ធិ​ ប្រធាន​សមាគម​សេដ្ឋកិច្ច​​ក្រៅ​ប្រព័ន្ធ​ និង​​ក៏​ជា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ក្រុង​​​ប៉ោយប៉ែត​ដែល​តែងតែ​មាន​ភាព​សកម្ម​យ៉ាង​ខ្លាំង​ក្នុង​ការ​ចេញ​មុខ​ជួយ​តវ៉ា​រក​យុត្តិធម៌​​​ដល់​កម្មករ​អូស​រទេះ និង​ពលករ​ចំណាក​ស្រុក​ដែល​តែងតែ​ទទួល​រង​ការ​រំលោភ​បំពាន​ពី​​​​សមត្ថកិច្ច​នៅ​ច្រក​ទ្វា​​ព្រំដែន​ប៉ោយប៉ែត​ និង​ក៏​ធ្លាប់​មាន​​ជម្លោះ​ជាមួយ​ប៉ូលិស​ដែល​​ធ្វើ​ពុត​ជា​សន្លប់​នោះ​ផង​ដែរ​។

ប៉ូលិស​ដែល​​ត្រូវ​​គេ​អះអាង​ថា ​បាន​ធ្វើ​ពុត​ដួល​សន្លប់​នោះ​គឺ​លោក​វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ​នាយ​រង​ប៉ុស្តិ៍​​អន្តោប្រវេសន៍​នៅ​ច្រក​ព្រំដែន​ ប៉ោយប៉ែត​។

ប៉ុន្តែ​បើ​​តាម​តាមរ​​បាយការណ៍​ពី​ប៉ូលិស​មូលដ្ឋាន​បាន​ឲ្យ​​ដឹង​ថា​កាលពី​ថ្ងៃ​ទី​ ២២ ខែ​ធ្នូ​ឆ្នាំ ២០១៦ វេលា​ម៉ោង ១០ និង ៣០ នាទី​ព្រឹក​កម្លាំង​របស់​ប៉ុស្តិ៍​ដឹកនាំ​ដោយ​លោក វរសេនីយ៍ត្រី ឈាន ពិសិដ្ឋ ជា​នាយរង​ប៉ុស្តិ៍​បាន​ដឹកនាំ​កម្លាំង​ចុះ​រៀបចំ​សណ្តាប់ធ្នាប់​នៅ​មុខ​ទីស្នាក់ការ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត និង​បាន​ឃាត់​ម៉ូតូ​ឌុប​មួយ​គ្រឿង​ម៉ាក C-125 ពណ៌​ខ្មៅ​ដែល​បង្ក​ភាព​រញ៉េរញ៉ៃ និង​មិន​ស្តាប់​ការ​ណែនាំ​ពី​សមត្ថកិច្ច។

ខណៈ​ពេល​កំពុង​តែ​ធ្វើការ​ណែនាំ​អប់រំ​អ្នក​រត់​ម៉ូតូឌុប​រូប​នោះ​ក៏​លេច​មុខ​លោក ម៉ង់ ពុទ្ធិ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​បាន​ជិះ​រថយន្ត Lexus RX-300 ពណ៌​ស្ករ​មក​ចត​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា-ថៃ​ហើយ​លោក​បាន​ដើរ​ទៅ​ទីស្នាក់ការ និង​ដឹកនាំ​គ្នីគ្នា​មក​ដល់​ទីស្នាក់ការ​ច្រក​អន្តរជាតិ​ប៉ោយប៉ែត​ស្រែក​ទាមទារ​យក​ម៉ូតូ​ដែល​ឃាត់​មក​វិញ។ ខណៈ​ពេល​ដែល​លោក ម៉ង់ ពុទ្ធិ មក​បង្ក​ចលាចល​ហើយ​ចត​រថយន្ត​ចោល​នៅ​លើ​ស្ពាន។

នៅ​ពេល​នោះ​សមត្ថកិច្ច​ក៏​ហៅ​ឲ្យ​លោក ពុទ្ធិ យក​រថយន្ត​ចេញ​ចៀសវាង​ការ​កកស្ទះ​ចរាចរណ៍​នៅ​លើ​ស្ពាន​ព្រោះ​ទី​នេះ​មិន​អាច​ចត​រថយន្ត​បាន​ទេ។

របាយការណ៍​បាន​ឲ្យ​ដឹង​ទៀត​ថា​ នៅ​ពេល​នោះ​លោក ឌិន ពុទ្ធី ហាក់​មាន​កំហឹង​ក៏​ដើរ​សំដៅ​ទៅ​រថយន្ត​ហើយ​បើក​ចេញ​ក៏​ជ្រុល​ទៅ​ប៉ះ​សមត្ថកិច្ច​ម្នាក់​បណ្តាល​ឲ្យ​សន្លប់​បាត់​ស្មារតី​ទៅ។ ភ្លាមៗ​ជនរងគ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​សុខវិសាល​ក្រុង​ប៉ោយប៉ែត។

តែ​ដោយ​ការ​អះអាង​ពី​មន្ទីរពេទ្យ​ថា ​ជនរងគ្រោះ​មាន​សភាព​ធ្ងន់ធ្ងរ​ក៏​ត្រូវ​បញ្ជូន​បន្ត​ទៅ​មន្ទីរពេទ្យ​នៅ​ប្រទេស​ថៃ។

យ៉ាង​ណា​ក្តី​លោក ចៅ វាសនា ចៅ​សង្កាត់​រង​ក្រុង​ប៉ោយប៉ែត​បាន​គូសបញ្ជាក់​ថា​លោក ម៉ង់ ពុទ្ធិ មិន​បាន​បើក​រថយន្ត​បុក​លោក ឈាន ពិសិដ្ឋ ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​និយាយ​ថា៖ «មាន​ទាំង​វីដេអូ​មាន​ទាំង​សាក្សី​គាត់​មិន​បាន​បើក​ឡាន​បុក​បណ្តាល​ឲ្យ​លោក​ប៉ូលិស​ដួល​សន្លប់​បណ្តាល​ឲ្យ​របួស​ធ្ងន់ធ្ងរ​ដូច​ការ​ចោទប្រកាន់​នោះ​ទេ»។

បើ​តាម​លិខិត​បញ្ជាក់​ចេញ​ដោយ​គ្លិនិក សុខវិសាល នៅ​ក្រុង​ប៉ោយប៉ែត​ដែល​ត្រូវ​បាន​អ្នក​លេង​ហ្វេសប៊ុក​ជាច្រើន​អធិប្បាយ​ថា​មើល​មិន​យល់​នោះ​បាន​រៀបរាប់​ថា​ឈ្មោះ ឈាន ពិសិដ្ឋ ត្រូវ​បាន​សង្រ្គោះ​បឋម​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍។

នៅ​ពេល​ទាក់ទង​តាម​ទូរស័ព្ទ​សុំ​ការ​បំភ្លឺ​ កាលពី​ម្សិលមិញ ​អ្នក​ទទួល​ខុស​ត្រូវ​នៅ​មន្ទីរពេទ្យ​នេះ​បាន​បដិសេធ​ធ្វើការ​បកស្រាយ​ដោយ​ជំរុញ​ឲ្យ​ទៅ​សួរ​ខាង​មន្ទីរពេទ្យ​នៅ​ក្នុង​ប្រទេស​ថៃ ដែល​ ភ្នំពេញ ​ប៉ុស្តិ៍ ​ពុំ​មាន​ប្រភព​អាច​ទាក់ទង។

លោក សេម មករា អនុប្រធាន​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​បាន​ឲ្យ​ដឹង​ថា​គ្មាន​ហេតុផល​ណា​ដែល​លោក​ប៉ូលិស​ឈាន ពិសិដ្ឋ ធ្វើ​ពុត​ជា​ដួល​សន្លប់​នៅ​មុខ​មនុស្ស​ជាច្រើន​នោះ​ទេ។

«បើ​ខ្ញុំ​និយាយ​ថា​គាត់​ពិត​ជា​រងគ្រោះ​មែន​គឺ​ថា​ខ្ញុំ​កាន់​ជើង​ប៉ូលិស​តែ​សូម​ពិចារណា​ទាំងអស់​គ្នា​កង់​រថយន្ត​បើក​ប៉ះទង្គិច​ជើង​គាត់​បណ្តាល​ឲ្យ​ដួល​សន្លប់។ បុក​មិន​ខ្លាំង​ទេ​តែ​ងំ​ត្រង់​ដួល​ដូច​មនុស្ស​ចាស់​អ៊ីចឹង​បើ​កាល​ណា​ឈរ​ដោយ​គ្មាន​ការ​ប្រុងប្រយ័ត្ន​នៅ​ពេល​ដួល​ក្នុង​បន្ទប់​ទឹក គឺ​សន្លប់ និង​រងគ្រោះ​អ៊ីចឹង»។

ប៉ុន្តែ​លោក ញ៉ែម នាង អាយុ ២៩ ឆ្នាំ ដែល​អះអាង​ថា​ខ្លួន​ក៏​ស្ថិត​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ​កាលពី​ព្រឹក​ថ្ងៃ​ទី ២២ ខែ​ធ្នូ​នោះ​បាន​និយាយ​ថា​នៅ​ថ្ងៃ​កើត​ហេតុ​ប៉ូលិស​បាន​ចាប់​ម៉ូតូ​របស់​អ្នក​រត់​ម៉ូតូឌុប​ម្នាក់​ទើប​លោក ម៉ង់ ពុទ្ធិ ប្រធាន​សមាគម IDEA បាន​ចេញ​មុខ​ទៅ​ជួយ​ដោះស្រាយ។ «ខ្ញុំ​នៅ​កន្លែង​កើត​ហេតុ​ហ្នឹង​ខ្ញុំ​ឃើញ​ច្បាស់​រថយន្ត​មិន​បាន​បើក​បុក​លោក​ប៉ូលិស​នោះ​ទេ។ សួរ​ថា​បើ​មនុស្ស​សន្លប់​ហេតុអី​អាច​នៅ​កាន់​អាយកូម និង​ទូរស័ព្ទ​បាន​អ៊ីចឹង!»។

តំណាងរាស្ត្រ​បក្ស​សង្គ្រោះជាតិ​លោក អេង ឆៃអ៊ាង បាន​សរសេរ​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក​ថា​ដើម្បី​ចាប់​ខ្លួន និង​បំបាក់​ស្មារតី​លោក ម៉ង់ ពុទ្ធី ម្ចាស់​រថយន្ត និង​ជា​ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​នៅ​ប៉ោយប៉ែត ប៉ូលិស ព្រំដែន​មួយ​រូប​បាន​ប្រើ​ល្បិច​យៀកណាម​បង្រៀន​ដែល​គេ​ឲ្យ​ឈ្មោះ​ហៅ​ថា «បង្កើត​ករណី​បង្ក្រាប​ករណី​ដើម្បី​ស្នាដៃ»៕ ប្រភព៖ Postkhmer

Comments
Loading...