សូមអបអរសាទរបេក្ខនារី ឈិន ម៉ានិច្ច ដែលជាម្ចាស់ជ័យលាភីក្នុងកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 2

ពិត​ជា​គិត​មិន​ដល់ ឈិន ម៉ានិច្ច ពិបាក​រហូត​ចង់​សម្លាប់​ខ្លួន​ មុន​ឈ្នះ​ពាន Cambodian Idol 2មិញ​នេះ!

សំឡេង​ហ៊ោ​កញ្ជ្រៀវ​​ពេញ​ Studio​ Cambodian Idol អបអរសាទរ​ទៅ​ដល់​ ឈិន ម៉ានិច្ច ដែល​ជា​ម្ចាស់​ពាន Cambodian Idol រដូវ​កាល​ទី​២ ដោយ​ឈ្នះ​លើ​បេក្ខជន​៣រូប​ទៀត​អម្បាញ់មិញ​នេះ​។

ជាមួយ​ជយលាភីនេះ បេក្ខនារី​មក​ពី​ខេត្កំពង់ស្ពឺ ទទួល​បាន​ទឹក​ប្រាក់​ចំនួន ១៥០លាន​រៀលពី​កម្មវិធី ១០០០​ដុល្លារ​ពី​អគ្គនាយក​ក្រុមហ៊ុន​ហង្សមាស ២០០០ដុល្លារ​ពីម្ចាស់​ឧបត្ថម្ភ​កម្មវិធី និង​ក្លាយ​ជា​តារា​ចម្រៀង​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​រស្មី​​ហង្សមាសទៀត​ផង។

ត្រឡប់​មកជីវប្រវត្តិម្ចាស់ពាន ឈិន ម៉ានិច្ច ​ចង់​ដឹង​រឿង​រ៉ាវ​កម្សត់​បែប​ណា​ Sabay បាន​ធ្វើ​ការ​សាក​សួរ​លម្អិត​​ពី​ជីវប្រវត្តិ​នាង​ ដើម្បី​មក​ជម្រាប​ជូន​ដល់​ទស្សនិកជន​ខាង​ក្រោម​៖

ឆ្លង​កាត់​រឿង​រ៉ាវ​ក៏​ដូចជា​ប្រវត្តិ​ជូរចត់​ជា​ច្រើន​ទម្រាំ ឈាន​មក​ដល់​ថ្ងៃ​នេះ​ ឈិន ម៉ានិច្ច ប្រាប់​ថា​នាង​ជួប​ប្រទះ​អស់​ តួ​នាទី​ជា​អ្នក​រ៉ាប់​រង​ក្នុង​គ្រួសារ​តាំង​ពី អាយុ​១០​ឆ្នាំ​។ រហូត​មាន​ពេល​មួយ​ ទ្រាំ​ទ្រ​នឹង​សភាព​ក្មេង​ខ្ចី​ តូច​ចិត្ត​កើត​មក​ក្រ​ពេក មក​ត្រូវ​រក​លុយ​ចិញ្ចឹម​គ្រួសារ​មិន​បាន​ កុមារី​រូបនេះបាន​គិត​ចង់​បញ្ចប់​ជីវិត​ថែម​ទៀត​ផង។ ទោះបី​ជា​យ៉ាង​ណា​ នាង​ថា​នៅ​តែ​មិន​ដាច់​ ព្រោះ​ប្អូនប្រុស​ពីរនាក់​នៅ​តូចៗ បើ​នាង​ស្លាប់​ទៅ​ បាន​អ្នក​ណា​មើល​ប្អូន​នាង។

​ស្រុកកំណើត​និង​ប្រវត្តិ​ការ​សិក្សា​

ឈិន ម៉ានិច្ច​ ជា​ឈ្មោះ​នៅ​ក្នុង​បញ្ជីជាតិ​មាន​ស្រុក​កំណើត​មក​ពី​ខេត្ត​កំពង់​ស្ពឺ ឆ្នាំ​នេះ​នាង​មានអាយុ២២ឆ្នាំ​ នាង​មាន​បងប្អូន​៣​នាក់​ ស្រី​១ នាង​ជា​កូន​បង​។ ឪពុក​ម្ដាយ​​ប្រកប​របរ​ធ្វើ​ស្រែ ដែល​គ្រួសារ​នេះ​នាង​ប្រាប់​ថា​ស្ថិត​ក្នុង​ភាព​លំបាក​ជា​ទី​បំផុត។ ថ្នាក់​ទី​១ ដល់​ទី៦ នាង​រៀន​នៅ​សាលា​​បឋម​សិក្សា​អង្គ​ទន្លាប់ រីឯ​អនុ​ និង​ វិទ្យាល័យ​ នៅ​ទន្លេ​កន្ទិល​។​

មាន​គ្រួសារ​ស្ថិត​ក្នុង​ជីវភាព​ក្រ​លំបាក​ រក​ព្រឹក​ខ្វះ​ល្ងាច​ កាល​នាង​មាន​អាយុ​ ១០ឆ្នាំ ឪពុក​ម្តាយ​នាង​បាន​បង្ខំ​ចិត្ត​ចេញ​ទៅ​រក​ស៊ី​នៅ​ប្រទេស​ក្បែរ​ខាង​គ្រាន់​បាន​កម្រៃ​ខ្លះ​ចិញ្ចឹម​គ្រួសារ។ ថវិកា​ដែល​ឪពុក​ម្ដាយ​ផ្ញើ​មក​មិន​បាន​បំពេញ​គ្រប់​តម្រូវការ​ក្នុង​ផ្ទះ​ឡើយ​។ បញ្ហា​កាន់​តែ​កើត​មាន​ ស្ថិត​ក្នុង​កាលៈទេសៈ​​​មួយ​ ដែល​ត្រូវ​បែក​ពី​ឪពុកម្ដាយ​ ថាតើ​ ឈិន ម៉ានិច្ច​ ត្រូវ​រស់​នៅ បែប​ណា​?

ក្មេង​ស្រី​វ័យ​១១ឆ្នាំ​ជាមួយ​ប្អូន​ប្រុស​២​នាក់​ ត្រូវ​រស់​នៅ​​យាយ​តា​ ដែល​មាន​វ័យ​ចំណាស់​ មិន​អាច​រកស៊ី​សូម្បី​តែ​ចិញ្ចឹម​ខ្លួន​ឯង​បាន​នោះ ប៉ុន្តែ​ ម៉ានិច្ច​ ប្រាប់​ថា​លោក​តា​និង​យាយ​មាន​ចិត្ត​ធម៌​និង​ចិត្ត​ល្អ មិន​ដែល​ស្តី​បន្ទោស​ដល់​ចៅ​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា​ ក្នុង​នាម​ជា​ក្មេង​ស្រី​វ័យ​ក្មេង​ម្នាក់​ នាង​ត្រូវ​មាន​តួនាទី​មើល​ការ​ខុស​ត្រូវ​ប្អូន​២​នាក់​ រួម​ទាំង​បន្ទុក​ក្នុង​គ្រួសារ​ទាំង​មូល​ បន្ទាប់​ពី​ថវិកា​ខ្លះ​ៗ​ដែល​ឪពុក​ម្តាយ​ផ្ញើ​មក​ឲ្យ​។ ទំនេរ​ពី​ការ​សិក្សា​ ម៉ានិច្ច តែង​ឆ្លៀត​ទៅ​ជួយ​ដក​ស្ទូង ដែល​១០០កណ្តាប់​នាង​ទទួល​បាន​ថវិកា​ ២៥០០រៀល​ខ្មែរ​តែ​ប៉ុណ្ណោះ។

រយៈ​ពេល​៤​ឆ្នាំ​ដែល​ឪពុក​ម្តាយ​បាន​ចាក​ចេញ​ពី​ផ្ទះ​ ទៅ​រក​ស៊ី​នៅ​ក្រៅ​ ទើប​ត្រឡប់​មក​វិញ​ ប៉ុន្តែ​មិន​បាន​ជួយ​យឺត​យោង​ជីវភាព​គ្រួសារ​ឲ្យ​បាន​ប្រសើរ​ឡើយ​។ នាង​ប្រាប់​ថា​ អ្នក​មានគុណ​បាន​សុំទោស និង​តូច​ចិត្ត​ដែល​មិន​អាច​ចាប់​ដៃ​គ្នា​រកស៊ី​ឲ្យ​បាន​ប្រសើរ​ដូច​គ្រួសារ​គេ​ដទៃ។

​បញ្ចប់​បាក់ឌុប​ទាំង​មិន​បាន​ប្រឡង សម្រេច​ចូល​ធ្វើ​ការ​រោង​ចក្រ

ដោយសារ​ជីវភាព​ខ្វះ​ខាត​ ឈិន ម៉ានិច្ច​ ប្រាប់​ថា​នាង​ត្រូវ​បង្ខំ​ចិត្ត​ឈប់​រៀន​​ត្រឹម​ថ្នាក់​ទី​១២​ ទៅ​ធ្វើ​ការ​នៅ​រោង​ចក្រ​​និង​ដើរ​ច្រៀង​តាម​វង់​ភ្លេង​តន្ត្រី​​មួយ​ក្នុង​ខេត្ត។ ជា​រឿង​មួយ​ដែល​ពិបាក​ ក្មេង​ស្រី​ម្នាក់​សុខ​ចិត្ត​បោះ​បង់​ការសិក្សា​ មក​ស្រវ៉ា​ការងារ​តាម​រោង​ចក្រ​ ដើម្បី​ចិញ្ចឹម​ក្រពះ​មនុស្ស​ក្នុង​គ្រួសារ​ទាំង​មូល​ នាង​ប្រាប់​ថា​ពិត​ជា​ពិបាក​ និង​ហត់​នឿយ​ខ្លាំង​ តែ​មិន​អាច​និយាយ​បាន​។ នាង​ត្រូវ​ធ្វើ​ការ​ថែម​ម៉ោង​ជា​រៀង​រាល់​ថ្ងៃ​ដើម្បី​បាន​កម្រៃ​បន្ថែម​ទុក​ផ្គត់​ផ្គង់​ជីវភាព។

ម៉ានិច្ច​ ថ្លែង៖​”ខ្ញុំ​សឹង​តែ​គិត​ថា​ខ្លួន​ឯង​ធ្វើ​មិន​បាន​ តែ​ខ្ញុំ​​នៅ​តែ​ជម្នះ ភាគ​ច្រើន​ក្មេងៗ​ស្រករ​ខ្ញុំ​ពេល​នោះ​​ប្រហែល​មិន​អាច​ធ្វើ​​បាន​ដូច​ខ្ញុំ​ទេ​ មើល​ទៅ។ ណាមួយ​រ៉ាប់រង​គ្រួសារ ណាមួយ​ធ្វើ​ការ​ហត់​ ពី​ព្រឹក​ដល់​យប់​ទៀត។ ការងារ​បើ​ធ្វើ​ធម្មតា​បាន​តែ​ ៨៥​ដុល្លារ​ តែ​​​វា​តិចតួច​ណាស់​បង​សម្រាប់​ផ្គត់​ផ្គង់​គ្រួសារ​ទើប​ចេះ​តែ​បន្ថែម​ម៉ោង​រហូត​ដល់​យប់​ជ្រៅ​ជា​រៀងរាល់​ថ្ងៃ ដែល​អាច​ឲ្យ​នាង​ទទួល​បាន​ទឹក​ប្រាក់​បន្ថែម​ទៀត”។​

ធ្វើ​ការ​រោងចក្រ​បាន​​៣ឆ្នាំ ​មាន​វង្ស​ភ្លេង​នៅ​ខាង​មន្ទីរ​វប្បធម៌​រៀប​ចំ​ប្រឡង​ចម្រៀង​ ​ ម៉ានិច្ច​ ត្រូវ​បាន​មិត្ត​ភក្តិ​ណែនាំ​ ព្រម​ទាំង​ជួយ​ជា​សំលៀក​បំពាក់ ក៏​ដូចជា​ទិញ​ពាក្យ​ដើម្បី​ដាក់​ចូល​ប្រឡង​។ ជា​លទ្ធផល​នាង​បាន​ជាប់​លេខ​ ១​ ទទួល​បាន​លុយ​៥ម៉ឺន ទូរទស្សន៍​មួយ​គ្រឿង​។ ចាប់​ពី​ពេល​នោះ​មក​នាង​ត្រូវ​ធ្វើ​ការ​រោង​ចក្រ​ផង​​ឆ្លៀត​ច្រៀង​ឲ្យ​ខាង​មន្ទីរ​វប្បធម៌​ផង​ នាង​ថា​ហត់​ណាស់​ តែ​ដោយ​សារ​នៅ​វ័យ​ក្មេង​ កំពុង​ពេញ​កម្លាំង​ទើប​ចេះ​តែ​ខំ​ប្រឹង​ ហើយ​មិន​ដែល​ចុះ​ចាញ់​ឡើយ ធ្វើ​ម៉េច​បើ​វាសនា​ ចារ​មក​ថា​នាង​ត្រូវ​តែ​ខំ​បែប​នេះ។

រហូត​មាន​ថ្ងៃ​មួយ​នាង​ធ្លាក់​ខ្លួន​ឈឺ​ជំងឺ​ដុះ​គីស​នៅ​ក្បែរ​សុដន់​ មិន​អាច​ទៅ​ធ្វើ​ការ​បាន​ លុយ​កាក់​ដែល​ខំ​រក​ទាំង​ប៉ុន្មាន​ត្រូវ​យក​មក​ព្យាបាល​ជម្ងឺ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ ឪពុក​ម្តាយ​នាង​សម្រេច​ចិត្ត​លក់​ស្រែ​ដើម្បី​មើល​ជម្ងឺ​ថែម​ទៀត​។​​​​

​​សម្រេច​ចិត្ត​មក​ច្រៀង​នៅ​​ទី​ក្រុង ដើម្បី​បាន​កម្រៃ​បន្ថែម​

ក្រោយ​ពី​ជា​សះ​ស្បើយ​បាន​មួយ​កម្រិត អំឡុង​ខែ​ ឧសភា ឆ្នាំ​២០១៦ មាន​មិត្ត​ភក្តិ​ម្នាក់​ណែ​នាំ​ ម៉ានិច្ច​ មក​ច្រៀង​នៅ​ភ្នំពេញ ដោយ​ហេតុផល​បាន​លុយ​ច្រើន មួយ​យប់​ ២០​ដុល្លារ​ និង​មិន​សូវ​ហត់​ដូច​នៅ​ខេត្ត។ គិត​ច្បាស់​​កូន​ស្រី​ច្បង​រូប​នេះ បាន​សម្រេច​មក​ច្រៀង​នៅ​ភ្នំពេញ​តាម​ការ​ណែនាំ​ ពីមិត្ត​ភក្តិ និង​បាន​មក​ចូល​ច្រៀង​នៅ​ភោជនីយដ្ឋាន​មួយ​កន្លែង។

“ដំបូង​មិន​ចង់​ហ៊ាន​មក​ទេ តែ​ខ្ញុំ​ដាក់​ចិត្ត​គិត​ថា​ ខ្លួន​ឯង​ត្រូវ​តែ​ក្លាហាន​ ហ៊ាន​ប្រថុយ​ ដើម្បី​បាន​លុយ​។ ​​​មក​ដល់​ច្រៀង​នៅ​ហាង​មួយ​កន្លែង ថៅកែ​ហាង​ចិត្តល្អ ជួយ​ទំនុក​បម្រុង​​ច្រើន​ណាស់​បង​​ សូម្បី​តែ​ដាក់​ពាក្យ​ប្រឡង​ក៏​បាន​ថៅកែ​ ជា​អ្នក​ជួយ​ជំរុញ​ដែរ​”។

ដាច់​ចិត្ត​ដាក់​ពាក្យ​ប្រឡង​ Cambodian Idol ទាំង​បង្ខំ

ដំបូង​​នាង​មាន​ការ​រា​រែក​ មិន​ចង់​ដាក់​ពាក្យ​ប្រឡង​ឡើយ​ព្រោះ ធ្លាប់​មាន​ប្រវត្តិ​ ធ្លាក់​រួច​ម្តង​​ទើប​លែង​មាន​បំណង​ទៀត។​ប៉ុន្តែ​ដោយសារ​មាន​ការ​ជំរុញ​ទឹក​ចិត្ត​ពី​ម្ចាស់​ហាង​ដែល​នាង​ច្រៀង​ពេល​យប់​ឡើង​ ទើប​ ម៉ានិច្ច ដាច់​ចិត្ត​ដាក់​ពាក្យ​ប្រឡង​តែ​ម្តង​ ដែល​នាង​បាន​ជ្រើសរើសយកបទ​ចម្រៀង​ស្នាដៃ​និពន្ធ​ថ្មី “នៅទីនេះមានមនុស្សខូចចិត្ត” ម្ចាស់បទ​ដើម អេដា មកប្រឡង​ក្នុង​វគ្គ Judge Audition។

ក្នុង​នោះម្ចាស់ពាន​មកពី​ខេត្ត​កំពង់ស្ពឺ ​​អះអាង​ថា​ក្តី​សង្ឃឹម​មិន​ដែល​នឹក​ស្មាន​ថា​បាន​ដល់​វគ្គ​ Live Show ឡើយ។ ប៉ុន្តែ​ជាក់ស្តែង​នាង​បាន​ទាំង​ជាប់​ដល់​វគ្គ​បន្ត​បន្ទាប់​ រហូត​ទទួល​​បាន​ជយ​លាភី​ ម្ចាស់​ពាន​ Cambodian Idol រដូវ​កាល​ទី​២ តែ​ម្តង​។ អារម្មណ៍​ប្រាកដ​ជា​មិន​អាច​រៀប​រាប់​បាន​ រំភើប​លាយ​ឡំ​នឹង​ទឹក​ភ្នែក​ ហើយ​នាង​នឹង​សង្ឃឹម​ថា​​ ក្រោយ​ពី​ទទួល​​បាន​ពាន​ ជីវភាព​នាង​នឹង​ប្រែប្រួល​ មិន​តែ​ប៉ុណ្ណោះ​នឹង​​ជួយ​ឲ្យ​បងប្អូន​កាន់​តែ​ស្គាល់​ណិង​គាំ​ទ្រនាង​ខ្លាំងជាងមុន។

ចុង​ក្រោយ​ នាង​សូម​ថ្លែង​អំណរ​គុណ​ដល់​ទស្សនិកជន​ទាំង​អស់ ​ដែល​បាន​ជួយ​បោះ​ឆ្នោត​គាំ​ទ្ររូបនាង​​តាំអ​ពី​ដើម​រហូត​មក​ដល់​ពេល​នេះ នាង​ប្រាប់​ថា​មានតែ​ម្រាម​ដៃ​១០ លើក​សំពះអរគុណ​ដល់​ប្រិយមិត្ត និង​សូមជូនពរ​ឲ្យសំណាង​ល្អ​កើត​មានដល់​ ពុក​ម៉ែ​បងប្អូន​ទាំង​អស់​គ្នា៕ ប្រភព៖ sabay


សូមអបអរសាទរបេក្ខនារី ឈិន ម៉ានិច្ច


សូមអបអរសាទរបេក្ខនារី ឈិន ម៉ានិច្ច


សូមអបអរសាទរបេក្ខនារី ឈិន ម៉ានិច្ច


សូមទស្សនាវីដេអូ

​​​រូបភាព៖ Page Cambodian Idol

Comments
Loading...