ប្រេសិត​រុស្ស៊ី​ប្រចាំ​​តួកគី ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​តួកគីម្នាក់.. (មានវីដេអូ)

ប៉ូលិស​តួគី​ម្នាក់​បាន​បាញ់​សម្លាប់​ឯកអគ្គរដ្ឋទូត​ក្នុង​ទីក្រុង​ អានការ៉ា កាល​ពី​ម្សិលមិញ បន្ទាប់​ពី​បាន​ស្រែក​ថា «ក្រុង​អាឡិបប៉ូ​» និង «Allahu Akbar» ដោយ​ឃាតកម្ម​នេះ​បាន​ជំរុញ​ឲ្យ​ប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បង្កើន​ការ​ប្រយុទ្ធ​ប្រឆាំង​ចំពោះ «អំពើ​ភេរវកម្ម»។

លោក Andrei Karlov បាន​ទទួល​មរណភាព​ដោយ​សារ​តែ​របួស បន្ទាប់​ពី​ការ​បាញ់​ប្រហា​រ​លើ​រូបលោក​នៅ​មជ្ឈមណ្ឌល​ពិពរណ៌​ក្រុង​ អានការ៉ា ដែលសោកនាដកម្ម​នេះ​បាន​កើត​ឡើង​មួយ​ថ្ងៃ​ មុន​កិច្ច​ប្រជុំ​ដ៏​សំខាន់​មួយ​នៅរដ្ឋ​ធានី​ ម៉ូស្គូ រវាង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​នៃ​ប្រទេស​រុស្ស៊ី តួកគី និង​អ៊ីរ៉ង ស្តី​ពី​បញ្ហា​ជម្លោះ​នៅ​ប្រទេស​ស៊ីរី។

រូបភាព​វីដេអូ​បាន​បង្ហាញ​ពី​ ខណៈ​ពេល​​​ខ្មាន់​កំាំ​ភ្លើង​បាន​បាញ់​​អ្នក​ការ​ទូត​ជើង​ចាស់​រូប​នេះ​ពី​ក្រោយ​ខ្នង នៅ​ពេល​ដែល​លោក​ឡើង​ថ្លែង​សន្ទរកថា បើក​កម្មវិធី​ពិពរណ៌​រូបថត​រុស្ស៊ី។

វីដេអូ​បាន​បង្ហាញថា​ លោក​ឯកអគ្គរដ្ឋទូត​កំពុង​តែ​​ឈរ​និយាយ​នៅ​តុ​ថ្លែង​សន្ទរកថា មុន​ពេល​ដែល​លោក​ត្រូវ​ទ្រេត​ទ្រោត​ ដួល​​ទៅដី នៅ​ពេល​ដែល​ស្នូរ​គ្រាប់​កាំភ្លើង​បាន​បន្លឺ​ឡើង ខណៈ​​​ឃាតករ ដែល​ស្លៀក​ពាក់​អាវធំ​​ពណ៌ខ្មៅ អាវ​​ស និង​ក្រវ៉ាត់​ករ បាន​គ្រវី​កាំភ្លើង​ទៅ​កាន់​ក្រុម​អ្នក​ដែល​បាន​ឃើញ​ផ្ទាល់​ភ្នែកដ៏​​តក់​ស្លត់។

វីដេអូ​បាន​បង្ហាញ​ទៀត​ថា ឃាតករ​បាន​ស្រែក​ថា «Allahu Akbar» (ព្រះជា​ម្ចាស់​ដ៏​ប្រសើរ​ជាងគេ) ហើយ​ក្រោយ​មក​បាន​ស្រែក​សម្តែង​ភាព​ស្មោះ​ត្រង់​ចំពោះ​សង្គ្រាម​សាសនា (រវាង​ពួក​កាន់​គ្រឹស្ត​សាសនា និង អ៊ីស្លាម​សាសនា) ជា​​ភាសា​អារ៉ាប់។

បន្ទាប់​មក​ទៀត​ រូប​គេ​បាន​ប្តូរ​មក​ភាសា​តួកគីវិញ ដោយ​បាន​និយាយ​ថា៖ «កុំ​ភ្លេច​ប្រទេស​ ស៊ីរី កុំ​ភ្លេច​ក្រុង​អាឡិបប៉ូ​។ អ្នក​ទាំងអស់​ដែល​ចូល​រួម​ក្នុង​អំណាច​ផ្តាច់​ការ​នឹង​ត្រូវ​ទទួល​ខុសត្រូវ»។

ទីភ្នាក់​ងារ​សារព័ត៌មាន Anadolu របស់​រដ្ឋ​បាន​ឲ្យ​ដឹងថា ខ្មាន់​កាំភ្លើង​រូបនេះ​ត្រូ​វបាន «បាញ់​សម្លាប់» នៅ​ក្នុង​ប្រតិបត្តិ​ការប៉ូលិស​មួយ​នៅ​ក្នុង​សាល​នៃ​មជ្ឈមណ្ឌល​ពិពរណ៍ ១៥ នាទី បន្ទាប់​ពី​ឃាតកម្ម​បាន​កើត​ឡើង នៅ​ពេល​ដែល​គេ​បាន​បដិសេធ​មិន​ប្រគល់​ខ្លួន។ ​

លោក​ប្រធានាធិបតី ពូទីន បាន​ហៅ​ឃាតកម្ម​នេះ​ថា «ជា​ការ​បង្ករឿង» ដែល​សម្តៅ​បំផ្លាញ​ចំណង​មិត្តភាព​ដ៏​កក់​ក្តី​រវាង​ក្រុង ​ម៉ូស្គូ និង​អានការ៉ា ក៏ដូច​ជា​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ដើម្បី​ដោះស្រាយ​ជម្លោះ​នៅ​ប្រទេស​ស៊ីរី៕ ប្រភពអត្ថបទ៖ postkhmer


ប្រេសិត​រុស្ស៊ី​ប្រចាំ​​តួកគី ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​តួកគីម្នាក់


ប្រេសិត​រុស្ស៊ី​ប្រចាំ​​តួកគី ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​តួកគីម្នាក់


ប្រេសិត​រុស្ស៊ី​ប្រចាំ​​តួកគី ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​តួកគីម្នាក់


ប្រេសិត​រុស្ស៊ី​ប្រចាំ​​តួកគី ​ត្រូវ​បាន​បាញ់​សម្លាប់​ដោយ​ប៉ូលិស​តួកគីម្នាក់

សូមទស្សនាវីដេអូ:

សូមទស្សនាវីដេអូទី២៖

Comments
Loading...