រូបមន្តសម្ងាត់ក្នុងការធ្វើមាន់ទឹមអោយមានរសជាតិឆ្ងាញ់!

គ្រឿងផ្សំ៖
– មាន់ ៤
– សាច់ជ្រូកចិញ្ច្រាំលាយខ្លាញ់ខ្លះៗ ៥០០ក្រាម
– សណ្តែកដីលីងដាក់គ្រាប់ទាំងមូល ២ស្លាបព្រា
– គ្រាប់ឈូកស្ងោរ ២ស្លាបព្រា
– ត្រាវហាន់ដុំប៉ុនៗមេដៃ ២ស្លាបព្រា
– ប៉ិគក់ ហាន់សរសៃៗ ២ស្លាបព្រា
– ផ្កាចេក ហែកជាសរសៃៗ ២ស្លាបព្រា
– ការុតហាន់ល្អិតៗ ២ស្លាបព្រា
– ផ្សិតចំបើង ២ស្លាបព្រា
– ខ្ទឹមបារាំង ២ស្លាបព្រា
– ខ្ទឹមក្រហម ២ស្លាបព្រា
– ស្លឹកខ្ទឹម ២ស្លាបព្រា
– ម្ទេសប្លោកក្រហម ហាន់ល្អិតៗ ២ស្លាបព្រា
– មីសួត្រាំទឹកអោយទន់ហើយកាត់អោយខ្លីៗ ១ចានចង្កើស
– ម្សៅឆា ២ស្លាបព្រាកាហ្វេ
– ពងមាន់ ៤
– ម្រេច ចុងស្លាបព្រាកាហ្វេ
– អំបិល ១ស្លាបព្រាកាហ្វេកន្លះ ( ១ស្លាបព្រាកាហ្វេសម្រាប់ប្រលាក់មាន់ កន្លះស្លាបព្រាកាហ្វេសម្រាប់ប្រលាក់សាច់ស្នូល )
– ទឹកត្រី ២ស្លាបព្រា
– ទឹកឃ្មុំ ២ស្លាបព្រា
– ស្រាស ២ស្លាបព្រា
បើចង់អោយមានក្លិនក្រអូប សូមលីងផ្កាច័ន្ទ (ប៉ូចកាក់) មួយផ្កា បុកអោយម៉ដ្ឋដាក់លាយជាមួយគ្រឿងស្នូល។
បើដាក់ច្រើនជាងនេះ នឹងនាំអោយល្វីងហាងសាច់ស្នូល លែងមានរសជាតិឆ្ងាញ់។

របៀបធ្វើ៖
១- លាងមាន់អោយស្អាត កាត់យកក្បាលនិងក្រញាំជើងចេញ លាងអោយស្អាត ប្រឡាក់ម្រេច អំបិល១ស្លាបព្រាកាហ្វេ ទឹកឃ្មុំ និង ស្រាសពីរស្លាបព្រាបាយ ទុកចោលមួយម៉ោង។
២- យកសាច់ជ្រូកលាយជាមួយគ្រឿងគ្រប់មុខខាងលើ លាយជាមួយគ្នា ទើបយកទៅញាត់នៅក្នុងខ្លួនមាន់។ យកឈើចាក់ធ្មេញ ខ្ទាស់គូថមាន់អោយជិត។
៣- យកមាន់ទាំងមូលរុំនឹងស្លឹកឈូក ពីរជាន់ ចងអោយជាប់ ដាក់ក្នុងចានមួយ ហើយចំហុយ ប្រហែល៧០នាទី ដើម្បីអោយផុយសាច់ និងឆ្អិនដល់គ្រឿងក្នុង។ បើមាន់ធំ នឹងចំហុយយូរ។ បើមាន់តូច ចំហុយឆាប់ឆ្អិន។
៤- ពេលបរិភោគ អាចបរិភោគបាន ជាមួយ នឹង ទឹកត្រីម្ទេសជូរអែម ទ្រាប់ត្រសក់និងប៉េងប៉ោះស្រគាល។
ប្រភព៖ អ្នកស្រី កែវ ច័ន្ទបូរណ៍

Comments
Loading...