ការ​បើក​ដំណើរការ​មហាវិថី​សម្តេច​តេជោ​ត្រូវ​ពន្យារ​ពេល

20150430_05

ភ្នំពេញ: គម្រោង​ដែល​ដាក់​ឲ្យ​ដំណើរការ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​កន្លង​មក​នេះ​ត្រូវ​បាន​ពន្យារ​ពេល​ព្រោះ​ការ​ចាក់​បំពេញ​ខ្សាច់​លើ​តួ​ផ្លូវ​មាន​ភាព​រអាក់​រអួល ដោយ​សារ​រដ្ឋាភិបាល​បាន​បិទ​អាជីវកម្ម​ខ្សាច់​កាលពី​ចុង ខែ​មីនា កន្លង​មក។

ប្រធាន​នាយកដ្ឋាន​បច្ចេកទេស​នៃ​ក្រុមហ៊ុន ING Holding លោក មាស វីរីយ៉ា បាន​ថ្លែង​ឲ្យ​ដឹង​កាលពី​សប្តាហ៍​មុន​ថា គម្រោង​បើក​ឲ្យ​ដំណើរការ​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ដែល​គ្រោង​ធ្វើ​នៅ​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​ខ្មែរ​កន្លង​មក​នេះ​ពិត​ជា​បាន​ពន្យារ​ពេល​ដោយសារ​ការ​បូម​ខ្សាច់​បំពេញ​គ្រឹះ​ថ្នល់​បាន​រអាក់​រអួល ព្រោះ​រដ្ឋាភិបាល​បាន​ផ្អាក​សកម្មភាព​បូម​ខ្សាច់​កាល​ពី​មុន​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​កន្លង​មក​នេះ។

លោក​បាន​បន្ត​ថា គិត​រហូត​មក​ទល់​ពេល​នេះ​ការ​ធ្វើ​គ្រឹះ​ផ្លូវ​សម្រេច​បាន ៩៥ ភាគរយ​ហើយ​ចំណែក​ការ​កសាង​ស្ពាន​សម្រេច​បាន​ចំនួន ៤៥ ភាគរយ ប្រព័ន្ធ​លូ​បាន​បញ្ចប់ ១០០ ភាគរយ។

មហាវិថី​សម្តេច​តេជោ ហ៊ុន សែន មាន​ទទឹង ៦០ ម៉ែត្រ​ក្រាល​កៅស៊ូ​ទំហំ ៣០ ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ​សម្រាប់​ថ្មើរ​ជើង​ម្ខាងៗ​ទំហំ ១៥ ម៉ែត្រ។ មហាវិថី​នេះ​ចេញ​ពី​ចំណុច​ប្រសព្វ​រវាង​ផ្លូវ​មុនីវង្ស​និង​ផ្លូវ​លេខ ២៧១ ឆ្ពោះ​ទៅ​កាន់​សង្កាត់​ព្រែក​កំពឹស ក្រុង​តាខ្មៅ ខេត្ត​កណ្តាល ក្នុង​បណ្តោយ​សរុប​ចំនួន ៩.១៦ គីទ្បូម៉ែត្រ។

លោក មាស វីរីយ៉ា បាន​ឲ្យ​ដឹង​ថា៖ «រហូត​មក​ទល់​ពេល​នេះ​ក្រុមហ៊ុន​បាន​បើក​ឲ្យ​ប្រជា​ពលរដ្ឋ​ធ្វើ​ដំណើរ​លើ​កំណាត់​ផ្លូវ​នេះ​ពាក់​កណ្តាល​ហើយ តែ​ការ​បើក​ដំណើរការ​ពេញ​លេញ​ផ្លូវ​នេះ​ខ្ញុំ​មិន​ដឹង​ថា នឹង​ចាប់​ផ្តើម​នៅ​ពេល​ណា​នោះ​ទេ»។ លោក​បាន​ឲ្យ​ដឹង​ទៀត​ថា៖ «រហូត​មក​ទល់​ពេល​នេះ​ការ​បូម​ខ្សាច់​បំពេញ​ទីក្រុង​រណប ING ទើប​សម្រេច​បាន​ជាង ១០០ ហិកតា​ប៉ុណ្ណោះ​ក្នុង​ចំណោម​ផ្ទៃដី​សរុប​ជាង ២០០០ ហិកតា​របស់​ទីក្រុង​រណប​នេះ»។

លោក មាស វីរីយ៉ា បញ្ជាក់​ថា ក្រៅ​ពី​កសាង​មហាវិថី​សម្តេច​តេជោ ហ៊ុន សែន ក្រុមហ៊ុន ING Holding បាន​និង​កំពុង​សម្រេច​កសាង​មហាវិថី​លោក​ឧកញ៉ា​មហា​ភក្តី សប្បុរិសភោគា ធិបតី ហ៊ុន នាង សម្រេច​បាន​ជាង ៤០ ភាគរយ​ផង​ដែរ។ ផ្លូវ​នេះ​មាន​ទំហំ​ទទឹង ៣០ ម៉ែត្រ​ចាក់​កៅស៊ូ ១៨ ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ​ម្ខាងៗ​ទំហំ ៦ ម៉ែត្រ និង​បណ្តោយ ២.៧៤ គីទ្បូម៉ែត្រ។ មហាវិថី​នេះ​ចេញ​ពី​ម្តុំ​វត្ត​ចាក់​អង្រែ​ក្រោម​សង្កាត់​ចាក់​អង្រែ ក្រោម ខណ្ឌ​មាន​ជ័យ ឆ្ពោះ​ទៅ​កាន់​ផ្លូវ​លេខ ៣៧១ ក្នុង សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ។ ចំណែក​ផ្លូវ​កាត់​ទទឹង ទី២ (មិន​ទាន់​ដាក់​ឈ្មោះ​នៅ​ទ្បើយ) មាន​ទំហំ​ទទឹង ៥០ ម៉ែត្រ​ចាក់​កៅស៊ូ ៣០ ម៉ែត្រ និង​ចិញ្ចើម​ផ្លូវ​ម្ខាងៗ​ទំហំ ១០ ម៉ែត្រ។ ផ្លូវ​នេះ​មាន​បណ្តោយ​សរុប​ចំនួន​ជាង ៥ គីទ្បូម៉ែត្រ។ ផ្លូវ​នេះ​ចេញ​ពី​ម្តុំ​រង្វង់​មូល​ភ្ជាប់​ក្រុង​ភ្នំពេញ និង ខេត្ត​កណ្តាល ចេញ​ទៅ​តំបន់​ជើង​ឯក ខណ្ឌ​ដង្កោ។

លោក​បាន​បន្ត​ថា៖ «ផ្លូវ​នេះ​នឹង​ជា​ផ្លូវ​សាធារណៈ​ធំ​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ ដែល​នឹង​ដើរ​តួនាទី​ចែក​រំលែក​ចរាចរណ៍​ពី​ផ្លូវ​លេខ ២៧១ និង​ផ្លូវ​លេខ ៣៧១ ដែល​ជួយ​ឲ្យ​ការ​ធ្វើ​ចរាចរណ៍​កាន់​តែ​ជិត​និង​ភ្ជាប់ ខណ្ឌ​ដង្កោ និង ក្រុង​តាខ្មៅ មក​កាន់​រាជធានី​ភ្នំពេញ​កាន់​តែ​ជិត​ជាង​មុន និង​ជា​ការ​ពង្រីក​ក្រុង​ភ្នំពេញ​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង»។

វីរ​ស្ថាបត្យកម្ម​កម្ពុជា លោក វណ្ណ មូលីវណ្ណ បាន​ផ្តល់​អនុសាសន៍​ឲ្យ​រដ្ឋាភិបាល​ពង្រីក​ក្រុង​ឆ្ពោះ​ទៅ​ទិស​ខាង​ត្បូង​ដោយ​សារ​តំបន់​ភាគ​ខាង​ត្បូង​រាជធានី​ភ្នំពេញ​មាន​សណ្ឋាន​ដី​ខ្ពស់​មិន​ប្រឈម​មុខ​នឹង​ការ​លិច​លង់​ដោយ​សារ​មាន​ទន្លេ​បាសាក់​សម្រាប់​ជា​កន្លែង​បង្ហូរ​ទឹក​ចេញ​ពី​ក្រុង​ភ្នំពេញ។

លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន​អេស៊ារៀល អេស្ទេត បាន​ថ្លែង​ថា ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ ជា​ចំណុច​ចម្បង​មួយ​ក្នុង​ការ​បង្កើត​តម្លៃ​ចលករ​មួយ​ទាក់ទង​នឹង​វិស័យ​អចលន​ទ្រព្យ​ស្រប​គ្នា​នេះ​តម្លៃ​ដី​របស់​ក្រុម​ហ៊ុន ING Holding បាន​ទ្បើង​ថ្លៃ​ខ្ពស់​ជា​មុន​ទន្ទឹម​នឹង​បុរី​មួយ​ចំនួន​ដូចជា​បុរី ប៉េងហួត បុរី​ពិភព​ថ្មី និង​បុរី​មួយ​ចំនួន​ទៀត​បាន​និង​កំពុង​ចូល​ទៅ​វិនិយោគ​នៅ​តំបន់​នោះ។

លោក​បាន​និយាយ​ថា៖ «ការ​អភិវឌ្ឍ​លំនៅឋាន​នៅ​តំបន់​នេះ​នឹង​ល្អ​ប្រសើរ​នា​ពេល​អនាគត​ប្រសិន​ជា​ប្រព័ន្ធ​ផ្លូវ​លូ​បង្ហូរ​ទឹក​ធ្វើ​បាន​ល្អ ព្រោះ​វា​ជា​ទីតាំង​ដ៏​មាន​សក្តានុពល​សម្រាប់​អភិវឌ្ឍន៍»។ លោក​បាន​បន្ត​ថា៖ «តំបន់​នេះ​នៅ​កៀក​នឹង​រាជធានី​ភ្នំពេញ​និង​កៀក​នឹង​កណ្តាល​ក្រុង​បើ​ធៀប​នឹង​តំបន់​ចម្ការ​ដូង​និង​តំបន់​ច្បារអំពៅ​ជាដើម»។

ប្រធាន​គ្រប់​គ្រង​ទូទៅ​នៃ​ក្រុម​ហ៊ុន ខ្មែរ​រៀល អេស្ទេត លោក គីម ហ៊ាង បាន​ប្រាប់​ឲ្យ​ដឹង​ថា ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​តំបន់​នេះ​បាន​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​ទីនោះ​ទ្បើង​ថ្លៃ​យ៉ាង​ខ្លាំង​ដោយ​កាលពី​បី​បួន​ឆ្នាំ​មុនដី​នៅ​តំបន់​នោះ​មាន​តម្លៃ ១០០ ដុល្លារ តែ​ឥទ្បូវ​បាន​ទ្បើង​ដល់ ៥០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ប៉ុន្តែ​តម្លៃ​នេះ​មិន​ថ្លៃ​នោះ​ទេ​បើ​គិត​ពី​សក្តានុពល​របស់​តំបន់​នេះ​តែ​អ្វី​ដែល​លំបាក​គឺ​យើង​មាន​ការ​ពិបាក​ក្នុង​ការ​រក​ទិញ​ដី​នៅ​តំបន់​នេះ​ដោយ​សារ​ប្លង់​ដី​នៅ​ទីនោះ​មាន​ភាព​ស្មុគ​ស្មាញ​មួយ​ចំនួន។

លោក​បាន​ឲ្យ​ដឹង​ថា៖ «ទីក្រុង​រណប ING ធំ​ណាស់។ វា​ក៏​ជា​តំបន់​ដែល​អាច​ស្ថិត​នៅ​កណ្តាល​ក្រុង​ប្រសិន​បើ​ជា​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំបន់​នោះ​បាន​រៀបចំ​ឲ្យ​មាន​ភាព​ល្អ​ប្រសើរ​នា​ពេល​អនាគត»។

លោក​បន្ត​ទៀត​ថា៖ «ដី​នោះ​ធំ​ណាស់​វា​ប្រៀប​ដូចជា​គ្រួសារ​មួយ​មាន​មនុស្ស ៥ នាក់​តែ​ទិញ​រថយន្ត ៤៥ កៅអី​យក​មក​ជិះ​អ៊ីចឹង»៕

Comments
Loading...