សង្រ្គាម​លោកលើកទី២៖ ជប៉ុន​លប​វាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក​នៅ ​Pearl​ ​Harbor

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់យើង នៅសប្តាហ៍​នេះ សេង ឌីណា សូមបន្ត​រៀបរាប់ អំពី​សង្រ្គាម​លោកលើកទី២ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ដោយសូម​លើកឡើង អំពី​ការ​លបវាយឆ្មក់​របស់​ជប៉ុន ទៅលើ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក នៅ​ Pearl Harbor ដែល​ជំរុញ​ឲ្យ​អាមេរិក​ឈានជើង​ចូល​ក្នុង​សង្រ្គាម​លោកលើកទី២។

USS_West_Virginia;014824
នាវាចម្បាំង​អាមេរិក ដែល​ត្រូវ​ផ្ទុះឆេះ នៅ​ក្នុង​ការ​វាយប្រហារ​លើ Pearl Harbor ថ្ងៃទី៧ ធ្នូ ១៩៤១

ជាងពីរឆ្នាំ ក្រោយ​ពី​សង្រ្គាម​លោកលើកទី២​បាន​ផ្ទុះឡើង សហរដ្ឋ​អាមេរិក​បានព្យាយាម​រក្សា​នយោបាយ​ឯកោ​និយម​របស់ខ្លួន ដោយ​ព្យាយាម​មិនប្រឡូក​ខ្លួន​ចូល​ទៅ​ក្នុង​សង្រ្គាម។ ក៏ប៉ុន្តែ ការប្រឈមមុខដាក់គ្នា​ជាមួយ​ជប៉ុន នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក ជាពិសេស នៅ​ចិន និង​អាស៊ី​អាគ្នេយ៍ បាន​រុញ​សហរដ្ឋ​អាមេរិក​ឲ្យ​ខិត​កាន់តែ​​ជិតមាត់ជ្រោះ​សង្រ្គាម​ពីមួយថ្ងៃ​ទៅមួយថ្ងៃ។

នៅពាក់កណ្តាល​ឆ្នាំ​១៩៤១ នៅ​ក្រោយ​ពេល​ដែល​ជប៉ុន​ចូល​ឈ្លានពានកាន់កាប់​ឥណ្ឌូចិន ដែល​ពេលនោះ គឺ​ជា​ដែន​ដី​អាណានិគម​របស់​បារាំង សហរដ្ឋ​អាមេរិក​បាន​​ដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ជប៉ុន ដែល​ធ្វើ​ឲ្យ​ជប៉ុន​​បាត់បង់​ចំណូល​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ពី​ការ​ដោះដូរ​ពាណិជ្ជកម្ម​អន្តរជាតិ ព្រមទាំង​បាត់បង់​ប្រភព​ផ្គត់ផ្គង់​ប្រេង​ស្ទើរតែ​ទាំងស្រុង។

ក្រោយ​ពី​បាន​ចរចា​ជាមួយ​អាមេរិក​រាប់ខែ​តែ​គ្មាន​ដំណោះស្រាយ នៅ​ខែ​វិច្ឆិកា ឆ្នាំ​១៩៤១ ហ៊ីដេគី តូចូ នាយករដ្ឋមន្រ្តី​​ជប៉ុន​ក៏​បាន​សម្រេច​ធ្វើសង្រ្គាម​ជាមួយ​អាមេរិក។ នៅថ្ងៃ​ទី២៥ វិច្ឆិកា កងទ័ព​ជើងទឹកជប៉ុន​បាន​ចេញ​ដំណើរ​ពី​បន្ទាយ ដើម្បី​ឆ្ពោះ​​ទៅបើក​ការ​វាយប្រហារ​លើ​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក​ដែល​​​អាច​បំបែក​កូដ​លួច​​អាន​សារ​សម្ងាត់​របស់​ជប៉ុន​បាន​តាំង​ពី​យូរមកហើយ​នោះ បានដឹង​តាំង​ពី​ដើមខែ​វិច្ឆិកា​ថា ជប៉ុន​កំពុងរៀបចំ​​សកម្មភាព​ធ្វើសង្រ្គាម​មកលើ​អាមេរិក​ ក៏ប៉ុន្តែ ​មិន​ដឹង​ទេ​ថា តើ​ជប៉ុន​គ្រោង​បើក​ការ​វាយប្រហារ​ទៅលើ​ទីតាំង​ណាមួយ​​ពិតប្រាកដ។ ជប៉ុនវិញ​បាន​ព្យាយាម​លាក់ការណ៍​យ៉ាង​ជិតបំផុត ពីព្រោះ​មេទ័ព​ជប៉ុន​ដឹងថា គន្លឹះ​នៃ​ជោគជ័យ គឺ​ការ​លួច​វាយឆ្មក់​ដោយ​មិន​ឲ្យ​អាមេរិក​ដឹង​ខ្លួនមុន។​

ទិសដៅ​​ដែល​ជប៉ុន​គ្រោង​ធ្វើ​ការវាយប្រហារ គឺ​មូលដ្ឋាន​ទ័ព​ជើងទឹក​អាមេរិក​ប្រចាំ​តំបន់​ប៉ាស៊ីហ្វិក ដែល​មាន​ទីតាំង​នៅ Pearl Harbor រដ្ឋ​ហាវ៉ៃ ចម្ងាយ​ប្រមាណ​ជាង ៦០០០គីឡូម៉ែត្រ​ពី​ប្រទេសជប៉ុន។

នៅ​ក្នុង​យុទ្ធសាស្រ្ត​ទ័ព​របស់​ជប៉ុន ការ​កម្ទេច​មូលដ្ឋាន​ទ័ព​ Pearl Harbor គឺ​ជា​ចំណុច​គន្លឹះ ក្នុងការ​​ឈានទៅ​ត្រួតត្រា​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដើម្បី​រារាំង​អាមេរិក​កុំ​ឲ្យ​ចូល​មក​រំខាន​សកម្មភាព​ឈ្លានពាន​របស់​ជប៉ុន នៅ​ក្នុង​តំបន់​អាស៊ី។ តាមគម្រោងការណ៍របស់​ជប៉ុន ក្រោយ​ពី​បើក​ការ​វាយប្រហារ​លើ​ Pearl Harbor បាន​សម្រេច​ហើយ កងទ័ព​ជប៉ុន​នឹង​បើក​ការ​វាយប្រហារ​ភ្លាមៗ នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដោយ​ឲ្យ​កងទ័ព​ជប៉ុន​ប្រចាំ​នៅ​តំបន់​ឥណ្ឌូចិន​ បើក​ការ​វាយប្រហារ​ចាក់ចូល​តាម​ប្រទេស​ថៃ ដើម្ប​ចូល​ឈ្លានពាន​ដែនដី​អាណានិគម​របស់​អង់គ្លេស នៅ​ភូមា និង​ម៉ាឡេស៊ី ដែនដី​អាណានិគម​របស់​ហូឡង់ នៅ​ឥណ្ឌូណេស៊ី និង​ប្រទេស​ហ្វីលីពីន ដែល​នៅពេលនោះ​ស្ថិត​នៅក្រោម​អាណាព្យាបាល​របស់​អាមេរិក។

មូលដ្ឋានទ័ព​ជើងទឹក​ Pearl Harbor ព្រឹកថ្ងៃ​​ទី៧ ខែ​ធ្នូ ឆ្នាំ​១៩៤១ ត្រូវ​ជា​ថ្ងៃ​អាទិត្យ។ ​ដោយសារតែ​នៅពេលនោះ អាមេរិក​មិនស្ថិត​ក្នុង​ស្ថានភាព​សង្រ្គាម ទាហាន​នៅ​​ Pearl Harbor ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ឈប់សម្រាក នៅថ្ងៃ​អាទិត្យ ដោយ​ទុក​តែ​មួយចំនួន​តូច​ឲ្យ​នៅ​យាម​ប្រចាំការ។

ម៉ោង ៧ព្រឹក ទាហាន​ដែល​​ប្រចាំការ​នៅ​មុខ​រ៉ាដា​ការពារ​ដែន​អាកាស​ហាវ៉ៃ​បាន​កត់សម្គាល់​ឃើញ​យន្តហោះ​យ៉ាងច្រើន​សន្ធឹកសន្ធាប់ ហោះក្នុងល្បឿន​យ៉ាងលឿន ពី​ទីសមុទ្រ សំដៅ​មក​ Pearl Harbor។ ​ក៏ប៉ុន្តែ មេបញ្ជាការ​ទទួលបន្ទុក​រ៉ាដា​បាន​ប្រាប់​ថា​កុំ​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​ ដោយ​គិត​ថា យន្តហោះ​ដែល​រ៉ាដា​ចាប់បាន​នេះ គឺ​ជា​​យន្តហោះ​ចម្បាំង​ ​​ដែល​គេ​បញ្ជូន​ពី​​អាមេរិក​ដីគោក​ ហើយ​​ដែល​តាម​គម្រោង​នឹង​ត្រូវ​មក​ដល់​ Pearl Harbor នៅថ្ងៃ​អាទិត្យ​នោះ។

ក៏ប៉ុន្តែ តាមពិត​យន្តហោះ​អស់ទាំងនេះ គឺ​ជា​យន្តហោះ​ចម្បាំង​របស់​ជប៉ុន ដែល​មាន​សរុប​ទាំងអស់ ចំនួន ជាង ៤០០​គ្រឿង ចែកចេញ​ជា​បីក្រុម ដោយ​​ហោះចេញ​ពី​នាវាផ្ទុក​យន្តហោះចំនួន ៦គ្រឿង អមទៅដោយ​នាវាចម្បាំង​តូចធំ គិត​ជា​សរុប​ចំនួន ជិត ៥០គ្រឿង សំដៅ​ទៅធ្វើការ​វាយប្រហារ​លើ​ Pearl Harbor។ យន្តហោះ​ចម្បាំង​ក្រុម​ទីមួយ​របស់​ជប៉ុន បាន​​ចាប់បើក​ការ​វាយប្រហារ​ទៅលើ​ Pearl Harbor នៅ​ម៉ោង​ប្រមាណ​ជា​ជិត ៨ព្រឹក បន្ត​កន្ទុយ​ជាប់ៗគ្នា​​ដោយ​ក្រុម​ទី២ និង​ក្រុម​ទី៣ ដោយ​មិន​ឲ្យ​អាមេរិក​មាន​ពេល​​អាច​តដៃ​ទាន់។

៩០នាទី​ក្រោយមក ប្រតិបត្តិការ​វាយប្រហារ​លើ​ Pearl Harbor ត្រូវ​បញ្ចប់ ហើយ​កងទ័ព​ជប៉ុន​ក៏​បាន​ដក​ថយ​ចេញ​ទៅវិញ ដោយ​បន្សល់​ទុក​នូវ​ការ​ខូចខាត​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​​ដល់​កងទ័ព​អាមេរិក។ គិតជាសរុប ការ​វាយប្រហារ​របស់​ជប៉ុន​ទៅលើ Pearl Harbor បាន​បណ្តាល​ឲ្យ​អាមេរិក​បាត់បង់​​នាវាចម្បាំង​ចំនួន ១៨គ្រឿង យន្តហោះ​ច្បាំង​ជិត ៣០០គ្រឿង ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​យោធា​​ជាច្រើន​ទៀត ហើយ​កាន់តែ​ធ្ងន់ធ្ងរ​ជាងនេះ​ទៅទៀត គឺ​ការ​បាត់បង់​ជីវិត​​ទាហាន​ប្រមាណ​ជិត ២៥០០នាក់​ និង​ ១០០០នាក់​ផ្សេងទៀត​ត្រូវ​រងរបួស។

ក៏ប៉ុន្តែ បើទោះបីជា​យ៉ាងនេះ​ក៏ដោយ ការវាយប្រហារ​ទៅលើ Pearl Harbor ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​បរាជ័យ​​ដ៏ធំមួយសម្រាប់​​ជប៉ុន។ បរាជ័យ នៅ​ក្នុងន័យថា ​ជប៉ុន​មិន​អាច​ កម្ទេច​ទ័ពជើងទឹក​អាមេរិក​​ប្រចាំ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​បាន​ទាំងស្រុង​ដូចការ​ចង់បាន ដោយសារតែ​​ជប៉ុន​មិន​បាន​កម្ទេច​ឃ្លាំង​ស្តុក​ប្រេង និង​អាវុធ ព្រមទាំង​រោងជាង​សម្រាប់​ជួសជុល​នាវា​នៅ Pearl Harbor។ ចំណែក​​ឯនាវាចម្បាំង​សំខាន់ៗ​របស់​អាមេរិក ជាពិសេស នាវាផ្ទុកយន្តហោះ​ធំៗ​ជាច្រើន​គ្រឿង​ ក៏​មិនស្ថិត​នៅ​ក្នុង​បន្ទាយ នៅ​ព្រឹកថ្ងៃ​អាទិត្យ ទី៧​ធ្នូ​នោះ។

640px-Franklin_Roosevelt_signing_declaration_of_war_against_Japan
លោក Franklin D Roosevelt ប្រធានាធិបតី​អាមេរិក ចុះហត្ថលេខា​លើ​សេចក្តីប្រកាស​សង្រ្គាម​លើ​ជប៉ុន

នៅទីបំផុត​ទៅ ការវាយប្រហារ​ទៅលើ​មូលដ្ឋាន​ទ័ព​នៅ Pearl Harbor មិន​អាច​ធ្វើ​ឲ្យ​ជប៉ុន​ត្រួតត្រា​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ដូច​ដែល​ជប៉ុន​រំពឹង​ទុក​នោះទេ ប៉ុន្តែ ផ្ទុយទៅវិញ តាមរយៈ​ការ​វាយប្រហារ​នេះ ជប៉ុន​បាន​ “ដាស់​យក្ស​ឲ្យ​ភ្ញាក់​ពីដំណេក”។

ជាង​ពីរ​ឆ្នាំ​ក្រោយ​ពី​​មាន​ការ​ប្រទាញប្រទង់គ្នា​នៅ​ក្នុង​ចំណោម​សាធារណមតិ​អាមេរិក ដែល​អ្នក​ខ្លះ​ចង់​ឲ្យ​អាមេរិក​ចូល​ប្រឡូក​ក្នុង​សង្រ្គាម​ ដើម្បី​ជួយ​សម្ព័ន្ធមិត្ត ឯ​ខ្លះ​ទៀត​ទាមទារ​ឲ្យ​អាមេរិក​រក្សា​ខ្លួន​អព្យាក្រឹត ដើម្បី​បញ្ចៀសខ្លួន​ពី​សង្រ្គាម នៅទីបំផុតទៅ គឺ​ចក្រភព​ជប៉ុន តាមរយៈ​ការវាយប្រហារ​លើ​ Pearl Harbor ដែល​បាន​ទាញ​​ប្រជាជន​អាមេរិក​ឲ្យ​មូលមាត់​គ្នា​តែមួយ គឺ​មូលមាត់​គ្នា​ក្នុង​ការ​ធ្វើ​សង្រ្គាម។

នៅថ្ងៃ​ទី៨ ធ្នូ មួយថ្ងៃ​ក្រោយ​ការវាយប្រហារ​លើ​ Pearl Harbor លោក​ Franklin Roosevelt ប្រធានាធិបតី​អាមេរិក​បាន​សុំ​ឲ្យ​សភា​ពេញអង្គ (Congress) ប្រកាស​សង្រ្គាម​លើ​​ជប៉ុន។ សេចក្តីប្រកាស​សង្រ្គាម​ដែល​សភា​អាមេរិក​អនុម័ត​ភ្លាមៗ នៅថ្ងៃ​នោះ។ ៣ថ្ងៃ​ក្រោយមក អាល្លឺម៉ង់ និង​អ៊ីតាលី ដែល​ស្ថិត​ក្នុង​បក្ស​សម្ព័ន្ធ​ត្រីភាគី​ជាមួយ​ជប៉ុន​ ក៏​បាន​ប្រកាស​សង្រ្គាម​លើ​អាមេរិក​វិញ​ដែរ។ សហរដ្ឋ​អាមេរិក​ក៏​បាន​ឈានជើង​ចូល​ក្នុង​សង្រ្គាម​លោកលើកទី២​ជា​ផ្លូវការ៕

ប្រភព៖ RFI

Comments
Loading...