ផលវិបាក​ដែល​បន្សល់ទុក​ដោយ​សង្រ្គាមលោក​លើកទី២

នៅក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង អំពី​ផលវិបាក​ ដែល​បន្សល់ទុក​ដោយ​សង្រ្គាមលោក​លើកទី២។

1280px-Atomic_bombing_of_Japan

នៅ​ក្នុង​តំបន់​អឺរ៉ុប សង្រ្គាម​លោកលើកទី២​​​បាន​បញ្ចប់ នៅ​ខែ​ឧសភា ឆ្នាំ​១៩៤៥ នៅ​​ក្រោយ​ពេល​ដែល​កងទ័ព​សហភាព​សូវៀត និង​កងទ័ព​សម្ព័ន្ធមិត្ត​លោកខាងលិច​បាន​វាយកាន់កាប់​ប្រទេស​អាល្លឺម៉ង់​ ហើយ​ពុះដែនដី​អាល្លឺម៉ង់​ចែកគ្នា​កាន់កាប់។ នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ សង្រ្គាម​បាន​បន្ត​រហូត​ដល់​ខែ​សីហា ទើប​អធិរាជ​ជប៉ុន​ព្រម​ចុះចាញ់សង្រ្គាម ក្រោយ​ពី​អាមេរិក​បាន​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​លើ​ទីក្រុង​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី។

នៅថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥ កិច្ចព្រមព្រៀង​ចុះចាញ់​សង្រ្គាម​ដោយ​ឥតលក្ខខណ្ឌ​ត្រូវ​បាន​​ជប៉ុន តំណាង​ដោយ​រដ្ឋមន្រ្តី​ការបរទេស ចុះហត្ថលេខា នៅលើ​នាវាចម្បាំង​អាមេរិក និង​នៅ​ចំពោះ​មុខ​មេទ័ព​អាមេរិក​ប្រចាំ​តំបន់​អាស៊ីប៉ាស៊ីហ្វិក។ សង្រ្គាម​លោកលើកទី២ ដែល​បាន​ផ្ទុះឡើង កាល​ពីថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​១៩៣៩ ក៏​ត្រូវ​បាន​បញ្ចប់​ជាផ្លូវការ ក៏ប៉ុន្តែ សង្រ្គាម​រយៈពេល ៦ឆ្នាំ​នេះ បាន​បន្សល់​ទុក​នូវ​ការ​ខូចខាត​ដ៏​ធ្ងន់ធ្ងរ​បំផុត​ដល់​មនុស្ស​ជាតិ។

សង្រ្គាម​លោកលើកទី២​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​សង្រ្គាម ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​បំផុត នៅ​ក្នុង​ប្រវត្តិ​សាស្រ្ត​របស់​មនុស្ស​ជាតិ។ ចំនួន​អ្នក​ស្លាប់ នៅ​ក្នុង​សង្រ្គាម​លោកលើកទី២ ត្រូវ​បាន​គេ​វាយតម្លៃ​ផ្សេងៗ​គ្នា នៅ​ក្នុង​ចន្លោះ​ពី ៤០លាន ទៅ ៦០លាននាក់ ដោយ​នៅ​ក្នុង​ចំណោម​នោះ មាន​ជាង​ពាក់កណ្តាល គឺ​ជា​ជនស៊ីវិល។

ប្រជាជន​ដែល​ទទួលរងគ្រោះ​ធ្ងន់ធ្ងរ​ជាងគេ គឺ​សហភាព​សូវៀត និង​ចិន ដែល​ប្រទេស​នីមួយៗ ​មាន​ប្រជាជន​ប្រមាណ ពី ១០លាន ទៅ​ជិត ២០លាន​នាក់ ត្រូវ​ស្លាប់​ដោយ​សង្រ្គាម ក្នុងនោះ ពាក់កណ្តាល​គឺ​ជា​ជនស៊ីវិល។ បើ​គិត​តាម​សមាមាត្រ​នៃ​ចំនួន​ប្រជាជន​សរុបវិញ ​ប៉ូឡូញ គឺ​ជា​ប្រទេស​ដែល​មាន​​អត្រា​ស្លាប់​ខ្ពស់​ជាងគេ គឺ​រហូតដល់​ទៅ​ជិត ២០% ហើយ​ក្នុង​ចំណោម​ប្រជាជន​ប៉ូឡូញ​ទាំង​ជិត ៦លាននាក់ ដែល​ត្រូវ​ស្លាប់​ក្នុង​សង្រ្គាម មាន​ពាក់កណ្តាល គឺ​ជា​ជនជាតិ​ជ្វីហ្វ ដែល​ត្រូវ​ទទួល​រងការ​សម្លាប់​រង្គាល ពីសំណាក់​​របបណាហ្ស៊ី​ហ៊ីត្លែរ។

អាល្លឺម៉ង់​ខ្លួនឯង​ផ្ទាល់ ដែល​ជា​អ្នក​ដុត​បញ្ឆេះ​សង្រ្គាម ក៏​ទទួល​រងនូវការ​ខូចខាត​មិនតិច​នោះដែរ ដោយ​មាន​ប្រជាជន​ស្លាប់​រហូតដល់​ទៅ ៦លាននាក់ ប៉ុន្តែ អ្នក​ស្លាប់​ភាគច្រើន​លើសលុប គឺ​ជា​ទាហាន។ ដូចគ្នា​ដែរ​ចំពោះ​សម្ព័ន្ធមិត្ត​ហ៊ីត្លែរ​នៅ​អាស៊ី គឺ​ចក្រភព​ជប៉ុន ដែល​មាន​ទាហាន​ស្លាប់​ប្រមាណ ២លាននាក់ ឯ​ជនរងគ្រោះស៊ីវិល​មាន​ប្រមាណ​ជា ៥០ម៉ឺននាក់ ក្នុងនោះ​មាន​ប្រមាណ​ជា ១២ម៉ឺននាក់​ជាជនរងគ្រោះ​ក្នុង​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី។

នៅ​​​ឆ្នាំ​១៩៤៦ ប៉ុន្មានខែ​​ក្រោយ​ពី​ចប់​​សង្រ្គាម​លោកលើកទី២ មេដឹកនាំ​​នៃ​​របប​ណាហ្ស៊ី​អាល្លឺម៉ង់​​ ត្រូវ​បាន​គេ​នាំ​យក​ទៅ​កាត់ទោស នៅ​ក្នុង​តុលាការ​យោធា​អន្តរជាតិ​មួយ ដែល​រៀបចំ​បង្កើត​ឡើង​ដោយ​ប្រទេស​មហាអំណាច​ដែល​ជា​អ្នក​​ឈ្នះ​សង្រ្គាម ហើយ​ដែល​មាន​ទីតាំង​នៅ​ក្នុង​ទីក្រុង​នូរ៉ាំប៊ែរ (Nuremberg) ប្រទេស​អាល្លឺម៉ង់។ នៅ​ឯ​ទីក្រុង​តូក្យូវិញ តុលាការ​យោធា​អន្តរជាតិ​មួយ​ទៀត​ក៏​ត្រូវ​បាន​គេ​បង្កើត​ឡើង​ដែរ ដើម្បី​ជំនុំជម្រះ​លើ​បទឧក្រិដ្ឋ ដែល​ប្រព្រឹត្ត​ដោយ​មេដឹកនាំ និង​កងទ័ព​ជប៉ុន។

គិតជា​សរុប មេដឹកនាំ​នយោបាយ​និង​យោធា​កំពូលៗ​ ចំនួន ២៣រូប នៃ​របប​ណាហ្ស៊ី​អាល្លឺម៉ង់ និង​មេដឹកនាំ​កំពូលៗ​ចំនួន ២៨រូប នៃ​ចក្រភព​ជប៉ុន ត្រូវ​បាន​គេ​នាំ​ខ្លួន​យក​ទៅ​ជំនុំជម្រះ​ដោយ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​សង្រ្គាម និង​ឧក្រិដ្ឋកម្ម​ប្រឆាំងមនុស្សជាតិ។ ជនជាប់ចោទ​ភាគច្រើន​ត្រូវ​បាន​តុលាការ​កាត់ទោស​ប្រហារ​ជីវិត ក្នុងនោះ ក៏​រួមមាន​ផងដែរ ហ៊ីដេគី តូចូ នាយករដ្ឋមន្រ្តី​ជប៉ុន​ក្នុង​សម័យ​សង្រ្គាម។

ដំណើរការ​កាត់ទោស​នៅ​តូក្យូ និង​នូរ៉ាំប៊ែរ ត្រូវ​បាន​អ្នក​ខ្លះ​ចាត់ទុក​ថា​ជាដំណើរការ​កាត់ទោស​ដ៏​សំខាន់​បំផុត​មួយ នៅ​ក្នុង​សតវត្សរ៍​ទី២០ ក៏ប៉ុន្តែ ក្នុង​ពេល​ជាមួយគ្នា តុលាការ​អន្តរជាតិ​ទាំងពីរ​នេះ​ក៏​ត្រូវ​ទទួលរងនូវ​ការ​រិះគន់​មិនតិច​ដែរ ដោយសារតែ​គេ​យល់ថា វា​ជា​ដំណើរការ​កាត់ទោស​ដែល​ធ្វើឡើង​ដោយ​ប្រទេស​អ្នក​ឈ្នះ​សង្រ្គាម ទៅលើ​តែ​ប្រទេស​អ្នក​ចាញ់ ឬ​អាច​និយាយ​ដោយ​សាមញ្ញ​ថា “​អ្នក​ឈ្នះ​ជា​ស្តេច អ្នក​ចាញ់​ជា​ចោរ”។

សំណួរ​សួរថា ចុះ​បើ​សិន​ជា​ការ​កាត់ទោស​ត្រូវ​បាន​ធ្វើឡើង​ដោយ​ទូលំទូលាយ ទាំងទៅលើ​ប្រទេស​អ្នក​ឈ្នះ និង​អ្នក​ចាញ់ តើ​អាមេរិក​នឹង​ត្រូវ​ជាប់ទោស​យ៉ាងណា ចំពោះ​ការ​ទម្លាក់​គ្រាប់បែក​នុយក្លេអ៊ែរ​ សម្លាប់​ជនស៊ីវិល​រាប់សែននាក់ នៅ​ហ៊ីរ៉ូស្ហ៊ីម៉ា និង​ណាហ្កាសាគី? តើ​ការ​ទម្លាក់គ្រាប់បែក​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​​ដោយ​អាមេរិក និង​អង់គ្លេស លើ​ទីក្រុង​របស់​អាល្លឺម៉ង់ ដោយ​មិនរើស​មុខ​ថា​ជា​ទីតាំង​ស៊ីវិល ឬ​យោធា នឹង​ត្រូវ​កាត់ទោស​បែបណា?

ទោះជាយ៉ាងណា ដំណើរការ​កាត់ទោស​នៅ​តូក្យូ និង​នូរ៉ាំប៊ែរ ថ្វីដ្បិត​តែ​ជា​យុត្តិធម៌​​មិនគ្រប់ជ្រុងជ្រោយ ដោយ​​ការកាត់ទោស​ត្រូវ​ធ្វើឡើង​តែ​លើ​ប្រទេស​ចាញ់​សង្រ្គាម ក៏ប៉ុន្តែ វា​ជាជំហាន​​ដ៏​សំខាន់​មួយ​​ ឆ្ពោះទៅកែលម្អ​ច្បាប់​អន្តរជាតិ និង​ប្រព័ន្ធ​យុត្តិធម៌​ព្រហ្មទណ្ឌ​អន្តរជាតិ។ ការស៊ើបអង្កេត​​នៅ​ក្នុង​ដំណើរការ​កាត់ទោស​នេះ​បាន​បើក​កកាយ​នូវ​ឧក្រិដ្ឋកម្ម​ធំៗ​ជាច្រើន ជាពិសេស ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ដោយ​ពួក​ណាហ្ស៊ី​អាល្លឺម៉ង់​ទៅលើ​ពួក​ជ្វីហ្វ។ ការ​បើក​កកាយ​ឧក្រិដ្ឋកម្ម ដែល​នាំ​ទៅ​រក​ការ​បង្កើត​​អនុសញ្ញា​ក្រុង​ហ្សឺណែវ​ស្តីពី​បទ​ឧក្រិដ្ឋ​ប្រល័យ​ពូជសាសន៍ និង​សេចក្តីប្រកាស​ជា​សកលស្តីពី​សិទ្ធិមនុស្ស នៅ​ឆ្នាំ​១៩៤៨។ ច្បាប់​សង្រ្គាម​ក៏​ត្រូវ​បាន​កែលម្អ​យ៉ាង​ច្រើន​ផងដែរ តាមរយៈ​​ការ​បង្កើត​អនុសញ្ញា​ក្រុង​ហ្សឺណែវ នៅឆ្នាំ​១៩៤៩។

សង្រ្គាម​លោកលើកទី២​បាន​​បញ្ចប់​នៅ​ឆ្នាំ​១៩៤៥ ក៏ប៉ុន្តែ បានបន្សល់ទុក​នូវ​មរតក​យ៉ាងច្រើន​ដល់​ពិភពលោក នៅក្នុង​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​ក្រោយៗមកទៀត។

ភាព​ខ្ទេចខ្ទាំ​ដែល​បង្ក​ឡើង​ដោយ​សង្រ្គាម​បាន​ដាស់​ស្មារតី​សហគមន៍​អន្តរជាតិ​ឲ្យ​យល់​ពី​សារៈសំខាន់​នៃ​ការ​បង្កើត​យន្តការ​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ជាជាង​ការ​ប្រើ​កម្លាំង​ទ័ព។ នៅ​ថ្ងៃ​ទី២៥ ខែ​តុលា ឆ្នាំ​១៩៤៥ (ជាងមួយខែ​ក្រោយ​ពី​ចប់​សង្រ្គាម​លោកលើកទី២) អង្គការ​សហប្រជាជាតិ​ត្រូវ​បាន​បង្កើតឡើង ដោយ​មាន​ការ​ចូលរួម​យ៉ាងទូលំទូលាយ​ពី​សំណាក់​ប្រទេស​ចំនួន ៥១ នៅទូទាំង​ពិភពលោក។

United_Nations_Headquarters_in_New_York_City,_view_from_Roosevelt_Island
អគារ​ទីស្នាក់ការ​កណ្តាល​របស់​អ.ស.ប (ឆ្វេង) នៅ​ទីក្រុង​ញូវយ៉ក

ការ​សម្លាប់​រង្គាល​ជនជាតិ​ជ្វីហ្វ នៅ​ក្នុង​សង្រ្គាម​លោកលើកទី២ បាន​នាំ​ទៅរក​ការ​បង្កើត​រដ្ឋ​អ៊ីស្រាអែល នៅ​ឆ្នាំ​១៩៤៩ ហើយ​បង្ក​ជា​សង្រ្គាម​ និង​ជម្លោះ​រ៉ាំរ៉ៃ​នៅ​តំបន់​ដើម​បូព៌ា​រហូត​មក​ទល់​នឹង​ពេល​បច្ចុប្បន្ន។

ការ​រីកដុះដាល​នៃ​ចលនា​ជាតិ​និយម ក្នុង​អំឡុង​សង្រ្គាម​បានបង្កើត​ឲ្យ​មាន​​ចលនា​ទាមទារ​ឯករាជ្យ​ ឈាន​ទៅ​​លុបបំបាត់​​​អាណានិគម នៅ​ស្ទើរតែ​គ្រប់កន្លែង​​ទូទាំង​ពិភពលោក។

មហាអំណាច​អឺរ៉ុប រួមមាន អង់គ្លេស និង​បារាំង​ត្រូវ​បាត់បង់​​ដែនដី​អាណានិគម​ម្តងមួយៗ។ បូករួម​ទាំង​ការ​ខូចខាត​យ៉ាង​ខ្ទេចខ្ទាំ​បង្ក​ឡើង​ដោយ​សង្រ្គាម​ផងនោះ អង់គ្លេស និង​បារាំង ដែល​ធ្លាប់​តែ​ជា​មហាអំណាច​ត្រួតត្រា​ពិភពលោក​កាល​ពីមុន​សង្រ្គាម​ក៏​ចាប់ផ្តើម​ធ្លាក់ចុះ​ទន់ខ្សោយ ហើយ​មហាអំណាច​ជំនាន់ថ្មី​ក៏​ចាប់ផ្តើម​លេចមុខឡើង។

សហរដ្ឋ​អាមេរិក គឺ​ជា​ប្រទេស​ដែល​ទទួល​រង​ការ​ខូចខាត​ដោយ​សង្រ្គាម​​តិចតួច​ជាងគេ បើ​ប្រៀបធៀប​នឹង​ប្រទេស​មហាអំណាច​ផ្សេងៗ​ទៀត។ ក្រៅ​ពី​នៅ​កោះ​ហាវ៉ៃ និង​បណ្តា​កោះ​តូចៗ​​មួយចំនួន ​នៅ​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដែល​ទទួលរងការ​វាយប្រហារ​ពី​សំណាក់​កងទ័ព​ជប៉ុន ទឹកដី​របស់​​អាមេរិក​​ ដែល​នៅ​ដាច់ឆ្ងាយ​ពី​គេឯង ហើយ​មាន​មហាសមុទ្រ​ពីរ​ជា​រនាំង​ការពារ បាន​ចៀសផុតទាំងស្រុង​ពី​ការ​វាយប្រហារ​របស់​សត្រូវ។ រោងចក្រ សហគ្រាស ព្រមទាំង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងទៀត​ បន្ត​ដំណើរការ​ដោយ​គ្មាន​អាក់ខាន នៅ​ពេញ​ក្នុង​អំឡុង​សង្រ្គាម​ ហើយ​នៅ​ក្រោយ​សង្រ្គាម ការរីកចម្រើន​នៃ​វិស័យ​ឧស្សាហកម្ម​​ ដែល​មាន​​ទាំង​នៅ​ក្នុង​វិស័យ​ស៊ីវិល និង​ក្នុង​វិស័យ​យោធា បាន​​ធ្វើ​ឲ្យ​អាមេរិក​ក្លាយ​ខ្លួន​ទៅ​ជា​មហាអំណាច​សេដ្ឋកិច្ច​ និង​​​យោធា​ដ៏​ធំបំផុត​នៅលើ​ពិភពលោក។

ក៏ប៉ុន្តែ មិនយូរប៉ុន្មាន មហាអំណាច​ពិភពលោក​ថ្មី​នេះ ត្រូវ​ប្រឈមមុខ​​នឹង​មហាអំណាច​ដ៏ធំមួយ​ទៀត ដែល​ជា​អ្នក​ឈ្នះ​សង្រ្គាម​លោកលើកទី២​ដែរ គឺ​មហាអំណាច​កុម្មុយនិស្ត​​សហភាពសូវៀត។ សង្រ្គាម​លោកលើកទី២​បាន​បិទបញ្ចប់ សង្រ្គាម​ថ្មីមួយទៀត​បាន​ចាប់ផ្តើម​ឡើង គឺ “សង្រ្គាមត្រជាក់”៕

Comments
Loading...