ផលវិបាក​៦​យ៉ាង​​​ដែល​​គួរ​​យល់ដឹង ​​នៅ​ពេល​​​​ឲ្យ​កូន​តូចៗ​​​របស់​លោក​អ្នក​ប្រើ​​ទូរស័ព្ទ​ស្មាតហ្វូន​!

បច្ចុប្បន្ន​នេះ ដោយសារ​ការ​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា ធ្វើ​ឲ្យ​​មនុស្ស​កាន់តែ​ងាយស្រួល​ក្នុង​ទំនាក់​ទំនង​ និង ប្រើប្រាស់​ផ្សេងៗ​ឧបករណ៍​ផ្សេងៗ​។ ​ជាមួយ​គ្នា​នោះ​ដែរ​ ទូរស័ព្ទ​ដៃ​វៃឆ្លាត​ (Smart Phone) មាន​មុខងារ​កាន់​តែ​ទំនើប និង ទាន់សម័យ ដូចជា​ ការ​ថតរូប កម្មវិធី​ហ្គេម​ អ៊ីនធឺណិត និង ​កម្មវិធី​កម្សាន្ត​មួយ​ចំនួន​ទៀត​ដែល​មនុស្ស​ចូលចិត្ត​ប្រើ​។ ដោយសារតែ​បែបនេះ​ហើយ បាន​ជា​មនុស្ស​សឹងគ្រប់គ្នា​ តែង​កាន់​ទូរស័ព្ទ​ក្នុង​ដៃ​ជានិច្ច​។ ​យ៉ាងណាក៏ដោយ ​បើ​តាម​អ្នកជំនាញ​មួយ​ចំនួន​​ឲ្យ​ដឹង​ថា ទូរស័ព្ទ​ដៃ​វៃឆ្លាត​ (Smart Phone) គឺ​មិនសូវ​មាន​ផល​ល្អ​នោះ​ទេ​សម្រាប់​ក្មេងៗ​ ​ដូច្នេះ​​មិន​គួរ​ឲ្យ​ក្មេងៗ​ប្រើប្រាស់​ច្រើន​ពេក​នោះ​ទេ​។​​

s98

ខាងក្រោម​នេះ​គឺ​ជា​ ​ផលវិបាក​៦​យ៉ាង​​ នៅ​ពេល​កូនៗ​របស់​អ្នកប្រើប្រាស់​ទូរស័ព្ទ​ស្មាតហ្វូន​៖

១) ​កាត់​បន្ថយ​ភាព​ស្និទ្ធស្នាល​​​រវាង​ឪពុកម្ដាយ និង កូន​
​​ទូរស័ព្ទ​ដៃ​វៃឆ្លាត​ (Smart Phone) ​គឺ​មាន​កម្មវិធី​ទំនើបៗ​ជាច្រើន​ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជក់ចិត្ត​​ដែល​ខ្វះ​មិន​បាន​។ ​សម្រាប់​ក្មេងៗ​វិញ ប្រសិនបើ​ពួកគេ​ប្រើប្រាស់​ទូរស័ព្ទ​​ប្រភេទ​នេះ ​នឹង​​ធ្វើ​ឲ្យ​ទំនាក់ទំនង​ជាមួយ​នឹង​ឪពុកម្ដាយ​ហាក់​ដូចជា​ មិនសូវ​ស្និទ្ធស្នាល​នោះ​ទេ ព្រោះ​ពួកគេ​ប្រាកដ​ជា​រវល់​​លេង​កម្មវិធី​​ក្នុង​ទូរស័ព្ទ​។ ​

ទំនាក់ទំនង​ល្អ​របស់​មនុស្ស​គឺ​អាច​កើតឡើង​បាន​ លុះត្រាតែ​ពួកគេ​មាន​ពេល​គ្រប់គ្រាន់​សម្រាប់​គ្នា​ទៅ​វិញ​ទៅមក​ ជាពិសេស​រវាង​ឪពុកម្ដាយ​ និង កូនៗ​ ដូច្នេះ​ប្រសិនបើ​កូនៗ​របស់​លោក​អ្នក​ចំណាយ​ពេល​ច្រើន​លើ​ទូរស័ព្ទ​បែបនេះ​ វា​មាន​ន័យ​ថា ​នឹង​ធ្វើ​ឲ្យ​ភាព​ស្និទ្ធស្នាល​ចុះថយ​។

២) ​កាត់បន្ថយ​ភាព​ច្នៃប្រឌិត​របស់​ក្មេងៗ
​ក្មេងៗ​ ពិតជា​ត្រូវការ​ការរៀនសូត្រ និង​ ក្រេប​យក​ចំណេះដឹង​​ជាច្រើន​​ ជាពិសេស​ដើម្បី​​​ពង្រឹង​សមត្ថភាព​ នៅ​ពេល​អនាគត​​។ ប៉ុន្តែ​តើ​មាន​អ្វី​កើត​ឡើង​ ប្រសិនបើ​កូនៗ​របស់​អ្នក មួយថ្ងៃៗ​រវល់​តែ​លេង​ទូរស័ព្ទ? ​​​​​​​អ្វីៗ​ស្ទើរ​គ្រប់​យ៉ាង​មាន​នៅ​ក្នុង​ទូរស័ព្ទ​វៃឆ្លាត​ ដូច្នេះ​ពួកគេ​មិន​អាច​ប្រើប្រាស់​សមត្ថភាព​របស់​ខ្លួន​ ក្នុង​ការ​គិត និង ធ្វើ​អ្វី​ដោយ​ខ្លួនឯង​នោះ​ទេ។ ​​ក្នុង​ស្ថានភាព​បែបនេះ ​នឹង​ធ្វើ​ឲ្យ​ពួកគេ​នឹង​​មិនសូវ​មានគំនិត​ច្នៃប្រឌិត​ច្រើន​នោះ​ទេ​ ពោល​គឺ​ប្រើ​អ្វី​ដែល​មាន​ស្រាប់​ប៉ុណ្ណោះ​។

៣) ​ធ្វើ​ឲ្យ​ក្មេងៗ​គេង​បាន​តិចតួច​
​​​​​ក្មេងៗ​មួយ​ចំនួន​ ចូលចិត្ត​លេង​ហ្គេម​តាម​ទូរស័ព្ទ និង កម្មវិធី​កម្សាន្ត​មួយ​ចំនួន​ទៀត​ស្ទើរ​គ្រប់ពេល​ទៅ​ហើយ រហូត​ភ្លេច​គេង​ទៀត​ក៏​មាន។ ចំណុច​នេះ​ពិត​ជា ផ្តល់​ផល​អវិជ្ជមាន​សម្រាប់​ពួកគេ​ ព្រោះ​ក្មេងៗ​ត្រូវការ​ពេល​វេលា​សម្រាក​គ្រប់គ្រាន់​ ដើម្បី​ធានា​បាន​ថា មាន​​សុខភាព​ល្អ។ ដូច្នេះ​ហើយ​ ក្នុង​នាម​ជា​ឪពុកម្ដាយ​ ត្រូវ​គិត​អំពី​ចំណុច​នេះ​ព្រោះ​បើ​មិន​ដូច្នោះ​ទេ កូនៗ​របស់​អ្នក​នឹង​មិន​អាច​មាន​ពេលវេលា​គេង​គ្រប់គ្រាន់​ដើម្បី​សម្រាក​​នោះ​ទេ​។

៤) ធ្វើឲ្យ​ការសិក្សា​ចុះ​ខ្សោយ​​
បើ​មួយ​ថ្ងៃៗ​រវល់​តែ​លេង​កម្មវិធី​ក្នុង​ទូរស័ព្ទ​វៃឆ្លាត​នោះ ​វា​នឹង​ធ្វើ​ឲ្យ​កូនៗ​របស់​អ្នក​​ភ្លេច​អាន​សៀវភៅ និង ធ្វើ​កិច្ចការ​សាលា​ជាដើម​។ ប្រការ​នេះ​ នឹង​បណ្តាល​ឲ្យ​ក្មេងៗ​លែង​យកចិត្ត​ទុកដាក់​លើ​ការ​សិក្សា​​ ហើយ​យូរៗ​​ទៅ ពួកគេ​ប្រាកដជា​​ក្លាយជា​សិស្ស​អន់​​មិនខាន​។ ដូច្នេះហើយ​ អ្នក​ត្រូវតែ​គិតគូរ​ឲ្យ​បាន​ច្បាស់​ពី​ចំណុច​នេះ ដោយ​ព្យាយាម​កុំ​ឲ្យ​កូនៗ​ប្រើប្រាស់​ទូរស័ព្ទស្មាតហ្វូន​​ច្រើន​ពេក​​។

៥) ធ្វើឲ្យ​ពួកគេ​មិន​សូវ​មាន​ទំនាក់ទំនង​ក្នុង​សង្គម​
​​ការ​ទំនាក់ទំនង​​ក្នុង​សង្គម​ គឺ​កើតឡើង​បាន​ទាល់តែ​មនុស្ស​ម្នាក់ៗ​មាន​ការ​ប្រាស្រ័យ​ទាក់ទង​ច្រើន​ជា​មួយ​ សាច់ញាតិ​ មិត្តភក្ដិ​ និង មនុស្ស​ជុំវិញ​ខ្លួន​។​ ប៉ុន្តែ​សម្រាប់​ក្មេងៗ​តូចៗ​ដែល​មួយថ្ងៃៗ​រវល់​តែង​កាន់​ទូរស័ព្ទ​​នោះ ​វា​ប្រាកដជា​ធ្វើ​ឲ្យ​ពួកគេ​មិន​មាន​ពេលវេលា​សមស្រប​ដើម្បី​និយាយ​ស្តី និង ទាក់ទង​ជាមួយ​នឹង​មនុស្ស​ជុំវិញ​ខ្លួន​ឡើយ​។ ក្នុង​ស្ថានភាព​នេះ​ ប្រសិន​បើ​ក្មេងៗ​ទាំងនោះ​ខ្វះ​ការ​ប្រាស្រ័យ​ទាក់ទង​កាន់តែ​យូរៗ​ទៅ ពួកគេ​នឹង​មិនអាច​មាន​ទំនាក់ទំនង​ក្នុង​សង្គម​ល្អ​ឡើយ​។

៦) ​​អាកប្បកិរិយា​ហិង្សា​អាច​ជះឥទ្ធិពល​លើ​ក្មេងៗ​​
​​កម្មវិធី​​ក្នុង​ទូរស័ព្ទ​មួយ​ចំនួន​ ជាពិសេស​ហ្គេម​ គឺ​បញ្ចូល​សកម្មភាព​វាយ​ប្រយុទ្ធ​ ឬ បែប​ហិង្សា​មួយ​ចំនួន​។ ​កម្មវិធី​ទាំងនេះ​ ពិតជា​មាន​ឥទ្ធិពល​ខ្លាំង​លើ​ក្មេងៗ​តូចៗ​ដែល​ចូលចិត្ត​លេង។ ក្មេង​ងាយ​នឹង​ទទួល​យក​អ្វី​ដែល​នៅ​ជុំវិញ​ខ្លួន​ខ្លាំង​ណាស់​ ជាពិសេស​ជាមួយ​អ្វី​ដែល​ពួកគេ​ចូលចិត្ត​លេង​ជា​មួយ​។ ដោយសារតែ​បែបនេះ​ហើយ បាន​ជា​ក្មេងៗ​មួយ​ចំនួន​តែង​បញ្ចេញ​អាកប្បកិរិយា​បែប​ហិង្សា​នៅ​ពេល​មាន​ អ្វីមួយ​កើតឡើង​​ ដែល​នេះ​គឺជា​ចំណុច​មិនល្អ​ឡើយ​៕​

ប្រភព៖ BNEWS

Comments
Loading...