ការ​ផ្ទុះឡើង​នៃ​សង្រ្គាមលោក​លើកទី២​ខែ​កញ្ញា​ឆ្នាំ​១៩៣៩

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូម​លើកឡើង​អំពី​ការ​ឈ្លានពាន​ប៉ូឡូញ ដោយ​ហ៊ីត្លែរ ដែល​នាំ​ឲ្យ​ផ្ទុះ​សង្រ្គាម​លោក​លើកទី២ នៅ​ខែ​កញ្ញា ឆ្នាំ​១៩៣៩។

Bundesarchiv_Bild_146-1976-071-36,_Polen,_an_der_Brahe,_deutsche_Panzer

នៅ​ដើមឆ្នាំ​១៩៣៩ ក្រោយ​ពី​អាល្លឺម៉ង់​បាន​ចូល​ឈ្លានពាន​កាន់កាប់​ប្រទេស​អូទ្រីស និង​ឆេកូស្លូវ៉ាគី មហាអំណាច​អឺរ៉ុប ដែល​ឈ្នះ​សង្រ្គាម​លោកលើកទី១ គឺ​បារាំង និង​អង់គ្លេស ក៏​ចាប់ផ្តើម​ភ្ញាក់​ដឹងខ្លួន ពី​មហិច្ឆតា​​វាតទី​និយម​របស់​ហ៊ីត្លែរ។

គណៈរដ្ឋមន្រ្តី​បារាំង​បាន​ប្រជុំ​សម្រេច​គ្នា​ថា គេ​មិន​អាច​បន្ត​ទុក​បណ្តោយ​ឲ្យ​ហ៊ីត្លែរ​ឈ្លានពាន​ទៅលើ​ប្រទេស​ណាមួយ​ជាថ្មី​ទៀត​នោះទេ។ ចំណែក​នាយករដ្ឋមន្រ្តី​អង់គ្លេស​វិញ បាន​ចេញ​មុខ​ប្រកាស​ជាសាធារណៈ នៅថ្ងៃ​ទី១៧ ខែមីនា ឆ្នាំ​១៩៣៩​ថា ប្រសិនបើ​អាល្លឺម៉ង់​ធ្វើការ​ឈ្លានពាន​ទៅលើ​ប្រទេស​តូចតាច​ណាមួយ​ថ្មី​ទៀត អង់គ្លេស​នឹង​ចេញមុខ​រារាំង ដោយ​​ប្រើ​គ្រប់​អំណាច​ទាំងអស់​ដែល​ខ្លួន​មាន។ ការ​ប្រកាស​នេះ គឺ​ជា​សារព្រមាន​យ៉ាង​ច្បាស់ៗ​ទៅដល់​ហ៊ីត្លែរ​ថា សង្រ្គាម​នឹង​ត្រូវ​ផ្ទុះឡើង បើ​ហ៊ីត្លែរ​នៅតែ​​បន្ត​សកម្មភាព​ឈ្លានពាន​របស់​ខ្លួន​តទៅទៀត។

ក៏ប៉ុន្តែ បើទោះបី​ជា​មាន​ការ​ព្រមាន​បែបនេះ​ក៏ដោយ ហ៊ីត្លែរ​នៅតែ​មិនខ្វល់ ហើយ​​ចាប់ផ្តើម​រៀបចំ​​​អនុវត្ត​ផែនការ​ជំហាន​ទី៣​របស់​ខ្លួន គឺ​ចូល​ឈ្លានពាន​​ប្រទេស​ប៉ូឡូញ ដែល​ទឹកដី​មួយ​ផ្នែក​ធំ ធ្លាប់​ជា​របស់​អាល្លឺម៉ង់ កាល​ពី​មុន​សង្រ្គាម​លោក​លើកទី១។

នៅថ្ងៃ​ទី៣១ ខែមីនា ឆ្នាំ​១៩៣៩ មួយសប្តាហ៍​ក្រោយ​ពី​បាន​ប្រកាស​ធានា​ការពារ​ប៊ែលហ្ស៊ិក ហូឡង់ និង​ស្វ៊ីស ពី​ការ​ឈ្លានពាន បារាំង និង​អង់គ្លេស ក៏​បាន​ចេញ​សេចក្តីប្រកាស​រួមគ្នា​មួយ​ធានា​ការពារ​ឯករាជ្យ​ប្រទេស​ប៉ូឡូញ។ ពីរសប្តាហ៍​ក្រោយ​មក​ទៀត នៅថ្ងៃ​ទី១៣ ខែមេសា បារាំង និង​អង់គ្លេស​បាន​ប្រកាស​ធានា​ការពារ​ប្រទេស​ពីរ​ទៀត គឺ​ រ៉ូមានី និង​ក្រិក ក្រោយ​ពី​ម៉ូសូលីនី មេដឹកនាំ​អ៊ីតាលី​បាន​យក​តម្រាប់​តាម​ហ៊ីត្លែរ ហើយ​ចូល​ឈ្លានពាន​កាន់កាប់​ប្រទេស​អាល់បានី។

ទោះជាយ៉ាងណា វិបត្តិ​នៅ​ប៉ូឡូញ នៅតែ​ជា​ចំណុច​ក្តៅ ហើយ​បារាំង និង​អង់គ្លេស​​​​​​​ក៏​ព្យាយាម​បញ្ចុះបញ្ចូល​​សហភាព​សូវៀត​មួយទៀត​​ឲ្យ​ចូលរួម​ក្នុង​កិច្ចព្រមព្រៀង​ការពារ​ប៉ូឡូញ ដើម្បី​ឲ្យ​មាន​កម្លាំង​កាន់តែ​ច្រើន ទុក​កម្លា​ហ៊ីត្លែរ។ ក៏ប៉ុន្តែ ការចូលរួម​របស់​សហភាព​សូវៀត នៅ​ក្នុង​កិច្ចព្រមព្រៀង​ការពារ​ប៉ូឡូញ​នេះ ត្រូវ​ប្រឈមមុខ​នឹង​បញ្ហា​ស្មុគស្មាញ ដោយសារ​តែ​​សូវៀត​ក៏​ជា​គូសត្រូវ ដែល​ចាំតែ​​ឱកាស​លេបត្របាក់​ទឹកដី​របស់​ប៉ូឡូញ​ដែរ ​​​ដែល​ជា​​​ហេតុ​ធ្វើ​ឲ្យ​រដ្ឋាភិបាល​ប៉ូឡូញ​មិន​ទុកចិត្ត ខ្លាច​​សូវៀត​ទាមទារ​កាត់​យក​ទឹកដី​មួយ​ផ្នែក នៅ​​ខាង​កើត​ប៉ូឡូញ ដើម្បី​ជាថ្នូរ​នឹង​ការ​ចូល​មក​ជួយ​ទប់ទល់​នឹង​ហ៊ីត្លែរ។ ហេតុដូច្នេះ​ហើយ​បាន​ជា​រដ្ឋាភិបាល​ប៉ូឡូញ​បាន​​ជំទាស់​ដាច់ខាត​មិន​ឲ្យ​កងទ័ព​សូវៀត​ចូល​មក​​ឈរជើង​នៅលើ​ទឹកដី​របស់​ខ្លួន។ ការចរចា ​រវាង​បារាំង និង​អង់គ្លេស ជាមួយ​ស្តាលីន ក៏​ត្រូវ​ទទួលបរាជ័យ នៅ​ពាក់​កណ្តាល​ឆ្នាំ​១៩៣៩។

បារាំង និង​អង់គ្លេស មិន​អាច​ទាក់ទាញ​ស្តាលីន​​ឲ្យ​ចូល​រួម​ក្នុង​កិច្ចព្រមព្រៀង​ការពារ​ប្រទេស​ប៉ូឡូញ ពី​ដៃ​ហ៊ីត្លែរ ដោយសារ​តែ​មិនមាន​អ្វី​ឲ្យ​សូវៀត​ជា​ថ្នូរ។ ហ៊ីត្លែរ​វិញ​ ខុសពី​​បារាំង និង​អង់គ្លេស។

តាមការពិត នៅ​ក្នុងពេល​ដែល ស្តាលីន​កំពុង​ចរចា​ជាមួយ​បារាំង និង​អង់គ្លេស ហ៊ីត្លែរ​​ក៏​បាន​ខ្នះខ្នែង​យ៉ាង​ខ្លាំង​ដែរ ដើម្បី​បញ្ចុះបញ្ចូល​សូវៀត​កុំ​ឲ្យ​លូកដៃ​ចូល​ធ្វើ​អន្តរាគមន៍​រារាំង​ការឈ្លានពាន​របស់​អាល្លឺម៉ង់ ទៅលើ​​​ប៉ូឡូញ ហើយ​ហ៊ីត្លែរ​មាន​កាដូ​ដ៏​ធំមួយ​ជាថ្នូរ​មកវិញ គឺ​សន្យា​ឲ្យ​ស្តាលីន​កាត់​យក​ទឹកដី​មួយផ្នែក​ធំ នៅ​ប៉ែក​ខាង​កើត​ប៉ូឡូញ។ ស្តាលីន​​​យល់ព្រម ហើយ​នៅថ្ងៃ​ទី២២ ខែ​សីហា ​សូវៀត និង​អាល្លឺម៉ង់​ក៏​បាន​ចុះ​កិច្ចព្រមព្រៀង​មិនឈ្លានពាន​គ្នា ដោយ​នៅ​ក្នុងនោះ មាន​ខ​សម្ងាត់​មួយ​ចែងថា នៅ​ក្នុងពេល​មាន​សង្រ្គាម​ រវាង​អាល្លឺម៉ង់ និង​ប៉ូឡូញ សូវៀត​អាច​កាត់​យក​ទឹកដី​ប៉ែក​ខាង​កើត​ប៉ូឡូញ ព្រមទាំង​ប្រទេស ៣ នៅ​ជុំវិញ​សមុទ្រ​បាល់ទិក គឺ​ឡេតូនី លីទុយអានី និង​អេស្តូនី យក​ទៅ​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន។ ជោគវាសនា​របស់​ប៉ូឡូញ​ត្រូវ​បាន​កំណត់​មិនមែន​ដោយ​ព្រហ្មលិខិត​ទេ តែ​ដោយ​កិច្ចព្រមព្រៀង​ហ៊ីត្លែរ-ស្តាលីន។

ហ៊ីត្លែរ​បាន​រៀបចំ​ផែនការ​ឲ្យ​កងទ័ព​អាល្លឺម៉ង់ វាយ​លុក​ទៅតាម​ពីរ​មុខសញ្ញា​ព្រមៗ​គ្នា ក្នុងគោលដៅ ចូលកាន់កាប់​ទីក្រុង​វ៉ាសូវី​របស់​ប៉ូឡូញ។ ក៏ប៉ុន្តែ ហ៊ីត្លែរ​នៅ​ត្រូវការ​លេស​សមហេតុសមផល​មួយ ដើម្បី​អាច​ចូល​ឈ្លានពាន​ប៉ូឡូញ។

នៅ​យប់ថ្ងៃ​ទី៣១ ខែ​សីហា ឆ្នាំ​១៩៣៩ កងកុម្មង់ដូ​អាល្លឺម៉ង់​​​ក្នុង​ឯកសណ្ឋាន​ជា​​ទាហាន​ប៉ូឡូញ​បាន​បើក​ការ​វាយប្រហារ​ទៅលើ​ទីតាំង​មួយ​ចំនួន នៅ​ក្នុង​ទឹកដី​អាល្លឺម៉ង់​ ​ក្បែរ​ព្រំដែន​ជាមួយ​ប៉ូឡូញ។ ហ៊ីត្លែរ​បាន​លេស​ថា​ប៉ូឡូញ​ជា​អ្នក​វាយប្រហារ​លើ​អាល្លឺម៉ង់​មុន ក៏​​​បញ្ជូន​ទ័ព​វាយលុក​ចូល​ឈ្លានពាន​ប៉ូឡូញ នៅព្រឹក​ព្រលឹម​ថ្ងៃ​ទី១ ខែ​កញ្ញា។

នៅថ្ងៃ​ទី៣ កញ្ញា បារាំង និង​អង់គ្លេស​បាន​ដាក់​ឱសានវាទ​ឲ្យ​ហ៊ីត្លែរ​ដក​កងទ័ព​ចេញ​ពី​ប៉ូឡូញ។ នៅ​យប់ថ្ងៃ​ដដែល ឱសានវាទ​ត្រូវ​ផុត​កំណត់ ហ៊ីត្លែរ​មិនដក​ទ័ព បារាំង និង​អង់គ្លេស ក៏​បាន​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់ ហើយ​សង្រ្គាម​លោក​លើកទី២ ក៏​បាន​ចាប់ផ្ទុះឡើង។

ក៏ប៉ុន្តែ នៅពេលនោះ បារាំង និង​អង់គ្លេស ថ្វីដ្បិត​តែ​បាន​ប្រកាស​សង្រ្គាម​លើ​អាល្លឺម៉ង់ តែ​មិន​បាន​​ធ្វើ​សកម្មភាព​យោធា​អ្វី​ធំដុំ​​នោះទេ ដោយ​ទុក​ឲ្យ​ប៉ូឡូញ​ប្រឈមមុខ​នឹង​កងទ័ព​របស់​ហ៊ីត្លែរ​តែ​ម្នាក់ឯង។ មិនតែ​ប៉ុណ្ណោះ ប៉ូឡូញ​ត្រូវ​ប្រឈមមុខ​នឹង​​កងទ័ព​របស់​ស្តាលីន ដែល​បាន​​វាយលុក​ចូល​​ប៉ូឡូញ​ពីទិស​ខាង​កើត នៅថ្ងៃ​ទី១៧ ខែ​កញ្ញា ស្រប​ទៅតាម​អ្វី​ដែល​បាន​ព្រមព្រៀង​គ្នា​ជាមួយ​ហ៊ីត្លែរ កាល​ពី​ខែ​សីហា។

នៅថ្ងៃ​ទី៦​តុលា កងទ័ព​ប៉ូឡូញ​ត្រូវ​ទទួល​បរាជ័យ​ទាំងស្រុង ហើយ​ទឹកដី​ប៉ូឡូញ​ត្រូវ​បាន​​ហ៊ីត្លែរ និង​ស្តាលីន ពុះជាពីរ​ចែក​គ្នា​កាន់​កាប់​មួយ​ចំណែក​ម្នាក់។

ក្រោយ​ពី​ទទួល​ជ័យ​ជម្នះ​នៅ​​ប៉ូឡូញ​ ស្តាលីន​បានងាក​ទៅ​វាយលុក​ចូល​ហ្វាំងឡង់ ចំណែក​ហ៊ីត្លែរ​វិញ បាន​បង្វែរ​កងទ័ព​ចេញ​ពី​ប៉ូឡូញ មក​ទិស​ខាងលិច ដើម្បី​ត្រៀម​តទល់​ជាមួយ​បារាំង និង​អង់គ្លេស។ នៅ​សមរភូមិ​ទិស​ខាងលិច​នេះ ការ​វាយប្រយុទ្ធគ្នា​​បាន​កើតមាន​តែ​នៅទីសមុទ្រ រវាង​នាវាចម្បាំង​អាល្លឺម៉ង់ និង​អង់គ្លេស ហើយ​ជាថ្មី​ម្តងទៀត អាល្លឺម៉ង់​បាន​ប្រើ​តាក់ទិក​ដដែល ដូចកាល​ពី​សង្រ្គាម​លោកលើកទី១ គឺ​ប្រើ​នាវាមុជទឹក​បាញ់​ពន្លិច​នាវាដឹក​ទំនិញ​ចេញចូល​ប្រទេស​អង់គ្លេស។

រហូតដល់​ជិត​ពាក់កណ្តាល​ឆ្នាំ​១៩៤០ ទើប​សមរភូមិ​ជើងគោក​ទ្រង់ទ្រាយ​ធំ​បាន​ចាប់ផ្តើម​ឡើង ក្រោយ​ពី​ទាហាន​ហ៊ីត្លែរ​បាន​វាយលុក​ទៅលើ​ន័រវែស ដាណឺម៉ាក បន្ទាប់មក ទៅលើ​ហូឡង់ និង​ប៊ែលហ្ស៊ិក ហើយ​ឆ្លង​ចូល​ទៅ​ក្នុង​ប្រទេស​បារាំង នៅ​ខែ​ឧសភា ឆ្នាំ​១៩៤០៕

ប្រភព៖ RFI

Comments
Loading...