ការ​ភ្ជាប់​ទឹកដី​កម្ពុជាក្រោម ​(កូសាំងស៊ីន) ​ទៅក្នុង​ប្រទេស​វៀតណាម​ឆ្នាំ១៩៤៩

នៅ​ក្នុង​នាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅ​សប្តាហ៍​នេះ សេង ឌីណា សូមបន្ត​លើកឡើង អំពី​ដំណើរការ​រំសាយ​អាណានិគម​នៅ​ឥណ្ឌូចិន ដោយ​ផ្តោត​ជាពិសេស​ទៅលើ​បញ្ហា​​កូសាំងស៊ីន (ឬ​កម្ពុជាក្រោម)។

Auriol_BaoDai
លោក Vincent Auriol ប្រធានាធិបតី​បារាំង​ពី​ឆ្នាំ​១៩៤៧ ដល់​១៩៥៤ និង​អតីត​អធិរាជ​​អាណ្ណាម បាវ ដាយ

សហភាព​ឥណ្ឌូចិន​ ដែល​ស្ថិត​ក្រោម​អាណានិគម​បារាំង តាំង​ពី​​សតវត្សរ៍​ទី​១៩ ​ត្រូវ​បែងចែក​ជា ៥រដ្ឋ​ផ្សេងគ្នា គឺ​ កម្ពុជា ឡាវ តុងកឹង (វៀតណាម​ខាង​ជើង) អាណ្ណាម (វៀតណាម​កណ្តាល) និង​កូសាំងស៊ីន (កម្ពុជាក្រោម) ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​វៀតណាម​បច្ចុប្បន្ន។ កម្ពុជា ឡាវ តុងកឹង និង​អាណ្ណាម ថ្វីដ្បិត​តែ​ត្រូវ​ស្ថិត​ក្រោម​អំណាច​អាណានិគម​បារាំង ក៏ប៉ុន្តែ នៅមាន​ទម្រង់​ជា​ប្រទេស​ និង​មាន​អំណាច​នយោបាយ​ដាច់​ពី​បារាំង។ ផ្ទុយទៅវិញ កូសាំងស៊ីន​ត្រូវ​បាន​បារាំង​កាត់យក​មក​ធ្វើ​ជាអាណាខេត្ត​របស់​ខ្លួន​ទាំងស្រុង ដោយ​មាន​លក្ខន្តិកៈ​ជា​ដែនដីបារាំង​នៅ​នាយសមុទ្រ ​(Territoire d’Outre-mer)។

កូសាំងស៊ីន​​ធ្លាប់​ជា​ទឹកដី​របស់​នគរ​ខ្មែរ ក៏ប៉ុន្តែ ត្រូវ​នគរ​អាណ្ណាម​ចូល​មក​កាន់កាប់ និង​​កាត់​យក​ទៅ​ធ្វើ​ជា​ទឹកដី​របស់​ខ្លួន ចាប់ពី​​ក្នុង​អំឡុង​សតវត្សរ៍​ទី១៧ មុននឹង​ត្រូវ​បារាំង​ច្បាំង​ដណ្តើម​យក​មក​កាន់កាប់ នៅ​ឆ្នាំ​១៨៦២។

នៅ​ឆ្នាំ​១៨៦៤ នៅក្រោយ​ពេល​ដែល​ព្រះបាទ​នរោត្តម​ព្រម​ដាក់​កម្ពុជា​ឲ្យ​ស្ថិត​ក្រោម​អាណាព្យាបាល​បារាំង លោក​ Pierre-Paul de la Grandière ទេសាភិបាល​បារាំង​នៅ​កូសាំងស៊ីន ធ្លាប់បាន​សន្យា​ថា​នឹង​ជួយ​កម្ពុជា​ឲ្យ​​យក​មកវិញ​នូវ​​ទឹកដី​ដែល​បាត់បង់​ទៅ​ប្រទេស​ជិតខាង។ ក៏ប៉ុន្តែ ពាក្យសន្យា​នេះ បារាំង​បាន​ធ្វើ​​​តែ​ចំពោះ​ទឹកដី​ដែល​​ខ្មែរ​បាត់បង់​ទៅ​សៀម​តែ​ប៉ុណ្ណោះ។ ចំពោះ​ទឹកដី​កម្ពុជា​ក្រោម​វិញ បន្ទាប់​ពី​បាន​ដណ្តើម​ពី​វៀតណាម​មក​កាន់កាប់​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​អស់រយៈពេល​ជិត១សតវត្សរ៍ បារាំង​ស្រាប់​តែ​បាន​ប្រគល់​ទៅ​ឲ្យ​វៀតណាម​វិញ នៅ​ឆ្នាំ​១៩៤៩ ដោយ​មិន​កាត់​មក​ឲ្យ​ខ្មែរ​​ដែល​ជា​ម្ចាស់​ដើម​នោះទេ។

ការណ៍ដែល​បារាំង​សម្រេច​កាត់​ទឹកដី​កម្ពុជាក្រោម​ទៅ​ឲ្យ​វៀតណាម​ត្រូវ​បាន​ធ្វើឡើង នៅ​ក្នុង​បរិបទ​នៃ​សង្រ្គាម​ឥណ្ឌូចិន ដែល​បារាំង​ត្រូវ​ប្រឈមមុខ​នឹង​ចលនាឧទ្ទាម​កុម្មុយនិស្ត​វៀតណាម គឺ​ពួក​វៀតមិញ។

នៅ​ក្នុង​អំឡុង​សង្រ្គាម​លោកលើកទី២ ពេល​ដែល​បារាំង​ត្រូវ​ធ្លាក់​ចុះខ្សោយ តំបន់​ឥណ្ឌូចិន​​ត្រូវ​ធ្លាក់​ក្រោម​ការ​កាន់កាប់​របស់​ជប៉ុន។ ​ក្រោយ​ពេល​ដែល​ជប៉ុន​ចាញ់​សង្រ្គាម​លោកលើកទី២ នៅ​ឆ្នាំ​១៩៤៥ ទើប​បារាំង​ចូល​មក​ត្រួតត្រា​ឥណ្ឌូចិន​ឡើងវិញ ក៏ប៉ុន្តែ ដោយ​មើល​ឃើញ​ពី​ការ​រីកដុះដាល​នៃចលនា​ទាមទារ​ឯករាជ្យ បារាំង​ដឹងច្បាស់​ថា ខ្លួន​នឹង​មិន​អាច​កាន់កាប់​តំបន់​ឥណ្ឌូចិន​ពេញ​ដៃ​ដូចកាល​ពីមុនសង្រ្គាម​នោះទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​ដាក់ចេញ​នូវផែនការ​​មួយ គឺ​​កែប្រែ​សហភាព​ឥណ្ឌូចិន​ឲ្យ​ទៅ​ជា “សហព័ន្ធ​ឥណ្ឌូចិន” ដោយ​ប្រទេស​ជា​សមាជិក​នីមួយៗ​ត្រូវ​ទទួលបាន​ឯករាជ្យ​ស្ទើរតែ​ពេញលេញ ពោលគឺ​ ត្រូវ​ក្តោបក្តាប់​​អំណាច​ទាំងអស់ លើកលែង​តែ​​វិស័យ​កងទ័ព និង​ហិរញ្ញវត្ថុ ដែល​ត្រូវ​បន្ត​ស្ថិត​ក្នុងដៃ​បារាំង។

ជាមួយ​កម្ពុជា និង​ឡាវ ការចរចា​ជុំវិញ​លក្ខន្តិកៈ​ពាក់កណ្តាល​ឯករាជ្យ​នេះ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​​គ្មាន​ឧបសគ្គ​អ្វី​ធំដុំ​នោះទេ ហើយ​នៅ​ក្នុង​ពេល​កំពុង​រង់ចាំ​ការចុះ​សន្ធិសញ្ញា​ជា​ស្ថាពរ ​កិច្ចព្រមព្រៀង​បណ្តោះអាសន្ន​ (Modus vivendi) ត្រូវ​បាន​ចុះ​រវាង​បារាំង និង​កម្ពុជា នៅ​ថ្ងៃ​ទី​៧ ខែ​មករា ឆ្នាំ​១៩៤៦ និង​រវាង​បារាំង និង​ឡាវ នៅ​ថ្ងៃ​ទី២៧ ខែ​សីហា​ឆ្នាំ​ដដែល។

ជាមួយ​វៀតណាមវិញ ការចរចា​ត្រូវ​ជួប​នឹង​បញ្ហា​ស្មុគស្មាញ​ច្រើន ម្យ៉ាង ដោយសារ​តែ​វៀតណាម​នៅ​ពេលនោះ​មិនមែន​ជា​ប្រទេស​រួមគ្នា​តែមួយ ពោលគឺ​ ត្រូវ​ចែក​ជា​តុងកឹង និង​អាណ្ណាម ដែល​មាន​អំណាច​នយោបាយ​ដាច់ចេញ​ពី​គ្នា​ ហើយ​ម្យ៉ាងទៀត គឺ​ដោយសារ​តែ​មាន​ចលនា​កុម្មុយនិស្ត​វៀតមិញ ដែល​បាន​ប្រកាស​ឯករាជ្យ​ជា​ឯកតោ​ភាគី​បង្កើត​ជា​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​រួចទៅហើយ តាំង​ពីថ្ងៃ​ទី២ ខែ​កញ្ញា ឆ្នាំ​១៩៤៥។

នៅ​ក្នុងការ​ចរចា​ជាមួយ​បារាំង ហូ ជីមិញ ដែល​ជា​ប្រមុខដឹកនាំ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​វៀតណាម​ ហើយ​ដែល​មាន​មូលដ្ឋាន​នៅ​តុងកឹង (វៀតណាម​ខាងជើង) បាន​ទាមទារ​ឲ្យ​បារាំង​ប្រគល់​ឯករាជ្យ​ភ្លាមៗ​ដល់​វៀតណាម ហើយ​​ប្រទេស​វៀតណាម​ឯករាជ្យ​នេះ​​ត្រូវ​តែ​រួមបញ្ចូល​គ្នា​នូវ​តំបន់​ទាំង ៣ គឺ ​តុងកឹង អាណ្ណាម និង​​កូសាំងស៊ីន ដែល​វៀតណាម​ចាត់ទុក​ថា​ជា​ទឹកដី​របស់​ខ្លួន ដែល​បារាំង​ច្បាំង​ដណ្តើម​យក​ទៅ​​ធ្វើ​ជា​អាណាខេត្ត។

លក្ខខណ្ឌ​នេះ​ត្រូវ​បាន​បារាំង​ច្រានចោល ដោយសារ​តែ​នៅ​ពេលនោះ បារាំង​ចង់​រក្សា​ទឹកដី​កូសាំងស៊ីន​ទុក​​ជា​អាណាខេត្ត​របស់​ខ្លួន​តទៅទៀត។ ក្រោយ​មក​ទៀត បារាំង​បាន​សុខចិត្ត​​ធ្វើ​សម្បទាន​ដល់​ហូ ជីមិញ ដោយ​យល់ព្រមបើក​ឲ្យ​មាន​ការ​បោះឆ្នោត​ប្រជាមតិ ដើម្បី​ឲ្យ​ប្រជាជន​ជា​អ្នក​សម្រេច​ថា តើ​គួរ​បញ្ចូល​តំបន់​ទាំង ៣ ជា​ប្រទេស​វៀតណាម​តែមួយ​ឬ​ក៏​យ៉ាងណា។ តំណាង​រដ្ឋាភិបាល​បារាំង និង​ហូ ជីមិញ ក៏​បាន​ចុះកិច្ចព្រមព្រៀង​មួយ​ក្នុង​ន័យ​នេះ នៅថ្ងៃ​ទី៦​ ខែមីនា ឆ្នាំ​១៩៤៦ ដោយ​ត្រៀម​រៀបចំ​បើក​ធ្វើ​សន្និសីទ​មួយ នៅ​ហ្វុងតែនប្លូ (Fontainebleau) ប្រទេស​បារាំង ដើម្បី​ចរចា​លើ​កិច្ចព្រមព្រៀង​ស្ថាពរ។

ក៏ប៉ុន្តែ ការ​ខ្វែងគំនិត​គ្នា​ រវាង​បារាំង និង​ពួក​វៀតមិញ​ក៏​បាន​កើតឡើង​ម្តងទៀត ជុំវិញ​ដំណើរការ​នៃ​ការ​បោះឆ្នោត​ប្រជាមតិ។ ​ហូ ជីមិញ ទាមទារ​ឲ្យ​​​តុងកឹង អាណ្ណាម និង​កូសាំងស៊ីន​រៀបចំ​ធ្វើ​ប្រជាមតិ​រួមគ្នា​​ជាប្លុក។ ចំណែក​​​​លោក​ Thierry d’Argenlieu ដែល​នៅពេលនោះ​ជា​អគ្គស្នងការ​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន (Haut-commissaire de France en Indochine) ​យល់ឃើញ​ថា ការ​បោះឆ្នោត​ប្រជាមតិ​ជាប្លុក​នេះ​មិនមាន​ភាព​យុត្តិធម៌ ពីព្រោះ​ថា ប្រជាជន​នៅ​តុងកឹង និង​អាណ្ណាម​ ដែល​សុទ្ធតែ​ចង់​ទាមទារ​យក​កូសាំងស៊ីន​ទៅវិញ គឺ​មាន​ចំនួន​ច្រើន​លើសលុប​ធៀប​នឹង​ប្រជាជន​នៅ​កូសាំងស៊ីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​លោក​ទាមទារ​​ថា បារាំង​ត្រូវ​តែ​​បើកផ្លូវ​ឲ្យ​កូសាំងស៊ីន​អាច​​​ក្លាយ​ជា​រដ្ឋ​ឯករាជ្យ​មួយ​ដូច​ជារដ្ឋផ្សេងទៀត​ក្នុង​សហព័ន្ធ​ឥណ្ឌូចិន​ដែរ ហើយ​រដ្ឋ​កូសាំងស៊ីន​​ថ្មី​នេះ​គឺ​ជា​អ្នក​មាន​សិទ្ធិ​សម្រេច​ដោយ​ខ្លួនឯងអំពី​ទំនាក់ទំនង​ជាមួយ​នឹង​វៀតណាម។

នៅថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​១៩៤៦ នៅ​ក្នុងពេល​ដែល ហូ ជីមិញ ដឹកនាំ​គណៈប្រតិភូវៀតណាម​ចេញ​ទៅ​បារាំង ដើម្បី​​ចូល​រួម​ក្នុង​សន្និសីទ​នៅ​ហ្វុងតែនប្លូ លោក Thierry d’Argenlieu បាន​ប្រកាស​​ឲ្យ​កូសាំងស៊ីន​ក្លាយ​ជា​​​រដ្ឋ​ស្វយ័ត ដោយ​មាន​ឈ្មោះ​ថា ​“សាធារណរដ្ឋ​កូសាំងស៊ីន” និង​​​មាន​រដ្ឋាភិបាល​បណ្តោះអាសន្ន នៅ​ទីក្រុង​សៃហ្កន (ព្រៃនគរ)។ រដ្ឋាភិបាល​បណ្តោះអាសន្ន​​នេះ​ហើយ ដែល​នឹង​ត្រូវ​ទទួល​បន្ទុក​រៀបចំ​ការ​បោះឆ្នោត​ប្រជាមតិ​ សម្រេច​ជោគវាសនា​កូសាំងស៊ីន។

សម្រាប់​ ហូ ជិមិញ ការ​ផ្តាច់​កូសាំងស៊ីន​ឲ្យ​ទៅ​ជា​រដ្ឋ​ឯករាជ្យ​នេះ​ គឺ​ជា​ការ​រំលោភ​លើ​កិច្ចព្រមព្រៀង ដែល​បានចុះ​កាល​ពី​ខែមីនា។ សន្និសីទ​នៅ​ហ្វុងតែនប្លូ​ត្រូវ​ទទួល​បរាជ័យ។​ ការចរចា​ រវាង​បារាំង និង​ហូ ជីមិញ ក៏​ត្រូវ​ជាប់គាំង។ ​នៅ​ខែ​ធ្នូឆ្នាំ​១៩៤៦ សង្រ្គាម​ រវាង​បារាំង និង​វៀតមិញ (សង្រ្គាមឥណ្ឌូចិន) ​ក៏​ចាប់ផ្ទុះឡើង។

នៅ​ក្នុងពេល​ដែល​សង្រ្គាម​ឥណ្ឌូចិន​កំពុងឆាបឆេះ​ពេញ​បន្ទុក បារាំង​​បាន​ចាប់ផ្តើមគិតគូរ​បង្កើត​រដ្ឋាភិបាល​វៀតណាម​ថ្មីមួយ ដើម្បី​ប្រជែង​ជាមួយ​នឹង​រដ្ឋាភិបាល​កុម្មុយនិស្ត នៅ​វៀតណាម​ខាងជើង។ គោលដៅ​របស់​បារាំង គឺ​ធ្វើ​យ៉ាងណា​​កាត់ផ្តាច់​ពួក​វៀតមិញ ពី​ការ​គាំទ្រ​របស់​ប្រជាជន​វៀតណាម តាមរយៈ​ការ​សន្យា​ផ្តល់​ឯករាជ្យ​ដល់​វៀតណាម ដឹកនាំ​ដោយ​រដ្ឋាភិបាល​មួយ ដែល​មិនមែន​កុម្មុយនិស្ត។ នៅ​ពេលនោះ បារាំង​សំឡឹង​ឃើញ​ថា មាន​ឥស្សរជន​តែ​ម្នាក់​គត់ ​ដែល​អាច​ឡើង​មក​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​ប្រជែង​នឹង​ប្រជាប្រិយភាព​របស់​ហូ ជីមិញបាន គឺ បាវដាយ ​អតីត​អធិរាជ​នៃ​នគរ​​​អាណ្ណាម ដែល​ត្រូវ​ពួក​វៀតមិញ​បង្ខំ​ឲ្យ​ដាក់រាជ្យ និង​រត់ទៅ​រស់នៅ​និរទេសខ្លួន នៅ​ហុងកុង។

នៅឆ្នាំ​១៩៤៧ បារាំង​បាន​ចាប់ផ្តើម​ទាក់ទង​ជាមួយ​បាវដាយ ដើម្បី​សុំ​ឲ្យ​ទ្រង់មក​ដឹកនាំ​រដ្ឋាភិបាល​វៀតណាម​​ថ្មី ដែល​បារាំង​គ្រោង​បង្កើត ដើម្បី​ប្រឆាំង​នឹង​វៀតមិញ។ ក៏ប៉ុន្តែ បាវដាយ​មិនបាន​យល់ព្រម​ភ្លាមៗ​នោះទេ ដោយ​បាន​ធ្វើជា​កិកកុក ដើម្បី​ទាមទារ​នូវ​លក្ខខណ្ឌ​ជាច្រើន​ ជាពិសេស គឺ​ទាមទារ​​ឲ្យ​បារាំង​ទទួលស្គាល់​ឯករាជ្យ​របស់​វៀតណាម​ជា​ប្រទេស​រួមគ្នា​នូវ​ដែនដី​ទាំង៣ គឺ​តុងកឹង អាណ្ណាម និង​កូសាំងស៊ីន។ និយាយ​ឲ្យ​ចំ លក្ខខណ្ឌ​ដែល​បាវដាយ​ទាមទារ​នេះ គឺ​ដូចគ្នា​ទៅនឹង​ការទាមទារ​របស់​ហូ ជីមិញ ហើយ​ដែល​បារាំង​ធ្លាប់​បាន​បដិសេធ​រួចទៅហើយ។

ក៏ប៉ុន្តែ បារាំង​ក្នុងពេល​ចរចាជាមួយ​បាវដាយ គឺខុសគ្នា​ពី​បារាំង​ក្នុងពេល​ចរចា​ជាមួយ​ហូជីមិញ។ រដ្ឋាភិបាល​បារាំង​បាន​ផ្លាស់ប្តូរ​ប្រមុខ​ដឹកនាំ​ជាច្រើន​ដំណាក់កាល​រួច​ទៅហើយ ហើយ​​របប​នយោបាយ​ថ្មីមួយ​ត្រូវ​បាន​បង្កើត​ឡើង​នៅ​បារាំង គឺ​របបសាធារណរដ្ឋ​ទី៤ ដោយ​មាន​ប្រធានាធិបតី​ថ្មី គឺ​លោក Vincent Auriol ដែល​បាន​ឡើង​មក​កាន់​តំណែង នៅដើម​ឆ្នាំ​១៩៤៧។ លោក Thierry d’Argenlieu អគ្គស្នងការ​បារាំង​ប្រចាំ​តំបន់​ឥណ្ឌូចិន​ក៏​ត្រូវ​បាន​ផ្លាស់ចេញ នៅ​ខែ​មីនា ឆ្នាំ​១៩៤៧។

សម្រាប់​រដ្ឋាភិបាល​បារាំង​ថ្មី​ ការ​កម្ចាត់​ចលនា​កុម្មុយនិស្ត​វៀតមិញ ​ដើម្បី​បញ្ចប់​សង្រ្គាម​ឥណ្ឌូចិន គឺ​ជា​អាទិភាព​ធំជាង​ជោគវាសនា​នៃ​ដែនអាណានិគម​កូសាំងស៊ីន។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​សុខចិត្ត​ប្រគល់​កូសាំងស៊ីន​ឲ្យ​ទៅ​វៀតណាម ទៅតាម​ការ​ទាមទារ​របស់​បាវដាយ ធ្វើ​យ៉ាងណា​ឲ្យ​តែ​បាវដាយ​សុខចិត្ត​​ទៅដឹកនាំ​រដ្ឋាភិបាល​វៀតណាម ប្រឆាំង​នឹង​ពួក​វៀតមិញ។

ការចរចា​​ជាមួយ​បាវដាយ​ក៏​បាន​ឈាន​ទៅដល់​ការ​ចុះ​កិច្ចព្រមព្រៀង នៅ​បេដាឡុង នៅថ្ងៃ​ទី៥ ខែ​មិថុនា ឆ្នាំ​១៩៤៨ ហើយ​នៅថ្ងៃ​ទី៨ ខែ​មីនា ឆ្នាំ​១៩៤៩ លោក Vincent Auriol ប្រធានាធិបតី​បារាំង​បាន​ផ្ញើ​លិខិត​​ជាលាយលក្ខណ៍​ទៅ​​បាវដាយ ដោយ​បញ្ជាក់​ពី​ការ​ព្រមព្រៀង​​ឲ្យ​វៀតណាម​ក្លាយ​​ទៅជា​ប្រទេសឯករាជ្យ​មួយ ដោយ​រួមបញ្ចូល​​តំបន់​ទាំង៣ គឺ តុងកឹង អាណ្ណាម និង​កូសាំងស៊ីន។

នៅថ្ងៃ​ទី៤ ខែមិថុនា ឆ្នាំ​១៩៤៩ សភា​បារាំង​ក៏​បាន​អនុម័ត​ច្បាប់​មួយ​បញ្ចប់​លក្ខន្តិកៈ​ជា​ទឹកដី​នៅនាយ​សមុទ្រ​របស់​កូសាំងស៊ីន ដោយ​ភ្ជាប់​​អតីត​ដែនដី​របស់​នគរ​ខ្មែរ​នេះ ទៅជាមួយ​នឹង​ប្រទេស​វៀតណាម។ ១០ថ្ងៃ​ក្រោយ​មក គឺ​នៅថ្ងៃ​ទី១៤ ខែមិថុនា តុងកឹង អាណ្ណាម និង​កូសាំងស៊ីន​ត្រូវ​បាន​គេ​ច្របាច់​បញ្ចូល​គ្នា​បង្កើត​ជា​​រដ្ឋវៀតណាម​ឯករាជ្យ​មួយ ដែល​មាន​រដ្ឋធានី​នៅ​សៃហ្គន (ព្រៃនគរ) ក្រោម​ការ​ដឹកនាំ​របស់​អតីត​អធិរាជ​បាវដាយ៕

ប្រភព៖ RFI

Comments
Loading...