ចក្រភព​ម៉ុងហ្គោល​ក្រោម​អធិរាជ​ជិនហ្គីស ខាន់

នៅក្នុងនាទី​ប្រវត្តិសាស្រ្ត​ពិភពលោក​របស់​យើង នៅសប្តាហ៍​នេះ សេង ឌីណា សូមលើក​ឡើង​អំពី​ចក្រភពម៉ុងហ្គោល ក្រោម​ការដឹកនាំ​របស់​អធិរាជ​ ជិនហ្គីស ខាន់ (Genghis Khan) ដែល​ជា​ចក្រភព​មាន​ទឹកដី​លាតសន្ធឹង​ធំបំផុត​មិន​ធ្លាប់​មាន ក្នុង​ប្រវត្តិសាស្រ្ត​របស់​មនុស្សជាតិ។

YuanEmperorAlbumGenghisPortrait

ឆ្នាំ​១១៦២ (ឯកសារ​ខ្លះ​ថា ឆ្នាំ​១១៥៥) នៅ​តំបន់​ភ្នំ នៃ​ដែនដី​ម៉ុងហ្គោល ទារក​មួយ​បាន​ចាប់កំណើត​ឡើង។ ទារក ដែល​​ពេល​ធំដឹងក្តីឡើង ក្លាយទៅជា​មេទ័ព និង​អធិរាជ​ដ៏​ល្បីល្បាញ​បំផុត​មួយ នៅ​ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក គឺ​ជិនហ្គីស ខាន់។

នៅ​ពេល​ដែល​ជិនហ្គីស ខាន់ ចាប់កំណើត និង​ធំដឹងក្តី ម៉ុងហ្គោល​នៅមិនទាន់​ក្លាយ​ជា​ប្រជាជាតិ​រួបរួមគ្នា​មួយ​នៅឡើយទេ។ ប្រជាជន​ម៉ុងហ្គោល​រស់នៅ​​​ជា​ក្រុមកុលសម្ព័ន្ធ ដែល​រស់នៅ​ដាច់ៗ​ពីគ្នា​ ហើយ​ពេល​ខ្លះ​ធ្វើ​សង្រ្គាម​​រវាង​គ្នា​ឯង​ទៀតផង។ ចាប់តាំង​ពី​សតវត្សរ៍​ទី៧ ម៉ុងហ្គោល​ត្រូវ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ចិន ក្រោម​រាជវង្ស​ថាង និង​បន្ទាប់​មកទៀត​ ក្រោម​ការ​គ្រប់គ្រង​របស់​រាជវង្ស​លៀវ (Liao)។

ជិនហ្គីស ខាន់ ដែល​​​ឈ្មោះ​កំណើត​ថា តេមូឈីន (Temutchin) គឺ​ជា​កូនប្រុស​របស់​មេក្រុម​កុលសម្ព័ន្ធ​មួយ​ ក្នុង​ចំណោម​កុលសម្ព័ន្ធ​ជាច្រើន​របស់​ម៉ុងហ្គោល។ នៅ​ពេល​ដែល​តេមូឈីន នៅ​ជា​ក្មេងប្រុស​ម្នាក់​នៅឡើយ ឪពុក​របស់​តេមូឈីន​ត្រូវ​ស្លាប់​ដោយ​ថ្នាំបំពុល​របស់​កុលសម្ព័ន្ធ ដែល​ជា​គូសត្រូវ ហើយ​តេមូឈីន ក៏​ឡើង​កាន់តំណែង​ជា​មេក្រុម​កុលសម្ព័ន្ធ​ជំនួស​ឪពុក។

កុលសម្ព័ន្ធ​​ដែល​កេរមរតក​ពី​ឪពុក​របស់តេមូឈីន គ្រាន់តែ​​ជា​កុលសម្ព័ន្ធ​តូច​ និង​ទន់ខ្សោយ​មួយប៉ុណ្ណោះ។ ក៏ប៉ុន្តែ ក្រោយ​មក​ តេមូឈីន​បាន​ពង្រីក​កម្លាំងក្រុម​សម្ព័ន្ធ​របស់​ខ្លួន តាមរយៈ​ការចង​សម្ព័ន្ធមិត្ត​ និង​តាមរយៈ​ការ​ធ្វើ​សង្រ្គាម​ដណ្តើម​កាន់កាប់​កុលសម្ព័ន្ធ​ផ្សេង​ទៀត។ នៅ​ឆ្នាំ​១២០៦ តេមូឈីន ដែល​មាន​វ័យ​ ៤៤ឆ្នាំ បាន​ក្លាយ​ទៅ​​ជា​មេដឹកនាំ​ម៉ុងហ្គោល ដែល​រួបរួមគ្នា​ជា​ប្រជាជាតិ​តែមួយ គឺ​ចក្រភព​ម៉ុងហ្គោល។ តេមូឈីន ត្រូវ​បាន​គេ​ផ្តល់​ងារ​ថ្មី​មួយ គឺ​ ជិនហ្គីស ខាន់ (មានន័យថា​តាម​ភាសា​ម៉ុងហ្គោល​ថា “ស្តេច​ចក្រវាល”)។

ក្រោយ​ពី​បាន​បង្រួបបង្រួម​កុលសម្ព័ន្ធម៉ុងហ្គោល បង្កើត​ទៅជា​ប្រទេស​រួបរួមគ្នា​មួយ​ហើយ ជិនហ្គីស ខាន់ ត្រូវ​ប្រឈមមុខ​នឹង​សត្រូវ​ដ៏​ធំមួយ​ទៀត គឺ​ចិន ដែល​ស្ថិត​នៅ​ប៉ែក​ខាង​ត្បូង​ម៉ុងហ្គោល។ ជិនហ្គីស ខាន់​ ដឹងខ្លួន​ថា ចិន​ដែល​ធ្លាប់តែ​ត្រួតត្រា​ម៉ុងហ្គោល​រាប់សតវត្សរ៍​កន្លងមក​នោះ ប្រាកដ​ជា​នឹង​មិន​ទុកបណ្តោយ​ឲ្យ​ម៉ុងហ្គោល​នៅជា​ប្រទេស​ឯករាជ​ មាន​មេដឹកនាំ និង​កងទ័ព​ខ្លាំង​ពូកែ​ នៅ​ជាប់នឹង​ព្រំដែន​របស់​ខ្លួន​នោះទេ។

ឆ្លៀត​ក្នុង​ពេលដែល​ចិន​កំពុង​​ធ្លាក់ចុះ​ទន់ខ្សោយ ដោយ​មាន​ការ​បែកបាក់​ផ្ទៃក្នុង ជិនហ្គីស ខាន់ ក៏​បាន​សម្រេច​ធ្វើការ​វាយលុក​ទៅលើ​ចិន​មុន។ នៅ​ពេលនោះ ប្រទេស​ចិន​ត្រូវ​បាន​បែងចែក​ជា​ច្រើន​ចំណែក ដោយ​មាន​នគរ​ធំៗ​បី គឺ​នគរ​លៀវ (Liao) នៅ​ប៉ែក​ខាង​ជើង នគរ​សៀ (Xia) នៅ​ខាងលិច និង​នគរ​សុង (Song) នៅ​​​ប៉ែក​ខាង​ត្បូង។ ជិនហ្គីស ខាន់ បាន​នាំទ័ព​ម៉ុងហ្គោល​ប្រមាណ​ជា ៥ម៉ឺននាក់ ឆ្លងព្រំដែនសំដៅ​ទៅ​វាយលុក​ចូល​ក្នុង​នគរ​លៀវ គឺ​ដែនដី​ចិន​ប៉ែក​ខាង​ជើង។

ពេល​ចូល​ទៅដល់​ចិន​កងទ័ព​ម៉ុងហ្គោល​ត្រូវ​ប្រឈមមុខ​នឹង​ឧបសគ្គ​ដ៏ធំមួយ គឺ​មហាកំផែង​របស់​ចិន។ ក៏ប៉ុន្តែ ដើម្បី​ឆ្លងកាត់​មហាកំផែង​ដ៏ធំមហិមា​​នេះ កងទ័ព​របស់​ ជិនហ្គីស ខាន់ បាន​រកឃើញ​វិធី​ដ៏សាមញ្ញ​បំផុត​មួយ គឺ​ដើរវាងមហាកំផែង។

កងទ័ព​របស់ ជិនហ្គីស ខាន់ ​បាន​ធ្វើ​ដំណើរ​ទៅដល់​​រាជធានីនៃនគរចិន​ខាងជើង ដែល​មាន​ទីតាំង​នៅ​ម្តុំ​ទីក្រុង​ប៉េកាំង​បច្ចុប្បន្ន។ ក៏ប៉ុន្តែ ជាថ្មីម្តងទៀត កងទ័ព​ម៉ុងហ្គោល​ត្រូវ​ប្រឈមមុខនឹង​កំផែង​ក្រុង​ ដែល​មាន​កំពស់​១២ម៉ែត្រ ​ប្រវែង ៣០គីឡូម៉ែត្រ ហើយ​ការពារ​ដោយ​ប៉មយាម​ប្រមាណ​ជា ៩០០រយ។ ខុសពី​មហាកំផែង ដែល​មាន​ផ្លូវ​អាច​ដើរវាងបាន កងទ័ព​របស់​ជិនហ្គីស ខាន់ ចាំបាច់​ត្រូវ​តែ​ឆ្លងកាត់​កំផែងក្រុង​ប៉េកាំង​ដោយ​ការប្រយុទ្ធ។

ក៏ប៉ុន្តែ ជិនហ្គីស ខាន់​ មិនបាន​បើក​ការ​វាយប្រហារ​ទៅលើ​កំផែង​ក្រុង​ប៉េកាំង​ភ្លាមៗ​ទេ។ ផ្ទុយទៅវិញ កងទ័ព​ម៉ុងហ្គោល​បាន​ធ្វើ​ការ​ឡោមព័ទ្ធ​ ដើម្បី​កាត់ផ្តាច់​ការ​ផ្លូវ​នាំស្បៀង​ចូល​ក្នុង​ក្រុង ហើយ​ក្នុង​ពេល​ជាមួយគ្នា ពួកគេ​បាន​សាងសង់​ឧបករណ៍​សង្រ្គាម​ធុនធ្ងន់ ដើម្បី​ត្រៀម​វាយទម្លុះ​កំផែងក្រុង។ នៅ​ក្នុង​ទីក្រុង​ប្រជាជន និង​កងទ័ព​ចិន​​ដាច់ស្បៀង ហើយ​ខ្លះ​ត្រូវ​ស្លាប់​ដោយ​ការអត់ឃ្លាន។ ចំណែក​នៅ​ខាង​ក្រៅក្រុង​វិញ ទាហាន​ម៉ុងហ្គោល​មាន​ស្បៀង​ហូរហៀរ​ឥតខ្វះ ដោយសារការ​ស្ទាក់​ចាប់​ស្បៀង ដែល​​​ចិន​នាំចូល​ក្នុង​រាជធានី។

នៅឆ្នាំ​១២១៥ កងទ័ព​របស់​ជិនហ្គីស ខាន់ ក៏បើក​ប្រតិបត្តិការ​​វាយលុក​​ទៅលើ​រាជធានី​ប៉េកាំង។ ក្រោយ​ពី​ដណ្តើម​កាន់កាប់​ទីក្រុង​បាន​ហើយ កងទ័ព​ម៉ុងហ្គោល​បាន​ដុតកម្ទេច​ផ្ទះសម្បែង និង​សម្លាប់រង្គាល​ប្រជាជនស្ទើរតែ​អស់​គ្មាន​សល់។ ដែនដី​ចិន​ខាង​ជើង​ក៏​ត្រូវ​ធ្លាក់​ក្រោម​ការ​ត្រួតត្រា​របស់​​ចក្រភព​ម៉ុងហ្គោល។

បន្ទាប់​ពី​វាយដណ្តើម​កាន់កាប់​ចិនខាងជើងបានហើយ ជិនហ្គីស ខាន់ បាន​ងាកទៅ​សំឡឹង​ទៅទិស​ខាងលិច​វិញ​ម្តង គឺ​ចក្រភព​ពែរស៍។ ក៏ប៉ុន្តែ ជាមួយ​ពួក​ពែរស៍ ជិនហ្គីស ខាន់ មិនមាន​បំណង​ចង់​ធ្វើ​សង្រ្គាម​នោះទេ តែ​ចង់​ធ្វើ​ជំនួញ។ ជិនហ្គីស ខាន់​ ក៏បាន​បញ្ជូន​មន្រ្តី​ទូត​របស់​ខ្លួន​ឲ្យ​ទៅ​ជួប​អធិរាជ​ពែរស៍ ដើម្បី​ចរចា​បង្កើត​ទំនាក់ទំនង​ពាណិជ្ជកម្ម​នឹង​គ្នា។

នៅ​ពាក់កណ្តាល​ឆ្នាំ​១២១៨ អ្នកនាំសារម្នាក់​បាន​នាំ​កញ្ចប់​មួយ​ ពី​អាណាចក្រ​ពែរស៍​ បញ្ជូន​ទៅ​ឲ្យ​ជិនហ្គីស ខាន់។ កញ្ចប់ ដែល​នឹង​នាំ​ទៅរក​ការ​ផ្លាស់ប្តូរ​ដ៏​សំខាន់​មួយ ក្នុង​ប្រវត្តិសាស្រ្ត​ពិភពលោក។ នៅ​ក្នុង​កញ្ចប់​នោះ គឺ​ក្បាល​មន្រ្តី​ទូត​ម៉ុងហ្គោល ដែល​ជិនហ្គីស ខាន់ បញ្ជូនឲ្យ​ទៅ​ជួបអធិរាជពែរស៍។

ជិនហ្គីស ខាន់​ ផ្ទុះកំហឹង ក៏​បាន​ប្រមូលទ័ព​ប្រមាណ​ជា ២០ម៉ឺននាក់ វាយលុក​ចូល​​ឈ្លានពាន​អាណាចក្រ​ពែរស៍ ដោយ​បាន​ដាក់​បញ្ជា​ថា អ្នកណា​ដែល​សុខចិត្ត​ដាក់​អាវុធ​ចុះចាញ់​ត្រូវ​ទុក​ឲ្យរស់ ចំណែក​ឯ​ក្រុមណា ឬ​ទីក្រុង​ណា ដែល​មិនចុះចាញ់​​ត្រូវ​សម្លាប់ និង​ដុតកម្ទេច​ឲ្យរាបដល់ដី។ ​បំណង​ចង់​ធ្វើ​ជំនួញ ប្រែក្លាយ​ទៅ​ជា​កំហឹង​ចង់​ធ្វើ​សង្រ្គាម។ កងទ័ព​របស់​ជិនហ្គីស ខាន់ ​បាន​វាយ​​​​ដណ្តើម​កាន់កាប់​អាណាចក្រ​ពែរស៍​ទាំងមូល​ នៅ​ឆ្នាំ​១២២០។ ប្រជាជន​​ពែរស៍​ប្រមាណ​ជា​ជាង​១លាន​នាក់ ទាំងស្រី ទាំងប្រុស ទាំង​ចាស់ ទាំងក្មេង ត្រូវ​ស្លាប់​បាត់បង់​ជីវិត ក្នុង​សង្រ្គាម​នេះ។

ក្រោយ​ពី​បាន​វាយកាន់កាប់​អាណាចក្រ​ពែរស៍​បាន​ហើយ ជិនហ្គីស ខាន់ បានដឹកនាំ​កងទ័ព​មួយផ្នែក​ធំ​ត្រឡប់​ទៅ​ម៉ុងហ្គោលវិញ ដោយ​នៅ​តាម​ផ្លូវ បាន​ឆ្លៀត​វាយដណ្តើម​យក​អាហ្វហ្កានីស្ថាន និង​ប៉ែក​ខាងជើង​ឥណ្ឌា។ កងទ័ព​មួយ​ផ្នែក​តូច​ទៀត ដែល​មាន​គ្នា​ប្រមាណ​ជា ២ម៉ឺននាក់ ត្រូវបាន​ជិនហ្គីស ខាន់ បញ្ជូន​ឲ្យ​ធ្វើការ​វាយលុក​សំដៅ​ទៅទិស​ខាងលិច ដើម្បី​ជាការពិសោធន៍មើល​ថា តើ​ពួកគេ​អាចវាយលុក​ទៅដល់​ត្រឹមណា ទើប​មាន​អ្នក​អាច​ចេញមុខ​មក​រារាំង​បញ្ឈប់​ដំណើរ​របស់​ពួកគេ​បាន។ ក៏ប៉ុន្តែ​ កងទ័ព​មួយ​ក្រុមនេះ​វាយលុក​ចូល​រហូតទៅដល់​ព្រំដែន​អឺរ៉ុប​ខាងកើត ដោយ​មិនមាន​អ្នក​ណា​អាចរារាំង​បាន។

ឆ្នាំ១២២៦ ភ្លាមៗ​ក្រោយ​ពី​វិលត្រឡប់​ប្រតិបត្តិការ​យោធា​នៅ​ពែរស៍ ជិនហ្គីស ខាន់ បាន​នាំកងទ័ព​ចូល​ឈ្លានពាន​ទៅលើ​ទឹកដី​ចិន ដែល​នៅសេសសល់​​ពី​ការ​ឈ្លាន​ពាន​លើកមុន។ ក៏ប៉ុន្តែ នៅ​ខែ​សីហា ឆ្នាំ​១២២៧ នៅ​ក្នុង​ពេល​ដែល​​កងទ័ព​ម៉ុងហ្គោល​កំពុង​វាយ​លុក​ទៅលើ​រាជធានី​របស់​នគរ​សៀ នៅ​ដែនដី​ប៉ែក​ខាង​លិច​ប្រទេស​ចិន ជិនហ្គីស ខាន់ ក៏​ស្រាប់​ចូលទិវង្គត់ ក្នុង​វ័យ ៦៥​ឆ្នាំ (៧២ឆ្នាំ បើ​គិត​តាម​ឯកសារ​ខ្លះ ដែល​ថា ជិនហ្គីស ខាន់ កើត​ឆ្នាំ​១១៥៥)។ រហូតមកទល់​នឹង​ពេលបច្ចុប្បន្ន​នេះ អ្នក​ប្រវត្តិសាស្រ្ត​នៅតែមិនទាន់​មាន​ការ​ឯកភាព​គ្នា​នៅឡើយ អំពី​មូលហេតុ​នៃ​ការ​ស្លាប់​របស់​ជិនហ្គីស ខាន់។ ខ្លះ​ថា ស្លាប់​ក្នុង​សមរភូមិ​ ក្នុង​ពេល​ប្រយុទ្ធ​ជាមួយ​នឹង​នគរ​សៀ។ ខ្លះ​ទៀត​ថា​ស្លាប់​ដោយ​ជំងឺ ឬ​ដោយ​ធ្លាក់​ពីលើ​ខ្នងសេះ។

អធិរាជ​ជិនហ្គីស ខាន់ ទទួល​មរណភាពដោយបន្សល់​ទុក​នូវ​កងទ័ព​​ដ៏​ខ្លាំង​ពូកែ​រាប់សិបម៉ឺននាក់ ហើយ​​គិតមកត្រឹមពេលនោះ ចក្រភព​ម៉ុងហ្គោល​​បាន​កាន់កាប់​ទឹកដី​ដែល​លាតសន្ធឹង​ចាប់តាំង​ពី​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ រហូត​ទៅដល់​អឺរ៉ុប​ខាងកើត។ ទឹកដី​នៃ​ចក្រភព​ម៉ុងហ្គោល​​មាន​ទំហំ​ធំជាង​ចក្រភព​ម៉ាសេដ្វាន់​របស់​អាឡិចសង់ ឡឺក្រង់ (Alexandre le Grand) រហូត​ដល់​ទៅ ៤ដង ហើយ​ធំជាង​ចក្រភព​រ៉ូម រហូតដល់​ទៅ ២ដង។

មរណភាព​របស់​ជិនហ្គីស ខាន់ មិនបាន​បញ្ចប់​ការ​វាតទី​ពង្រីកទឹកដី​នៃ​ចក្រភព​ម៉ុងហ្គោល​នោះទេ។ អហ្កឺដី ខាន់ (Ögedei Khan) កូនប្រុសទី៣​របស់​ជិន​ហ្គីស ខាន់ ដែលឡើង​​ស្នងតំណែង​​ជា​អធិរាជបន្តពី​ឪពុក ព្រមទាំង​អធិរាជ​ជំនាន់ក្រោយៗ​មកទៀត បាន​បន្ត​ធ្វើ​សង្រ្គាម​វាតទីពង្រីក​ទឹកដី​របស់​ចក្រភព​ម៉ុងហ្គោល​ រហូត​កើនឡើង​ទ្វេដង ​​លើស​ពី​សម័យកាល​​អធិរាជជិនហ្គីស ខាន់៕

ប្រភព៖ RFI

Comments
Loading...