តម្លៃ​ដី​នៅ​តំបន់​សំខាន់ៗ​ក្នុង​ទីក្រុង​ភ្នំពេញ​កើន​ប្រមាណ ១១ ភាគរយ

ភ្នំពេញ: តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​សំខាន់ៗ​នៅ​ទីក្រុង​ភ្នំពេញ​មាន​ការកើនឡើង ១០.៧ ​ភាគរយ​ក្នុង​ឆមាស​ទី​ ២​ ក្នុង​ឆ្នាំ​ ២០១៤ ខណៈ​អចលនទ្រព្យ​នៅ​តំបន់​ជួល​ការិយាល័យ ​កម្រិត​ A បាន​កើនឡើង​ ១១.១ ​ភាគរយ​។ នេះ​បើ​យោង​តាម​សន្ទស្សន៍​តម្លៃ​ដី​ក្នុង​តំបន់​អាស៊ី​ របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ Knight Frank​។

5a_9

យោងតាម​ការស្រាវជ្រាវ​របស់​ក្រុមហ៊ុន ​Knight Frank បាន​បង្ហាញ​ថា តម្លៃ​អចលនទ្រព្យ​ទីក្រុង​ Bengaluru ទីក្រុង​ភ្នំពេញ និង​ទីក្រុង​បាងកក​បាន​កើនឡើង​ខ្លាំង​ជាងគេ​ដោយ​តម្លៃ​អចលនទ្រព្យ​ទីក្រុង​ Begaluru​ មាន​ការកើនឡើង​ ១១.០ ​ភាគរយ​ដោយ​គិត​លើ​តំបន់​សំខាន់ៗ ខណៈ​ទីក្រុង​ភ្នំពេញ​មាន​កំណើន​ ១០.៧ ​ភាគរយ និង​ដើរ​តាម​ពី​ក្រោយ​ទីក្រុង​ហ្សាការតា​មាន​កំណើន​ឡើង​ ៨.០ ភាគរយ​។

លោក Ross Wheble ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ Knight Frank ប្រចាំ​កម្ពុជា បាន​និយាយ​ថា ខណៈ​ការអភិវឌ្ឍ​អចលនទ្រព្យ​ប្រកប ដោយ​គុណភាព​ខ្ពស់​ត្រូវ​បាន​ដំណើរការ​សាងសង់​នៅ​ប្រទេស​កម្ពុជា​ទាំង​ក្នុង​តំបន់​លំនៅឋាន និង​ពាណិជ្ជកម្ម គម្រោង​អចលនទ្រព្យ​ដែល​ទើប​ដាក់​លក់​ថ្មីៗ​នេះ​អាច​នឹង​លក់​បាន​ក្នុង​តម្លៃ​ខ្ពស់ ហើយ​អត្រា​ជួល​ការិយាល័យ​នឹង​ធ្វើឲ្យ​អ្នកអភិវឌ្ឍន៍​ទទួល​បាន​ផលប្រយោជន៍​ច្រើន ដូច្នេះ​ជា​លទ្ធផល​តម្រូវការ​មាន​ការកើនឡើង​ធ្វើឲ្យ​តម្លៃ​អចលនទ្រព្យ​មាន​ការកើនឡើង​។

លោក​ឲ្យ​ដឹង​ថា សម្រាប់​តំបន់​ក្រុមហ៊ុន​ផ្តោតលើ និង​យក​មក​សិក្សា​រួមមាន​តំបន់ បឹង​កេងកង​មួយ និង​ទន្លេបាសាក់​។

លោក​អះអាង​ថា ៖«​សកម្មភាព​អភិវឌ្ឍន៍ លំនៅឋាន​នៅតែ​មាន​ស្ថានភាព​ល្អ ហើយ​យើង​រំពឹង​ទុក​ថា និន្នាការ​នេះ​នឹង​បន្ត​​ ទៅ​មុខ​ទៀត​នាពេល​អនាគត​ដោយ​អ្នកទិញ​អចលនទ្រព្យ​កម្ពុជា​មាន​ទំនោរ និង​ចង់​ក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​ដោយ​ផ្ទាល់​លើ​អចលនទ្រព្យ​។ លើស​ពី​នេះ ទៅ​ទៀត អ្នក​ទិញ​បរទេស​ដែល​ជា​ម្ចាស់​ដី​ត្រូវ បាន​រឹតបន្តឹង​លើ​ការទិញ​ដី​សម្រាប់​ទុក​លក់ ដែល​ជួយ​សម្រាល​ដល់​ការ​មាន​ហានិភ័យ​នៃ​កំណើន​ឡើង​តម្លៃ​អចលនទ្រព្យ​ដែល​មាន​ភាពផុយស្រួយ​»​។

របាយការណ៍​ខាងលើ​បាន​ឲ្យ​ដឹង​ថា ៖«​ភ្នំពេញ​ជា​ទីកន្លែង​ដែល​មាន​ភាពលេចធ្លោ​គួរ​ឲ្យ​កត់សម្គាល់​លើ​តម្លៃ​អចលនទ្រព្យ​ក្នុង​តំបន់​សំខាន់​ដោយ មាន​ការកើនឡើង​ ១០.៧ ​ភាគរយ និង​តម្លៃ​អចលនទ្រព្យ​នៅ​តំបន់​ការិយាល័យ​កម្រិត​ A ​មាន​ការកើនឡើង​ដល់​ ១១.១ ​ភាគរយ​ក្នុង​ឆមាស​ទី​ ២ ​ឆ្នាំ​ ២០១៤ »​។

របាយការណ៍​ដដែល​បាន​បង្ហាញ​ថា អចលនទ្រព្យ​លំនៅឋាន​បាន​បន្ត​កំណើន​ឡើង​​នៃ​ការលក់​ចេញ​ទៅ​ឲ្យ​វិនិយោគិន​នៅ​ក្រៅ​ប្រទេស ពិសេស តៃវ៉ាន់ ជប៉ុន និង​សិង្ហបុរី​ជាដើម ហើយ​ការលក់​ចេញ​​ក្នុង​តម្លៃ​ខ្ពស់ ខណៈ​ អគារ​ពាណិជ្ជកម្ម​នៅតែ​មាន​ស្ថានភាព​ដោយ​មាន​តម្រូវការ​ជួល​ពី​ក្រុមហ៊ុន​បរទេស​ដែល​មាន​បំណង ទាញ​រក​ផលចំណេញ​ពី​សេដ្ឋកិច្ច​ដែល​កំពុង​មាន​ភាពរឹងមាំ​នេះ​៕

Comments
Loading...