តម្រូវការ និង​តម្លៃ​វីឡា​ជួល​នៅ​ភ្នំពេញ​កើន​ឡើង​តិច​តួច

ភ្នំពេញ: តម្រូវ​ការ​វីឡា​ជួល​នៅ​រាជធានី​ភ្នំពេញ​មាន​ការ​ប្រែ​ប្រួល​តិច​តួច នា​ដើម ឆ្នាំ​២០១៥។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ជំនាញ​អចលន​ទ្រព្យ​ក្នុង​ស្រុក​មួយ​ចំនួន​កាល​ពី​ពេល​ថ្មីៗ​នេះ។

លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន អេស៊ា រៀល​អេស្ទេត បាន​និយាយ​ថា តម្លៃ​វីឡា​ជួល​នៅ​កណ្តាល​រាជធានី​ភ្នំពេញ បាន​កើន​ឡើង​តិច​តួច​នា​ដើម​ឆ្នាំ​នេះ។ វីឡា​ភាគ​ច្រើន​ត្រូវ​បាន​គេ​យក​ទៅ​ប្រើ​ប្រាស់​ជា​លំនៅឋាន ការិយាល័យ ភោជនីយដ្ឋាន និង​សាលារៀន​ជាដើម។

លោក​បាន​បន្ត​ទៀត​ថា វីឡា​ជួល​ទាំង​នោះ​ភាគ​ច្រើន​មាន​នៅ​ក្នុង ខណ្ឌ​ដូនពេញ ខណ្ឌ​ចំការមន និង​ខណ្ឌ​ទួលគោក។ វីឡា​ជួល​ក្នុង ខណ្ឌ​ចំការមន និង ដូនពេញ មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​ក្នុង​រាជធានី​ភ្នំពេញ។

លោក​បាន​ប្រាប់​ទៀត​ថា បច្ចុប្បន្ន​វីឡា​ជួល​ដែល​មាន​ដី​ទំហំ ២០x៣០ ម៉ែត្រ ផ្ទះ​ទំហំ ១៤x១៦ កម្ពស់ ២ ជាន់ ព្រម​ទាំង​មាន​បន្ទប់​ចន្លោះ​ពី ៤-៦ នៅ​កណ្តាល​ក្រុង​អាច​មាន​តម្លៃ​ចន្លោះ​ពី ២០០០-​៥០០០ ដុល្លារ​ក្នុង​មួយ​ខែ។ លោក​បន្ត​ទៀត​ថា តម្រូវ​ការ​វីឡា​ជួល​នៅ​ជាយ​ក្រុង​មាន​ដូចជា​ក្នុង ខណ្ឌ​សែន​សុខ ឫស្សីកែវ ច្បារអំពៅ និង​មានជ័យ មាន​បរិមាណ​តិច​តួច​នៅ​ឡើយ ដោយ​តម្លៃ​របស់​វា​ស្ថិត​នៅ​ចន្លោះ​ពី ១០០០​-២០០០ ដុល្លារ។

លោក​មាន​ប្រសាសន៍​ថា៖ «តម្រូវ​ការ​វីឡា​ជួល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​នា​ដើម ឆ្នាំ​២០១៥ នេះ​មិន​បាន​កើន​ឡើង​ច្រើន​នោះ​ទេ។ ការ​ធ្វើ​កិច្ច​សន្យា​ជួល​វីឡា​ភាគ​ច្រើន​មាន​រយៈ​ពេល​ចន្លោះ​ពី ២-៣ឆ្នាំ ហើយ​បន្ទាប់​ពី ២-៣​ឆ្នាំ តម្លៃ​វីឡា​ជួល​អាច​នឹង​កើន​ឡើង​ក្នុង​រង្វង់ ៥ ភាគរយ»។

លោក ច្រឹក សុខនីម អគ្គ​នាយក​ក្រុមហ៊ុន Century21 VTrust បាន​ប្រាប់​ថា ការ​ផ្គត់​ផ្គង់ និង​តម្រូវការ​វីឡា​ជួល​នៅ​កណ្តាល​រាជធានី​ភ្នំពេញ មិន​បាន​កើន​ឡើង​ច្រើន​ទេ​នា​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ។ តែ​ទោះ​បី​ជា​យ៉ាង​ណា​វីឡា​សង់​ថ្មីៗ​ដែល​មិន​នៅ​កណ្តាល​រាជធានី​ភ្នំពេញ កំពុង​កើន​ឡើង​ជា​លំដាប់។

លោក​បាន​ថ្លែង​ថា វីឡា​នៅ​កណ្តាល​ក្រុង​គេ​អាច​រក​ជួល​បាន​ក្នុង​តម្លៃ​ចាប់ពី ២០០០-​៦០០០ ដុល្លារ​ក្នុង​មួយ​ខែ ដោយ​តម្លៃ​របស់​វា​គឺ​ប្រែ​ប្រួល​អាស្រ័យ​លើ​ទីតាំង ទំហំ មាន​អាង​ទឹក និង​គ្រឿង​សម្ភារ​ប្រើ​ប្រាស់​ជាដើម។

លោក​បាន​បន្តថា បច្ចុប្បន្ន​វីឡា​ជួល​ក្នុង សង្កាត់​ទន្លេ​បាសាក់ អាច​មាន​តម្លៃ​ចាប់​ពី ៣០០០-​៤៥០០ ដុល្លារ​ក្នុង​មួយ​ខែ ក្នុង សង្កាត់​បឹង​កេងកង ១ បឹង​កេងកង ២ និង​បឹង​កេងកង ៣ អាច​មាន​តម្លៃ​ពី ៤០០០-​៦០០០ ដុល្លារ នៅ ខណ្ឌ​ទួលគោក មាន​តម្លៃ​ចាប់​ពី ៣០០០-​៥០០០ ដុល្លារ និង ខណ្ឌ​៧មករា អាច​មាន​តម្លៃ​ចន្លោះ​ពី ៤០០០ ទៅ ៧០០០ ដុល្លារ។

លោក​បាន​ថ្លែង​ថា៖ «វីឡា​ជួល​ភាគ​ច្រើន​ត្រូវ​បាន​ប្រើ​ប្រាស់​ជា​ការិយាល័យ ហាង​លក់​ទំនិញ ភោជនីយដ្ឋាន និង​កន្លែង​តាំង​លក់​ផលិតផល (Showroom) ជាដើម»។

លោក​បន្ត​ទៀត​ថា៖​«ការ​ធ្វើ​កុងត្រា​ជួល​ផ្ទះ​វីឡា​ដែល​ខ្ញុំ​ជួប​ប្រទះ​ភាគច្រើន​គឺមាន​រយៈ​ពេល​ពី ៥-៧​ឆ្នាំ។ ការ​ធ្វើ​កិច្ចសន្យា​រយៈ​ពេល​យូរ​អាច​មាន​ផល​ចំណេញ​បាន​ច្រើន ព្រោះ​អ្នក​ជួល​ត្រូវ​ការ​កែលម្អ​ផ្ទះ​ដើម្បី​ធ្វើ​ឲ្យ​ស្រប​ទៅ​តាម​ប្រភេទ​អាជីវកម្ម​របស់​គេ»។

លោក គីម ហ៊ាង នាយក​ក្រុមហ៊ុន ខ្មែរ រៀល​អេស្ទេត មាន​អះអាង​ថា តម្លៃ​វីឡា​ជួល​ក្នុង​តំបន់​ទួលគោក ទួល​ទំពូង បឹង​កេងកង ២ និង​បឹង​កេងកង ៣ ហាក់​ដូច​ជា​មាន​សន្ទុះ​ច្រើន​នៅ​ដើម ឆ្នាំ​២០១៥ នេះ ខណៈ​តំបន់​បឹង​កេងកង ១ មិន​សូវ​មាន​សកម្មភាព​ប៉ុន្មាន​ទេ ដោយ​សារ​តម្លៃ​ជួល​នៅ​ទីនោះ​ខ្ពស់​ពេក និង​មិន​សូវ​មាន​កន្លែង​ទំនេរ​សម្រាប់​ជួល​ផង​ដែរ។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​តម្រូវ​ការ និង​ការ​ផ្គត់​ផ្គង់​វីឡា​ជួល​នៅ​ក្នុង​រាជធានី​ភ្នំពេញ​មិន​ទាន់​មាន​អ្វី​ចោទ​ជា​បញ្ហា​នោះ​ទេ។

ខណៈ​ការ​ធ្វើ​សមាហរណ​កម្ម​សេដ្ឋកិច្ច​អាស៊ាន​ជិត​ចូល​មក​នោះ លោក គីម ហ៊ាង បាន​បញ្ជាក់​ថា៖ «ខ្ញុំ​មិន​រំពឹង​ថា តម្រូវការ​វីឡា​ជួល​នឹង​កើន​ឡើង​ច្រើន​នោះ​ទេ ខណៈ​បច្ចុប្បន្ន​បើ​គេ​ត្រូវ​ការ​កន្លែង​ស្នាក់នៅ គេ​អាច​ទៅ​រក​ខុនដូ ឬ​អាផាតមិន បាន​តែ​បើ​គេ​ត្រូវការ​ការិយាល័យ​ជួល គេ​អាច​ទៅ​រក​អគារ​ការិយាល័យ​ជួល ព្រោះ​វា​មាន​ភាព​ងាយ​ស្រួល​ជាង។ កាល​ពី​មុន​ដោយ​សារ​មិន​សូវ​មាន​អាផាតមិន​និង​ខុនដូ ហើយ​អគារ​ការិយាល័យ​ជួល​មាន​តិច ដូច្នេះ​ធ្វើ​ឲ្យ​តម្រូវ​ការ​វីឡា​ជួល​កាល​ពី​មុន​មាន​ច្រើន»៕

20150312_05

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Comments
Loading...