អគារ​វឌ្ឍនៈ​បើក​ដំណើរ​ការ​ពេញ​លេញ តែ Rosewood មិន​ទាន់​ច្បាស់​លាស់

Vathanak bank

ភ្នំពេញ: អគារ​ពាណិជ្ជកម្ម​ខ្ពស់​ជាង​គេ​នៅ​រាជធានី​ភ្នំពេញ Vattanak Capital នា​ពេល​នេះ​បាន​បើក​ដំណើរ​ការ​ពេញ​លេញ​ហើយ ដោយ​នៅ​សល់​តែ​សណ្ឋាគារ​លំដាប់​ផ្កាយ​ប្រាំ Rosewood ប៉ុណ្ណោះ​ដែល​មិន​ទាន់​កំណត់​ពេល​បើក​ដំណើរ​ការ​ច្បាស់​លាស់​។

អគារ​ពាណិជ្ជ​កម្ម​កម្ពស់​៣៩​​ជាន់​នេះ​ត្រូវ​បាន​បែង​ចែក​ជា​ប្រាំ​ផ្នែក​សំខាន់​ៗ​ ដូច​ជា ទី១ ជាន់​ក្រោម​ដី​ចំនួន ​២​ ជាន់​ និង​ជាន់​ផ្ទាល់​ដី​ជា​ចំណត​យាន​យន្ត​ ទី ២ ​ផ្នែក​ខ្លះ​នៃ​ជាន់​ផ្ទាល់​ដី ​ជាន់​ទី ១ និង​ទី ២ ​ជា​ផ្សារ​ទំនើប​ដែល​ផ្តោត​លើ​អតិថិជន​លំដាប់ High Class ទី ៣ ការិយា​ល័យ​កណ្តាល​របស់​ធនាគារ​វឌ្ឍនៈ ​ទី៤ ​ចាប់​ពី​ជាន់​ទី ២-២៣ ជា​ការិយា​ល័យ​សម្រាប់​ជួល ​និង​ទី ៥ ចាប់​ពី​ជាន់​ទី ​២៤-៣៩​ ជា​សណ្ឋាគារ​ផ្កាយប្រាំ Rosewood ដែល​មាន​មូលដ្ឋាន​នៅ​​​អាមេរិក​។

អ្នកស្រី អាន ធីតា នាយិការង​នៃ​ក្រុម​ហ៊ុន​អចលន​ទ្រព្យ CBRE Cambodia ដែល​ជា​ក្រុមហ៊ុន​ធ្លាប់​ដើរ​តួនាទី​ជា​ភ្នាក់ងារ​លក់​របស់​អគារ​នេះ​បាន​ប្រាប់​ប៉ុស្តិ៍ អចលន​ទ្រព្យ ថា អគារ​វឌ្ឍនៈ បាន​ដំណើរ​ការ​ពេញ​លេញ​ហើយ ដោយ​នៅ​សល់​តែ​សណ្ឋាគារ Rosewood ប៉ុណ្ណោះ​មិន​ទាន់​បើក​ដំណើរ​ការ។

អ្នកស្រី​បន្ត​ថា Rosewood អាច​នឹង​បើក​ដំណើរ​ការ​រយៈពេល​មួយ​ឆ្នាំ​ទៀត​គិត​ចាប់​តាំង​ពី​ពេល​នេះ​តទៅ។ ចំណែក​ផ្នែក​ការិយា​ល័យ​បច្ចុប្បន្ន​ មាន​អត្រា​ជួល​ប្រើប្រាស់​គ្រប​ដណ្តប់​ប្រហែល ២០ ភាគរយ​ហើយ​នៃ​ទំហំ​អគារ​ការិយា​ល័យ​សរុប ៣៤ ០០០ ម៉ែត្រ​ការ៉េ។

ការិយា​ល័យ​ជួល​ក្នុង​អគារ​វឌ្ឍនៈ មាន​តម្លៃ​ ២៦ ដុល្លារ​បូក ៥​ ដុល្លារ​ប្រសិ​នបើ​ជួល​ពេញ​មួយ​ជាន់​ និង​តម្លៃ​ ២៨ ​ដុល្លារ​បូក​ ៥ ​ដុល្លារ​ប្រសិន​បើ​ជួល​ក្នុង​ទំហំ​តូចៗ។

អ្នកស្រី ធីតា ​បាន​ប្រាប់​ទៀត​​ថា ​ផ្សារ​ទំនើប​ក្នុង​វិមាន​វឌ្ឍនៈ​បាន​បើក​ដំណើរ​ការ​ហើយ​​ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​អត្រា​ប្រើប្រាស់​ទើប​តែ​គ្រប​ដណ្តប់​បាន​ប្រមាណ ​៦០ ​ភាគរយ​នៃ​ទំហំ​ផ្សារ​ទាំង​មូល​ប៉ុណ្ណោះ។ ផ្សារ​ទំនើប​នេះ​ផ្តោត​លើ​អតិថិជន​មាន​ប្រាក់​ច្រើន​ជា​គោល​ដៅ។

អគារ​វឌ្ឍនៈ​ ជា​អគារពាណិ​ជ្ជ​កម្ម​កម្រិត A ទី ១ ​នៅ​កម្ពុជា​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ និង​ធ្លាប់​ទទួល​បាន​ពាន​រង្វាន់​ពី​ស្ថាប័ន​វាយ​តម្លៃ​លំដាប់​អន្តរជាតិ​នៅ​ប្រទេស​សិង្ហបុរី​ទៀត​ផង​។ អគារ​នេះ​មាន​ជណ្តើរ​យន្ត​ជា​ច្រើន​ខ្សែ​ ព្រម​ទាំង​មាន​ប្រព័ន្ធ​សុវត្ថិភាព​និង​​មាន​បំពាក់​សម្ភារ​ទំនើបៗ និង​ជា​ប្រភេទ​អគារ​បៃតង​ដែល​អាច​ជួយ​សន្សំ​សំចៃ​ថាមពល​អគ្គិសនី​ផង​ដែរ។

ប្រធាន​សមាគម​អ្នក​វាយ​តម្លៃ និង​ភ្នាក់ងារ​អចលន​វត្ថុ​កម្ពុជា លោក សុខ ​ប៊ុន បាន​ថ្លែង​ថា​ អត្រា​ប្រើ​ប្រាស់​បាន​ច្រើន​ ឬ ​តិច​របស់​អគារ​មួយ​វា​អាស្រ័យ​លើ​ការ​គ្រប់​គ្រង​ និង​លក្ខខណ្ឌ​ពាក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​អគារ​នេះ ដូច​ពាក្យ​ស្លោក​ដែល​លើក​ឡើង​ថា «ទឹក​ត្រជាក់​ត្រីកុំ»។

លោក​បន្ត​ថា​ តម្លៃ​ជួល​របស់​អគារ​នេះ​មិន​ថ្លៃ​នោះ​ទេ បើ​ប្រៀប​ធៀប​ជាមួយ​ប្រទេស​ក្នុង​តំបន់​។

ទោះ​បីយ៉ាង​ណា​ លោក​លើក​ឡើង​ថា៖​ «ដើម្បី​ឲ្យ​អគារ​នេះ​មាន​អត្រា​ប្រើ​ប្រាស់​ច្រើន​ អ្នក​គ្រប់​គ្រង​គួរ​បន្ថយ​តម្លៃ​ខ្លះ​ដើម្បី​ទាក់​ទាញ​អ្នក​ប្រើ​ប្រាស់»។

ដោយ​ដាក់​ការិយា​ល័យ​របស់​ខ្លួន​នៅ​អគារ​ភ្នំពេញ​ថោវើ​ លោក សុខ ​ប៊ុន​ បាន​ប្រាប់​ថា បុគ្គលិក​របស់​លោក​ជា​អ្នក​ជ្រើស​រើសទីតាំង​ ហើយ​ម្យ៉ាង​ដោយសារ​ពេល​នោះ​ក្រុមហ៊ុន​របស់​លោក​ត្រូវ​ការ​ទំហំ​ការិយាល័យ​តូច ទើប​លោក​សម្រេច​ចិត្ត​ដាក់​ការិយា​ល័យ​នៅ​អគារ​ភ្នំពេញ ​ថោវើ​ ជា​​បណ្តោះ​អាសន្ន។

លោក​បាន​បន្ថែម​ថា ទាក់​ទង​នឹង​ផ្សារ​ទំនើប និង​ការ​ដាក់​លក់​ទំនិញ​ក្នុង​អគារ​នេះ​គឺ​គេ​ផ្តោត​លើ​អ្នក​មាន​ប្រាក់​ច្រើន ប៉ុន្តែ​ សម្រាប់​បរិបទ​កម្ពុជា​ គេ​ពិបាក​​និយាយ​រឿង​ជោគ​ជ័យ និង​មិន​ជោគ​ជ័យ​ណាស់​ ដោយ​អ្វីៗ​​អាស្រ័យ​លើ​ការ​អ្នក​រៀប​ចំ​ និង​ការ​គ្រប់គ្រង​។

អគ្គ​នាយក​រង​ក្រុមហ៊ុនវើល ត្រាស់ លោក អិុន ស៊ីថា បាន​ថ្លែង​ថា បើ​មើល​ភ្ញៀវ​ដែល​ចូល​​ទៅ​ជួល​អគារ​ការិយាល័យ​នៅ​វិមាន​វឌ្ឍនៈ​ភាគ​ច្រើន​ជា​ក្រុមហ៊ុន​មក​ពី​តំបន់​អឺរ៉ុប ​និង​ភ្ញៀវ​ជន​ជាតិ​ជប៉ុន។ ម្យ៉ាង​ទៀត​ភ្ញៀវ​ដែល​មាន​ក្រុមហ៊ុន​មិន​មាន​កេរ្តិ៍​ឈ្មោះ​ ក៏​ពិបាក​ជួល​អគារ​នេះ​​ដែរ ​ព្រោះ​បើ​មើល​ទៅ​លើ​ទស្សន​វិស័យ​របស់​ម្ចាស់​អគារ​ គឺ​គាត់​ផ្តោត​ទៅ​លើ​ក្រុមហ៊ុន​ធំៗ ​លំដាប់​អន្តរជាតិ​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​លំដាប់​អន្តរជាតិ​។

លោក​មាន​ប្រសាសន៍​ថា៖ «នៅ​ពេល​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ដំណើរ​ការ​នៅ​ចុង​ឆ្នាំ​នេះ​ អគារ​វឌ្ឍនៈ​នឹង​មាន​សកម្ម​ភាព​ខ្លាំង​ជាង​ពេល​បច្ចុប្បន្ន​ ដោយ​ពេល​នោះ​អត្រា​ប្រើ​ប្រាស់​អគារ​នេះ​នឹង​អាច​កើន​ឡើង​លើស​ពី​ ៦០ ​ភាគរយ​»។

លោក​បាន​បន្ត​ថា៖ «អតិថិជន​មក​ពី​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន និង​អតិថិជន​​ក្នុង​ស្រុក​ដែល​មាន​ក្រុម​ហ៊ុន​ធំៗ​ពួក​គេ​នឹង​រើ​មក​កាន់​អគារ​នេះ​ ដើម្បី​បង្ហាញ​ពី​សក្តានុពល​​ក្រុម​ហ៊ុន​ពួកគេ​»។

លើក​ឡើង​ពី​ផ្សារ​ទំនើប​ក្នុង​អគារ​នេះ​ លោក ​ស៊ីថា​ បាន​បញ្ជាក់​ថា ​ដោយសារ​អគារ​នេះ​ជា​អគារ​ទំនើប​កម្រិត A ដូច្នេះ​អតិថិជន​មួយ​ចំនួន​អាច​មាន​ការ​បារម្ភ​ក្នុង​ការ​ចូល​អគារ​បែប​នេះ​ ទី១​ បារម្ភ​រឿង​ចំណត​យានយន្ត​ ​និង​ទី ២ ​បារម្ភ​រឿង​ថ្លៃ​ប្រើ​ប្រាស់​ចំណត ​និង​តម្លៃ​ទំនិញ​ក្នុង​ផ្សារ​នេះ។

ផ្សារ​ទំនើប​ក្នុង​អគារ​វឌ្ឍនៈ មិន​ខុស​ពីផ្សារ​ទំនើប​ក្នុង​អគារ​កាណាឌីយ៉ា​នោះ​ទេ ព្រោះ​នៅ​ពេល​ផ្សារ​ទំនើប​កាណាឌីយ៉ា​ បើក​ដំបូង​ក៏​ស្ងប់​ស្ងាត់​ដែរ​ដោយ​សារ​អតិថិជន​ខ្លាច​រអា​តែ​បច្ចុប្បន្ន​អតិថិជន​ក្នុង​ស្រុក​ចេញ​ចូល​ផ្សារ​នេះ​ជា​រឿង​ធម្មតា ​ព្រោះ​ពួក​គេ​មាន​ប្រាក់​ត្រឹម​ ១ ដុល្លារ​ក៏​អាច​ចូល​ទៅ​ញុំា​កាហ្វេ​ក្នុង​នោះ​បាន​ដែរ​។

លោក​​បញ្ជាក់​ថា​៖ «​ផ្សារ​សម្រាប់​​អតិថិជន​លំដាប់​ខ្ពស់​បែប​នេះ​ អាច​នឹង​ជោគ​ជ័យ ព្រោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ប្រជាជន​ជិត​ ៣ ​លាន​នាក់ ​ដូច្នេះ​បើ​មាន​មនុស្ស​តែ​ ៣ ​ភាគរយ​ចាប់​អារម្មណ៍​ចូល​ផ្សារ​នេះ​ក៏​វា​អាច​ទទួល​បាន​ជោគ​ជ័យ​ដែរ​»៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Comments
Loading...