ប្លង់​គោល​របស់​រាជធានី​ភ្នំពេញ​ត្រូវ​បាន​ពង្រីក​វិសាលភាព​រហូត​ដល់​ឆ្នាំ​ ២០៣៥

15april15 a

ភ្នំពេញ: សេចក្តី​ព្រាង​ប្លង់គោល​សម្រាប់​រៀបចំ​ផែនការ​អភិវឌ្ឍន៍​រាជធានី​ភ្នំពេញ ត្រូវ​បាន​ពង្រីក​វិសាលភាព​រហូត​ដល់​ឆ្នាំ​ ២០៣៥ ខណៈ​សេចក្តី​ព្រាង​ប្លង់គោល​នេះ​នា​ពេល​ដំបូង​ គឺ​កំណត់​ត្រឹមតែ​ឆ្នាំ​ ២០២០​ ប៉ុណ្ណោះ។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​ប្រាប់ ប៉ុស្តិ៍ អចលនទ្រព្យ កាលពី​ថ្ងៃ​អង្គារ​ថា ប្លង់គោល​ត្រូវ​បាន​រៀបចំ​ផែនការ​ជា​លើកដំបូង គឺ​សម្រាប់​ចន្លោះ​ពី​ឆ្នាំ​ ២០០៥ ​ដល់​ឆ្នាំ​ ២០២០ ប៉ុន្តែ​ពេលនេះ​ក្រុម​មន្រ្តី​ជំនាញ​បាន​ធ្វើ​បច្ចុប្បន្ន​ភាព​ដោយ​ពង្រីក​វិសាលភាព​រហូត​ដល់​ឆ្នាំ​ ២០៣៥ ។ បច្ចុប្បន្ន​ ប្លង់​គោល​នេះ​មិន​ទាន់​ទទួល​បាន​ការអនុម័ត និង​ឆ្លង​កិច្ចប្រជុំ​គណៈរដ្ឋមន្រ្តី​នៅ​ឡើយ​ទេ តែ​រំពឹង​ថា ប្លង់គោល​នេះ​នឹង​ត្រូវ​ដាក់​ឆ្លង​ទៅ​គណៈរដ្ឋមន្រ្តី​នៅក្នុង​ឆ្នាំ​ ២០១៥ ​នេះ។

លោក​បាន​បន្ត​ថា បច្ចុប្បន្ន​នេះ​ក្រុម​មន្រ្តី​ជំនាញ​កំពុង​រៀបចំ​ប្រជុំ​អន្តរក្រសួង​ជា​មុន​សិន​ មុន​នឹង​បញ្ជូន​ទៅ​ទីស្តីការ​គណៈរដ្ឋមន្រ្តី ហើយ​ការអនុម័ត​នៅពេល​ណា​នោះ​លោក​មិន​អាច​បញ្ជាក់​បាន​ទេ។

លោក​មាន​ប្រសាសន៍​ថា៖ ​«ការរៀបចំ​ប្លង់​គោល​មិនមែន​ជា​ការត្រៀម​ពង្រីក​រាជធានី​ភ្នំពេញ​នោះ​ទេ តែ​ការរៀបចំ​ប្លង់គោល​នេះ គឺ​ដើម្បី​សិក្សា​ពី​កំណើន​ប្រជាសាស្រ្ត និង​កំណើន​សេដ្ឋកិច្ច​ថា​មាន​សភាព​យ៉ាង​ដូចម្តេច​ងាយស្រួល​ឲ្យ​​​យើង​រៀបចំ​ផែនការ​គ្រប់គ្រង​ទីក្រុង​ឲ្យ​បាន​ល្អ​ប្រសើរ​នា​ពេល​អនាគត​»។

លោក ឌីម៉ង់ បាន​ប្រាប់​​ទៀត​​ថា ពី​ដំបូង​ការរៀបចំ​ប្លង់គោល​ទីក្រុង​មាន​ការជួយ​ជ្រោមជ្រែង​ពី​ក្រុម​ការងារ​ជំនាញ​មកពី​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។ ចំណែក​ការ​ធ្វើ​បច្ចុប្បន្នភាព​ចាប់ពី​ឆ្នាំ​ ២០២០ ​ទៅ​ដល់​ឆ្នាំ​ ២០៣៥ រៀបចំ​ដោយ​ក្រុម​ការងារ​បច្ចេកទេស​របស់​ក្រសួង​រៀបចំ​​ដែនដី នគរូបនីយកម្ម និង​សំណង់ សហការ​ជាមួយ​ក្រុម​មន្រ្តី​ជំនាញ​របស់​សាលា​រាជធានី​ភ្នំពេញ​​។

លោក​បាន​បន្ត​ថា គោលដៅ​នៃ​ការរៀបចំ​ប្លង់មេ​នេះ គឺជា​ការរៀបចំ​ផែនការ​គ្រប់គ្រង​ទីក្រុង កំណត់​តំបន់​នីមួយៗ​ថា​ គួរ​រៀបចំ​បែប​ណា កំណត់​ទំហំ​ផ្លូវ​នៅ​តាម​តំបន់​នីមួយ​ៗ និង​ត្រូវ​ពង្រីក​យ៉ាង​ដូចម្តេច។ តែ​ទោះបី​ជា​យ៉ាងណា​​​ផែនការ​រៀបចំ​ទីក្រុង​លម្អិត​បែប​ណា នោះ លោក​មិន​អាច​បញ្ជាក់​ឲ្យ​ដឹង​នោះ​ទេ​ ដោយសារ​ប្លង់គោល​មិន​ទាន់​ទទួល​បាន​ការអនុម័ត​នៅ​ឡើយ​។

លោក ម៉េង ប៊ុណ្ណារិទ្ធ អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ថ្លែង​ថា ការរៀបចំ​ប្លង់គោល ពិតជា​បាន​ពង្រីក​វិសាលភាព​ពី​ឆ្នាំ​ ២០២០ ​ដល់​ឆ្នាំ​ ២០៣៥ ពិតប្រាកដ​មែន ដោយ​​បច្ចុប្បន្ន​នេះ​ក្រុម​ការងារ​កំពុង​រៀបចំ​បែបបទ និង​នីតិវិធី​ដាក់​ឆ្លង​គណៈរដ្ឋមន្រ្តី ព្រោះ​ក្រុម​មន្រ្តី​ជំនាញ​របស់​ក្រសួង​បាន​ធ្វើការ​ប្រជុំ​ផ្ទៃក្នុង​រួច​ហើយ។

លោក ប៊ុណ្ណារិទ្ធ បាន​ថ្លែង​ថា​៖ ​«​យើង​ព្យាករ​ពី​ផែនការ​ពង្រីក​ទីក្រុង​បន្ថែម​ទៀត នៅពេល​មាន​កំណើន​ប្រជាជន​កើនឡើង​ក្នុង​ទីក្រុង»។

ទោះបី​ជា​យ៉ាងណា​ លោក​មិន​បញ្ជាក់​ឲ្យ​ដឹង​ពី​ព័ត៌មាន​លម្អិត​នោះ​ទេ។

ប្លង់គោល​រាជធានី​ភ្នំពេញ​ស្ថិត​ក្រោម​សមត្ថកិច្ច​រៀបចំ​របស់​គណៈកម្មាធិការ​ថ្នាក់ជាតិ​រៀបចំ​ដែនដី នៃ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់។

លោក ប៉ែន សុផល រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​ទទួល​បន្ទុក​ផ្ទាល់​លើ​ការងារ​ប្លងគោល​នេះ បាន​បដិសេធ​មិន​អត្ថាធិប្បាយ ដោយ​លោក​បាន​ជំរុញ​ឲ្យ​មក​ដាក់​លិខិត​ផ្លូវការ​មក​ក្រសួង ហើយ​ពេល​ថ្នាក់ដឹកនាំ​ក្រសួង​អនុញ្ញាត​ឲ្យ​លោក​និយាយ​ទើប​លោក​អាច​បកស្រាយ​ជូន​បាន៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Comments
Loading...