ការទិញ​ដី​ទុក​លក់​នៅតែ​ជា​មុខរបរ​កាក់កប

15April15

ភ្នំពេញ: ការទិញ​ដី​​សម្រាប់​ទុក​លក់​ក្នុង​រាជធានី​ភ្នំពេញ​ នៅតែ​​​ជា​មុខជំនួញ​មួយ​ដែល​អាច​ផ្តល់​​ផលចំណេញ​​ច្រើន ខណៈ​ការធ្វើ​មុខជំនួញ​នេះ​កំពុងតែ​មាន​ភាពផុលផុស​។ នេះ​បើ​តាម​ការ​ប្រាប់​ឲ្យ​ដឹង​ពី​ក្រុម​អ្នកជំនាញ​​អចលនទ្រព្យ​កាលពី​ពេល​ថ្មីៗ​នេះ។

លោក ប៉ូ អ៊ាវគង់ ប្រធាន​គ្រប់គ្រង​ទូទៅ​ក្រុមហ៊ុន​ អេស៊ា រៀលអេស្ទេត​ បាន​និយាយ​​​ថា វិនិយោគិន​ដែល​ទិញ​ដី​ទុក​លក់​យក​ប្រាក់​ចំណេញ​ នា​ពេល​នេះ​នៅ​តែ​មាន​ឱកាស​ច្រើន​ទទួល​បាន​​ប្រាក់ចំណេញ ព្រោះ​ដី​នា​ពេល​បច្ចុប្បន្ន​នៅ​មាន​តម្លៃ​សមរម្យ​​នៅ​ឡើយ​។ លោក​បាន​បន្ត​ថា ដី​នៅក្នុង​ខណ្ឌ​​ចំការមន ទួលគោក ដូនពេញ​ និង​ខណ្ឌ​៧​មករា​នៅតែ​ជា​កន្លែង​ដែល​មាន​ទីផ្សារ​ល្អ។​ ដី​ក្នុង​ខណ្ឌ​ទាំង​ ៤ ​ខាងលើ បាន​កើនឡើង​ជា​មធ្យម​ចន្លោះ​ពី ១០ ​ទៅ​ ២០ ​ភាគរយ​ជា​រៀងរាល់​ឆ្នាំ​។

លោក​បាន​ថ្លែង​ថា​៖ «​ដើម្បី​ទទួល​បាន​ផលចំណេញ​វិនិយោគិន​ត្រូវតែ​សិក្សា​ឲ្យ​ច្បាស់លាស់​ថា តើ​តំបន់​ណា​មួយ​ដែល​មាន​សក្តានុពល​សម្រាប់​ការ​ធ្វើ​ជំនួញ​បែប​នេះ​?ពួកគេ​ត្រូវតែ​មាន​គម្រោង​ការ​ច្បាស់លាស់​សម្រាប់​ទិញ និង​លក់​ដើម្បី​កុំ​ឲ្យ​មាន​ខាតបង់​»​។

លោក​បន្ត​ថា​៖ « អ្នក​ធ្វើ​ជំនួញ​ក្នុង​មុខរបរប​នេះ​​មិន​គួរ​រង់ចាំ​រយៈពេល​​យូរ​ក្នុង​ការ​លក់​អចលនទ្រព្យ​របស់​ខ្លួន​នោះ​ទេ ដោយ​ពួកគេ​នឹង​លក់​ភ្លាម​នៅពេល​ពួកគេ​អាច​ទទួល​បាន​ប្រាក់ចំណេញ។ ការ​ដែល​ខ្ញុំ​និយាយ​បែប​នេះ​ ពីព្រោះ​ស្ថានភាព​នយោបាយ​ និង​សេដ្ឋកិច្ច​ពិភពលោក​អាច​នឹង​មាន​ការផ្លាស់ប្តូរ​​គ្រប់​ពេល​។ ឧទាហរណ៍ ម្ចាស់​អចលនទ្រព្យ​មួយ​ចំនួន​មិន​បាន​លក់​អចលនទ្រព្យ​របស់​ពួកគេ​ទេ​ដោយ​រង់ចាំ​តម្លៃ​ឲ្យ​មាន​ឡើង​ថ្លៃ​ដូច​កាលពី​ឆ្នាំ​ ២០០៨​ ប៉ុន្តែ​អ្វីៗ​អាច​នឹង​ប្រែប្រួល​ ជាក់ស្តែង​​​មហា​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​នៅ​ពាក់កណ្តាល​ឆ្នាំ​ ២០០៨។ អ្វី​ដែល​សំខាន់​គឺ​អ្នកវិនិយោគ​​​ត្រូវតែ​សិក្សា​ថា ពេល​ណា និង​កន្លែង​ណា​ដែល​ពួកគាត់​អាច​ទិញ​ដី​​​បាន​ ហើយ​ពេល​ណា​​​អាច​លក់​ដី​បាន​ចំណេញ»។

លោក ច្រឹក សុខនីម អគ្គនាយក​ក្រុមហ៊ុន Century 21 VTrust បាន​ប្រាប់​​ថា ការទិញ លក់​ដី​ គឺ​នៅ​មាន​ឱកាស​រក​ប្រាក់ចំណេញ​បាន​ទាំង​នៅក្នុង​ក្រុង​ និង​នៅ​ជាយក្រុង។ ដី​ក្នុង​រាជធានី​ភ្នំពេញ​នៅ​តម្លៃ​ទាប​នៅ​ឡើយ​បើ​ប្រៀបធៀប​ជាមួយ​នឹង​ប្រទេស​ជិត​ខាង​។​ ដូច្នេះ​ការទិញ​ដី​សម្រាប់​លក់​អាច​ជា​មុខជំនួញ​មួយ​ល្អ​នា​ពេល​បច្ចុប្បន្ន​។

លោក​បាន​អះអាង​ថា​​៖ «​ខ្ញុំ​ឃើញ​មាន​តំបន់​ចំនួន​ ២ ​ក្នុង​រាជធានី​​​ភ្នំពេញ​ដែល​មាន​​សក្តានុពល​។​ តំបន់​​អភិវឌ្ឍន៍​ក្រុង​រណប ​Camko City និង​តំបន់​អភិវឌ្ឍន៍​ក្រុង​រណប ING City គឺជា​តំបន់​កំពុង​មាន​​សក្តានុពល​ខ្លាំង​។ ការទិញ​ដី​នៅ​ទី​នោះ​​​ទុក​លក់​ អាច​ទទួល​ចំណេញ​ច្រើន​​»។

តែ​ទោះបី​យ៉ាងណា​លោក​លើក​ឡើង​​ថា​ ការទិញ​ដី​ទុក​លក់​ដោយ​គា្មន​ការអភិវឌ្ឍ​រយៈពេល​វែង វា​អាច​នឹង​ជះឥទ្ធិពល​ដល់​សេដ្ឋកិច្ច​ជាតិ​​ផង​ដែរ​ ប៉ុន្តែ​អ្វី​ដែល​សំខាន់​​នោះ​ គឺ តើ​ពេល​ណា​ជា​ឱកាស​​​ល្អ​ដែល​ត្រូវ​អភិវឌ្ឍ​ដី​ទាំងអស់​នោះ​? ការអភិវឌ្ឍ​ដែល​មិន​ត្រូវ​ពេលវេលា​នឹង​ធ្វើឲ្យ​ខាតបង់​ប្រាក់​។

លោក​បាន​បញ្ជាក់​​៖ ​«​យោងតាម​បទពិសោធ​របស់​ខ្ញុំ​ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​​ ខ្ញុំ​សង្កេត​ឃើញ​ថា អ្នកទិញ​ដី​ភាគច្រើន​បាន​ទិញ​ដី​សម្រាប់​ធ្វើការ​អភិវឌ្ឍ​ដូចជា​ សាងសង់​​បុរី និង​សំណង់​​លំនៅឋាន​។ ការទិញ​ដី​ដើម្បី​ធ្វើការ​​អភិវឌ្ឍ​ពិតជា​ជួយ​ធ្វើឲ្យ​មាន​កំណើន​ដល់​សេដ្ឋកិច្ច​ជាតិ​។​ ខណៈ​ការធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អាស៊ាន​នា​ចុង​ឆ្នាំ​ ២០១៥​ កាន់តែ​ជិត​ឈាន​មក​ដល់​នោះ​ នឹង​ធ្វើឲ្យ​តម្លៃ​ដី​កើនឡើង​បន្ថែម​ទៀត​ ដូច្នេះ​ការទិញ​ និង​លក់​អាច​នឹង​ទទួល​​ផល​ល្អ​ច្រើន​»។

អគ្គនាយក​ក្រុមហ៊ុន ស៊ីអិល រៀលធី លោក ស៊ា ឆៃលីន បាន​ប្រាប់​ថា ការទិញ​ដី​​ទុក​លក់​មិន​អាច​​និយាយ​ថា ​«​ជា​ការវិនិយោគ​រយៈពេល​វែង​ ឬ​ខ្លី​នោះ​ទេ»​ ព្រោះ​វា​ពឹងផ្អែក​លើ​សក្តានុពល​របស់​តំបន់ និង​តម្រូវការ​​សម្រាប់​ប្រើប្រាស់​។ សកម្មភាព​នៃ​ការទិញ​ដី​សម្រាប់​ទុក​លក់​បាន​កើតឡើង​​ច្រើន​​​ចាប់​តាំងពី​ចន្លោះ​ឆ្នាំ​ ២០០៦-២០០៨​ មក​ម្ល៉េះ ខណៈ​ពេល​នេះ​ជា​ពេល​សម្រាប់​ធ្វើការ​អភិវឌ្ឍ​គម្រោង​លំនៅឋាន និង​គម្រោង​ផ្សេងៗ។

លោក​បាន​ថ្លែង​​ថា៖ ​«កាលពី​ឆ្នាំ​មុន​មាន​សកម្មភាព​ទិញ​ដី​សម្រាប់​​អភិវឌ្ឍ​លំនៅឋាន និង​​បុរី​ជាច្រើន​​។ ពួកគេ​សុទ្ធតែ​មាន​គម្រោង​ជាក់លាក់​មុន​ពេល​​ទិញ​ដី​​ទាំងនោះ​»។

យោងតាម​ការសិក្សា​របស់​ក្រុមហ៊ុន​ ប៊ុណ្ណា​ រៀលធី គ្រុប ដែល​ទើប​បាន​បញ្ចប់​កាលពី​ពេល​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា គិត​​ត្រឹម​ត្រីមាស​ទី​ ៣​ ឆ្នាំ​ ២០១៤​ កន្លងមក តម្លៃ​ដី​នៅក្នុង​រាជធានី​ភ្នំពេញ ​បាន​កើនឡើង​​​ក្នុង​រង្វង់​ ២០ ​​ភាគរយ ​សម្រាប់​ដី​​តំបន់​ពាណិជ្ជកម្ម និង​ដី​លំនៅឋាន​កើនឡើង​ក្នុង​រង្វង់​​ ៣០ ​​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ កាលពី​ឆ្នាំ​​ ២០១៣ ។ ខណ្ឌ​នៅ​កណ្តាល​ក្រុង​ចំនួន​ ៤ គឺ​​ខណ្ឌ​ចំការមន ខណ្ឌ​ដូនពេញ​ ខណ្ឌ​៧​មករា និង​ខណ្ឌ​ទួលគោក តម្លៃ​ដី​បាន​ហក់​ឡើង​ខ្ពស់​ជាង​គេ។

លោក ហ៊ិន សុជាតិ ប្រធាន​ផ្នែក ប៊ុណ្ណា អចលនទ្រព្យ ​នៃ​ក្រុមហ៊ុន ​ប៊ុណ្ណា រៀលធី ​គ្រុប ​បាន​និយាយ​ថា តម្លៃដី​នៅ​រាជធានី​ភ្នំពេញ​បាន​ហក់​ឡើង​ខ្ពស់​កាលពី​​ត្រីមាស​ទី​ ៣ ឆ្នាំ​ ២០១៤​។ មូលហេតុ​សំខាន់​នៃ​កំណើន​តម្លៃ​ដីធ្លី​នេះ ដោយសារ​មាន​កត្តា​មួយ​ចំនួន​ដូចជា ទី ១​ អតិថិជន​មាន​ចំណេះដឹង​ប្រសើរ​ជាង​មុន​ពេល​មាន​វិបត្តិ​សេដ្ឋកិច្ច ដោយ​ការទិញ លក់​របស់​ពួកគេ​នៅពេល​នេះ​មាន​កម្មវត្ថុ​ច្បាស់លាស់​ ទី ២​ ស្ថិរភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​ប្រកប​ដោយ​ទំនុកចិត្ត ទី​ ៣​ ការហូរចូល​នៃ​អ្នកវិនិយោគ​មកពី​ក្រៅ​ប្រទេស​ និង​ ទី ៤ ​ការ​ដែល​កម្ពុជា​ត្រៀម​​ខ្លួន​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ជាមួយ​បណ្តា​ប្រទេស​​នានា​នៅក្នុង​តំបន់​អាស៊ាន​ នា​ចុង​ឆ្នាំ​ ២០១៥ ​៕

ប្រភព៖ ភ្នំពេញប៉ុស្តិ៍

Comments
Loading...